សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — ក្នុង​ខ​ណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ​ចូលរួមក្នុងកិច្ចប្រជុំកំពូលពិភព​លោក ឆ្នាំ​២០២០ នៃអង្គ​កា​រ​​ស​ហ​ព័​ន្ធ​ស​ន្តិ​ភាពសកល ស្ដីពី​ស​ន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅ​ទីក្រុង​សេអ៊ូល សាធារណរដ្ឋកូរ៉េនោះ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០  ​សម្ដេចអគ្គ​ម​ហា​សេនា​​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះ​រា​ជា​ណា​​ចក្រកម្ពុជា បានទទួលជួបពិ​ភា​ក្សា​​ការងារ ជាមួយ ឯកឧត្ដម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បច្ចុប្ប​ន្ន​ជា​ប្រធានវិទ្យាស្ថានកំណើនបៃតង។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា ក្នុងជំនួបនេះ  ឯកឧត្តម បាន គីមូន  បានមានប្រសាសន៍ថា ឯកឧត្ដមពិតជារីករាយដែល​បា​ន​ជួ​​បសម្ដេច​តេ​ជោ​​​សារជាថ្មីម្ដងទៀត។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ​គាត់តែងតែ​គោ​រ​ព​កា​រ​ដឹកនាំរបស់សម្ដេចតេជោ​ចាប់តាំងពីគាត់ធ្វើជារដ្ឋមន្ត្រីការបរទេសរបស់កូរ៉េ ​រហូតដល់​គា​ត់​ធ្វើ​ជា​អគ្គលេខាធិកា​រអង្គការសហប្រជាជាតិ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែង​នូវក្ដី​រី​ក​​រា​យ​ ដែលបាន​ជួបជា​មួ​យឯក​ឧត្តម បាន គីមូន ដែលជាមិត្តភក្កិចាស់ ហើយសម្ដេចបាន​បញ្ជា​ក់ថា​ស​ម្ដេ​ច​បានជួបឯកឧត្តម តាំងពី​មុនឯកឧត្តមបាន​ក្លាយជាអគ្គលេខាធិការអង្គការសហប្រជា​ជា​តិ​​មក​ម្ល៉េះ។ សម្ដេចតេជោបាន​ចង​ចាំថា កាលពីទៅ​ទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយឯកឧត្តមក៏បានរៀបចំទៅ​ទស្សន​កិច្ចនៅអង្គរអង្គរឃ្យុងយូ ក្នុងខេត្តសៀមរាប បន្ទាប់មក​ឯក​ឧត្ដ​មបានក្លាយជាអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ ​សម្ដេចតេជោនាយករដ្ឋមន្ត្រី​មាន​ប្រ​​សា​សន៍បន្តទៀតថា នៅពេល​វេលានោះ គឺកម្ពុជា​អាចចាប់ផ្ដើមបញ្ជូនកម្លាំងរក្សាសន្តិភាព​អង្គការសហប្រជាជាតិជាតិ ក្រោយ​បន្ទាប់​មកទៀតក៏មានដំណើរការនៃការកាត់ទោស​មេដឹក​នាំ​​​ខ្មែរក្រហម។ ដែលពេល​នោះក្នុងតួនាទីឯកឧត្តម​ជាអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ក៏បានធ្វើការផ្លាស់ប្ដូរ​មតិ​យោបល់គ្នាជាច្រើនការងារពាក់ព័ន្ធទៅនឹងការងាររវាងកម្ពុជាទៅអង្គកា​រ​សហប្រជាជាតិ​ផងដែរ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាមិន​ត្រឹម​តែ​ដំ​ណើ​រ​ការនៃការកាត់​ទោសមេដឹកនាំខ្មែរក្រហមទេ ​កម្ពុជាក៏បានរ៉ាប់រងការចំណាយ​ចំពោះផ្នែ​កនៅកម្ពុជាផងដែរ ហើយកម្ពុជាក៏បានបញ្ជូនទ័ពរបស់ខ្លួនទៅរក្សាសន្តិភាព ក្រោមឆ័ត្រ​អង្គ​កា​​រ​​​សហប្រជាជាតិ​ផងដែរ។ ​ចំពោះការបញ្ជូនកងទ័ពមួកខៀវនេះគឺបានបញ្ជូនជាប្រចាំ ដូចជាដូច​ជា​ការបញ្ជូន​ទៅប្រទេសដែលមិនទាំងមានកងទ័ពជានារីផងដែរ។

​ឯកឧត្តម បាន គីមូន ក៏​បា​ន​អរ​​គុណ​សម្ដេចតេជោនាយករដ្ឋមន្ត្រី ​ពិសេសការដឹក​​នាំ​របស់សម្ដេចតេជោ ដែលប្រទេសកម្ពុជា​បា​នបញ្ជូនកងរ​ក្សា​សន្តិភាពជាស្ត្រីចូលរួមក្នុងការរក្សា​សន្តិភាពរបស់អង្គការសហប្រជាជាតិ។ ឯកឧត្ដមបានបន្តថា ក្នុងពេលដែលឯកឧត្តមនៅធ្វើ​ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ​ធ្លាប់​តែងតាំងស្ត្រីនាយទាហានជាស្ត្រី បានបញ្ជូនទៅ​ប្រទេសសៃប្រឹស និងប្រទេស​ផ្សេង​ៗ​ទៀ​ត​ផងដែរ។ ​មិនតែប៉ុណ្ណោះ ឯកឧត្តមក៏បានតែងតាំង​ស្ត្រីនៃក្របខ័ណ្ឌកងរក្សាសន្តិភាព​របស់​អ​ង្គ​​​ការ​​សហប្រជាជាតិផងដែរ។ ឯកឧត្តមក៏បាន​គូស​បញ្ជាក់ដែរថា ឯកឧត្តមក៏ដូចជា រដ្ឋាភិ​បា​លកូរ៉េ ​មានការរីករាយដែលឃើញ​ភាពរីកចម្រើន ក៏ដូចជាការនៃកិច្ចសហ​ប្រតិបត្តិការ​រវាង​កម្ពុ​ជានិងកូរ៉េ។ ឯកឧត្តមក៏ចង់ស្នើឱ្យប្រទេសកម្ពុជា​ចូលរួមចំណែក ​ក្នុងការគាំទ្រ​ឧបទ្វីបកូ​រ៉េ​ស​ន្តិ​ភាព។ ឯកឧត្តមក៏បានបន្ដទៀតថា​ដោយសារ​កម្ពុជា គឺជាសមាជិកមួយ​នៃអា​ស៊ា​ន ដែលអាចបន្តដើរតួនាទីយ៉ាងសំខាន់ក្នុង​​ការងារនៅ​ឧបទ្វីបកូរ៉េនេះ ហើយដោយសារនៅឆ្នាំ ២០​២០ ខា​​ង​មុខនេះ​ នឹងមានកិច្ចប្រជុំកំពូល​អាស៊ី អឺរ៉ុប​នៅទីក្រុងភ្នំពេញ។ ​ដូច្នេះកម្ពុជានឹងជួយ​ជំរុ​ញ​ការ​ងារ​សន្តិភាពនៅឧបទ្វីបកូរ៉េផងដែរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ទៀតថា​ ឯកឧត្តម​ពិ​ត​ជា​ចង់ឃើញកម្ពុជា បន្តជំរុញការគាំទ្រដល់​ការងារបម្រែបម្រួលអាកាសធាតុ​ការប្រើប្រាស់​ថាម​ពលដោយចីរភាព ជាពិសេសក្នុងការ​ប្រើ​ថាមពលដែលមានលក្ខណៈបៃតង។ ក្នុង​ន័យ​នេះ​​ឯកឧត្តមបានបញ្ជាក់ថា កម្ពុជានិងបណ្ដា​ប្រទេសអាស៊ានអាចធ្វើការងារជាច្រើនផងដែរ។

​សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណឯកឧត្តម បាន គីមូន ដែល​បាន​លើក​ឡើ​ងនូវទស្សនៈ​មួយចំនួន ជាពិសេសការងារបម្រែបម្រួលអាកាសធាតុ។ សម្ដេច​បានលើកឡើងថា ការងារបម្រែបម្រួលអាកាសធាតុនេះជារឿងសំខាន់ ដែលប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះឃើញ​ថា​ក​ម្រិត​នៃទឹកនៅទន្លេមេគង្គហាក់បីដូចជាទាប​ ដូច្នេះហើយយើងត្រូវតែ​ខិតខំពង្រឹងនូវកិច្ចស​ហ​​​ប្រ​តិ​បត្តិការ​នៅក្របខ័​ណ្ឌទន្លេមេគង្គផងដែរ។ ពាក់ព័ន្ធទៅនឹង​កិច្ចប្រជុំ​នាពេលខាងមុខ ដែ​ល​​កូរ៉េនឹងត្រូវរៀបចំ ក្នុងនាមឯកឧត្តមដែលជាប្រធានវិទ្យាស្ថាន​នៃ​កំណើន​​បៃតងនោះ សម្ដេ​ច​តេ​ជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា សម្ដេ​ចអ​ញ្ជើ​ញ​ចូល​រួម​ការ​អ​ញ្ជើញរបស់​ឯក​ឧ​​ត្ត​ម បាន គីមូន នៅក្នុងខែមិថុនា ខាងមុខ។ សម្ដេចតេជោ​ក៏បាន​បញ្ជាក់អំពីកិច្ចស​ហប្រតិបត្តិ​ការ​ទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ពាក់ព័ន្ធការនាំចេញ ជាពិសេស​ពាក់ព័ន្ធទៅ​នឹងការនាំចេញ​ផលិ​តផលកសិកម្មពីកម្ពុជាមកទីផ្សារកូរ៉េដូ។ សម្ដេចតេជោក៏​បាន​ស្នើឯកឧត្តម បាន គីមូន​ ឱ្យ​ចាត់​មន្ត្រីជំនាញពីវិទ្យាស្ថានកំណើនបៃតង ដើម្បីទៅជួយដល់​ប្រទេស​កម្ពុជា ជាពិសេសធ្វើ​យ៉ា​ង​ណាឱ្យប្រទេសកម្ពុជាឆាប់ទទួលបាននូវសេដ្ឋកិច្ច​បៃតង​នេះ៕

ដោយ ជឹម ណារី