អនុប្រធានទី២រដ្ឋសភាចាត់ទុកឆន្ទៈ និងការដឹកនាំនយោបាយដើរតួនាទីយ៉ាង​សំខាន់ ​​​ក្នុងការកសាងសន្តិភាព សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០​ — លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា បានលើកឡើងពីសារៈ​សំខាន់អំពីឆន្ទៈ និងការដឹកនាំផ្នែកនយោបាយ ដែលនាំមកនូវសន្តិភាពជាវិជ្ជមាន ហើយ​ដែលត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដោយផ្អែកលើនីតិរដ្ឋ និងការ​គោរព​តម្លៃសកលរួម ទាំងការគោរពសេចក្តីថ្លៃថ្នូរ និងប្រជាធិបតេយ្យរបស់មនុស្ស។ ការលើក ឡើងនេះក្នុងឱកាសនៃការថ្លែងសុន្ទរកថារបស់លោកជំទាវ ក្នុងការអញ្ជើញចូលរួមជាគណៈ​អធិប​តី និងជា​ភ្ញៀវពិសេស ក្នុងកិច្ចប្រជុំកំពូលសេអ៊ូល-២០២០ នៃសហព័ន្ធសន្តិភាពសកល នា​រសៀល​​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ នេះបើយោង​តាមរដ្ឋសភា។

លោកជំទាវអនុប្រធានទី២ បានជម្រាបជូនអំពីបទពិសោធន៍កម្ពុជា ដែលការដឹក​នាំ​នយោបាយដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិ ហើយ​ ​ក្នុងនាមកម្ពុជាផ្ទាល់ដែលជាប្រទេសក្រោយជម្លោះកម្ពុជាបានគ្រប់គ្រងរក្សាបាន​នូវនិរន្តន៍​ភាព​​ នៃសន្តិភាព និងស្ថិរភាព ក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបានលើកឡើងថា សម្រាប់​មនុស្សទាំងអស់​គ្នាគឺសន្តិភាពមិនអាចទិញនៅផ្សារបានទេ ប៉ុន្តែវាកើតឡើងតាមរយៈ​ការប្តេជ្ញាចិត្តដ៏មុតមាំ និង​ ភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ។  លោកជំទាវបានមានប្រសាសន៍ថា ជាលទ្ធផល ចាប់តាំងពី​ទទួលបានសន្តិភាពពេញលេញ និងការផ្សះផ្សាជាតិ នៅចុងឆ្នាំ១៩៩៨ កម្ពុជាបាន​ពុះពារ​ប្រឹងប្រែងរហូតទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដែលមានជាង៧ភាគរយ ប្រចាំឆ្នាំ ក្នុង​រយៈពេលពីរទសវត្សរ៍កន្លងមកនេះ តាមរយៈកំណែទម្រង់អភិបាលកិច្ចជាបន្តបន្ទាប់ និង​យុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយផ្តោតលើប្រជាជន។

លោកជំទាវអនុប្រធានទី២ក៏បានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍ក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរទ្រង់ទ្រាយធំ ពីការផ្លាស់ប្តូរអំណាចសកលលោកទៅ​ជាវិបត្តិ​អាកាសធាតុ និងផលប៉ះពាល់នៃបដិវត្តឧស្សាហកម្មទី៤។ លោកជំទាវបានគូសបញ្ជាក់ថា “យើងទាំងអស់គ្នាត្រូវធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាសកលដែលកំពុងកើតមានជា​សកល ដូចជា ជម្លោះរវាងរដ្ឋ និងរដ្ឋ អំពើហិង្សាជ្រុលនិយម ការប្រែប្រួលអាកាសធាតុ និងជំងឺ​រាតត្បាតជាដើម”។ ជាមួយគ្នានេះ ការប្រកួតប្រជែងអំណាចផ្ទួនៗរវាងប្រទេសមហាអំណាច និងការបែងចែកប្លុកនយោបាយតាមរយៈយុទ្ធសាស្ត្រជាសម្ព័ន្ធភាព ដើម្បីជាប្រយោជន៍នៃផល​ប្រយោជន៍ផ្ទាល់ខ្លួនជាជាងផលប្រយោជន៍រួម បានធ្វើឱ្យមានការបែកបាក់គ្នារវាងប្រជាជាតិ និងសង្គមនានានៅទូទាំងពិភពលោក ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺ មនុស្សរាប់លាននាក់​នៅទូទាំងពិភពលោកកំពុងរស់នៅក្នុងភាពភ័យខ្លាច ភាពក្រីក្រ ភាពអត់ឃ្លាន អំពើហឹង្សា និង​ស្ថិតក្រោមការគំរាមកំហែងផ្ទួនៗនៃការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត ដូចជាការ​ផ្ទុះ​ឡើងនៃជំងឺឆ្លង (Corona virus) នាពេលបច្ចុប្បន្ននេះ។

លោកជំទាវបានអះអាងថា ក្នុងនាមជាសមាជិកសភា ចាំបាច់ត្រូវរួមដៃគ្នាជាមួយរដ្ឋាភិ​បាល និងសង្គមស៊ីវិល បង្កើនកិច្ចប្រឹងប្រែងទ្វេដង ដើម្បីដោះស្រាយបញ្ហាអស់ទាំងនេះ។ លោកជំទាវ ឃួន សុដារី ក៏បានអំពាវនាវដល់សមាជិកសភាទាំងអស់ ឱ្យចូលរួមដោយផ្ទាល់​នៅ​ក្នុងស្ថាប័នអន្តរជាតិ តាមរយៈសមាគមសមាជិកសភាអន្តរជាតិ ដើម្បីសន្តិភាព(IAPP) នេះដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពកសាងសន្តិភាពអន្តរជាតិ។ លោកជំទាវ​បានគូសបញ្ជាក់បន្ថែមថា “យើងអាចជំរុញអង្គការសង្គមស៊ីវិលនានា និងប្រព័ន្ធផ្សព្វផ្សាយ​សង្គមឱ្យរឹងមាំ ដើម្បីលើកកម្ពស់សន្តិភាព ផ្តល់សច្ចាប័ន និងអនុវត្តកិច្ចព្រមព្រៀងត្រួត​ពិនិត្យ​អាវុធក្នុងតំបន់ និងទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធ និងការធ្វើទំនើបកម្មសព្វាវុធ”។

លោកជំទាវអនុប្រធានទី២បានជំរុញឱ្យសមាជិកសភាទាំងអស់បន្តខិតខំលើកកម្ពស់ និងគោរពនូវសណ្តាប់ធ្នាប់ពិភពលោកមួយដែលរឹងមាំ និងអាចព្យាករណ៍បាន ដោយផ្អែក​លើគោលការណ៍ ៦ រួមមាន ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក ផលប្រយោជន៍គ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែក និង​វិបុលភាពរួមគ្នា៕

ដោយ រិទ្ធី