រដ្ឋមន្រ្ដីក្រសួងវប្បធម៌ ស្នើឱ្យមូលនិធិជប៉ុន ជួយផ្តល់អ្នកជំនាញថតជាឯកសារវីដេអូ​ពីសិល្បៈបុរាណខ្មែរ ក្នុងទម្រង់3D

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ — លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធាន អាជ្ញាធរជាតិអប្សរាបានស្នើដល់មូលនិធិជប៉ុន ផ្តល់អ្នកជំនាញដើម្បីថតជាឯកសារវីដេអូពី សិល្បៈបុរាណខ្មែរ ជាពិសេសរបាំព្រះរាជទ្រព្យ ក្នុងទម្រង់3D ដើម្បីទុកជាឯកសារសម្រាប់​បង្ហាត់បង្រៀនកូនចៅខ្មែរជំនាន់ក្រោយ។

ការលើកឡើងរបសលោកជំទាវរដ្ឋមន្រ្ដីនេះ ក្នុង​ឱកាស​ដឹកនាំគណៈប្រតិភូបំពេញការងារនៅទីក្រុងតូក្យូប្រទេសជប៉ុន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអនុញ្ញាតឱ្យលោក Hiroyasu Ando ប្រធានស្ថាប័នមូលនិធិជប៉ុន (JAPAN FOUNDATION) ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នេះបើយោងតាម​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។

លោកជំទាវ ភឿង សកុណា បានថ្លែងអំណរគុណដល់លោកប្រធាន Hiroyasu Ando ដែលបានគាំទ្រមជ្ឈមណ្ឌលអាស៊ីនៅកម្ពុជា ព្រមទាំងសំណូមពរឱ្យលោកបន្តការគាំទ្រនេះ​ចាប់ពី​ឆ្នាំ២០២១​ជាបន្តទៀត។ ជាមួយគ្នានេះ លោកជំទាវក៏សូមសំណូមពរឱ្យលោកប្រធាន​មូលនិធិជប៉ុនពិចារណាក្នុងការបង្កើតការិយាល័យមជ្ឈមណ្ឌលអាស៊ីនៅប្រទេសកម្ពុជា៕

ដោយ រិទ្ធី