មន្ទីរ​ធនធាន​ទឹក​រាជធានីភ្នំពេញ ស្ដារ​ប្រឡាយ​ទួលសំពៅ  ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​នៅតំបន់ខាងជើង​ព្រលានយន្តហោះ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ — ដើម្បីដោះស្រាយបញ្ហាការលិចលង់ដោយជំនន់ទឹកភ្លៀងនៅតំបន់ខាងជើងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសង្កាត់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ។ មន្ទីរធនធានទឹកបានស្ដារប្រឡាយទួលសំពៅចាប់ពីផ្លូវរថភ្លើងក្នុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដល់ស្ថានីយបូមទឹកទួលសំពៅ ក្នុងខណ្ឌព្រែកព្នៅ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹករាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ដោយមានការយកចិត្តទុកដាក់ក្នុងដោះស្រាយការលិចលង់ ដោយ ជំនន់ទឹកភ្លៀងនៅតំបន់ខាងជើងរាជធានីភ្នំពេញនោះ ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរធនធានទឹក កាយស្ដារយកភក់ចេញពី ប្រឡាយ ទួលសំពៅ បើមុខទឹកឱ្យហូរបានលឿនចុះទៅស្ថានីយបូមទឹកទួលសំពៅ ដើម្បីបូមចេញបន្ត ទម្លាក់ចូលបឹងតាមោករំដោះការលិចលង់។

លោកប្រធានមន្ទីរបានបន្តថា ប្រឡាយទួលសំពៅនេះមានប្រវែង ៦៩០០ម៉ែត្រ ទទឹងប្រវែង២០ម៉ែត្រ ដោយឆ្លងកាត់ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ ដោយអនុវត្តន៍ចាប់ពីផ្លូវរថភ្លើង ក្នុងខណ្ឌពោធិ៍សែនជ័យ រហូតដល់ស្ថានីយបូមទឹកទួលសំពៅ ដែលការកាយស្ដារប្រឡាយទួលសំពៅនេះ បានអនុវត្តន៍កាលពីដើមឆ្នាំ២០១៩ និងបញ្ចប់នៅ ចុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

លោកបានបញ្ជាក់ថា ប្រឡាយទួលសំពៅនេះ មានតួនាទីសំខាន់ក្នុងការរំដោះ ទឹកពីតំបន់ខាងជើង និងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រមទាំងតំបន់មួយចំនួនក្នុង ខណ្ឌពោធិ៍សែនជ័យ និងតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ រួមទាំងតំបន់មួយចំនួនក្នុងខណ្ឌ ព្រែកព្នៅ ទម្លាក់ទៅស្ថានីយបូមទឹកទួលសំពៅ៕

ដោយ សួស សំរិត