សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងជួបនាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីចិន ក្នុងដំណើរទស្សនកិច្ចការងារទៅកាន់ទីក្រុងប៉េកាំង

AKP ភ្នំពេញ ​ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ស​ម្ដេច​នឹង​ជួបនាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីចិន ក្នុងដំណើរទស្សនកិច្ចការងារទៅកាន់​ទី​ក្រុ​​ង​ប៉េកាំង​នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅយប់​ថ្ងៃ​ដ​ដែល។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេ​ជោ​សរ​សេរថា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិផងដែ​រ អំពីការធ្វើដំណើរ​របស់ខ្ញុំទៅកាន់ទី​ក្រុងប៉េកាំងនៅរសៀលថ្ងៃទី​០៥​ ខែកុម្ភៈ​នេះ គឺជាដំណើររទស្សនកិច្ចការងារដែលខ្ញុំ គ្រោងនឹងជួប​ឯកឧត្តមនាយករដ្ឋមន្រ្តីចិន​ លី​ ខឺឈាង នៅម៉ោង​ ៥:១៥នាទីល្ងាចនេះ​ និងបន្ទាប់មកជួបជាមួយ​ឯកឧត្តម​ប្រធានាធិបតីចិន​ ស៊ី​ ជិនពីង​ នៅ​ម៉ោង​៦​:០០ល្ងាចនេះ​ មុននឹងវិលត្រឡប់ទៅប្រទេស​ក​ម្ពុ​ជា​នៅយប់នេះ។ សូមជូនពរបងប្អូនជនរួមជាតិ សុខសប្បាយទាំងអស់គ្នាគ្រប់ទីកន្លែង។

ដោយឡែកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃដដែលនេះដែរ សម្ដេចតេ​ជោ​​សរ​សេរថា តាមគម្រោងនៅថ្ងៃទី០៥ ខែកុម្ភៈនេះ ខ្ញុំគ្រោងនឹងចាកចេញ​ពី​ប្រទេសកូរ៉េខាង​ត្បូង​ឆ្ពោះ​ទៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ដើម្បីទៅ​សួរសុខទុក្ខកូន​ក្មួ​យ​និស្សិតខ្មែរ ២៣នា​ក់​ដែលកំពុងសិក្សានៅទីនោះ។ ប៉ុន្តែមកទល់ម៉ោង១១:០០យប់មិញ ទើ​ប​​ក្រសួងការបរទេ​ស​ចិន​​ឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់ខ្ញុំ​ទៅកាន់ទី​ក្រុ​ង​​វូហានបានទេ ព្រោះ​ទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឱ្យមានចរាចរណ៍ឆ្លង​កាត់ នៅ​ក្នុ​ងតំបន់នេះ​នៅ​​ឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឱ្យចេញ​ក្រៅពីទី​កន្លែ​ង​រស់នៅ​បាន​ដែ​រ។

សម្ដេចតេជោបានបន្តថា ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភរ​ប​ស់​ខ្ញុំ​ចំ​ពោះ​ពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន នៅព្រឹកមិញនេះ ខាងរដ្ឋាភិបា​ល​​​ចិន​បា​នអនុញ្ញាតឱ្យខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសម​ជា​មួ​យ​ភា​គី​មិត្តចិន និងបានឈ្វេងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិន​ចំពោះបងប្អូន​និង​កូ​ន​ក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជា​នៅ​​ទូ​ទាំ​ង​ប្រទេសចិន។ ដូច្នេះនៅរសៀលនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពី​ប្រ​​ទេ​សកូ​រ៉េ​​ខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេស​កម្ពុ​ជា​វិញ​។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំ និងចង់ឱ្យ​ខ្ញុំ​មានសុ​ខ​ភា​ពល្អ។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសិស្សនិស្សិតដែលកំពុងរស់​នៅ​​​ក្នុងទីក្រុង​វូ​​​ហា​​ន និងនៅក្នុងប្រទេសចិនទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អ និង​ចៀ​ស​ផុតពីជំងឺ​ទាំ​ង​​ឡា​យ។

គួរបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុក គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបា​ល​កម្ពុជា ក្រោងនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ នារាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០៕

ដោយ ជឹ​ម ណារី