រដ្ឋមន្រ្ដីក្រសួងបរិស្ថាន៖ កម្ពុជា​បានលក់ឥណទានកាបូន ដោយ​ទទួលបានថវិកាសរុប​ប្រមាណ ១១,៦ លានដុល្លារអាម៉េរិក

AKP កោះកុង​ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា អាស្រ័យដោយ​ការកិច្ច​​ខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជា​បាន​លក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែនជម្រកសត្វព្រៃសត្វ​ព្រៃ​តាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីក្នុ​ងក្របខ័​ណ្ឌ​ទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១,៦ លានដុល្លារអាម៉េរិក។ ការលើក​ឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ ក្នុងពេលគណៈប្រតិភូក្រសួងបរិស្ថាន រួមជា​មួយ​លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បាន​ជួបសំណេះ​សំណាលសាកសួរសុខទុក្ខ និងថ្លែងអំណរ គុណដល់មន្ត្រីឧទ្យានុរក្សនៅលើកំពូលភ្នំ​ម្រេច​កង្កែប តំបន់អារ៉ែង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០។ នេះបើយោងតាមក្រសួងបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ថវិកាដែលបានមកពីការលក់​ឥណទានកាបូនដែលជាការលក់តួនាទី​ព្រៃ​ឈើក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនេះ ត្រូវបាន​និង​កំពុងប្រើប្រាស់សម្រាប់ទ្រទ្រង់ដល់ការ​ការពារ​និងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់​ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយតបទៅ​គោលការ​ណ៍​ហិរញ្ញប្បទាននិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា រហូតមកដល់ពេលនេះ មានតែ​ប្រទេសកម្ពុជា និង​ប្រទេស​​ឥណ្ឌូណេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែល​បានលក់ឥណទានកាបូន​ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ​ចំពោះភាគីពាក់ព័ន្ធ​នានា​រួមនឹងប្រជាសហគមន៍ដែលបានចូល រួមការពារនិងអភិរក្សធនធាន​ធម្មជាតិ ហើយកិច្ចខិត​ខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិកន្លងមក​បានល្អប្រសើរ ដែល​អនុញ្ញាតឱ្យកម្ពុជាអាចលក់ឥណទានកាបូន និងប្រើប្រាស់ដើម្បី ការងារ​អភិរក្សធន​ធានធម្ម​ជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា “នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាខិតខំ​ធ្វើយ៉ាងណាប្រឹងការពារឱ្យមានប្រសិទ្ធភាពចំពោះតំបន់ការពារធម្មជាតិដែលយើងមាន ដើម្បី​ឈានទៅលក់ឥណទានកាបូន។ ពេលនេះ យើងអាចធ្វើបានហើយ និងកំពុងបោះមួយ​ជំហាន​ទៀតក្នុងការធ្វើការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត និងមានលទ្ធភាពគិតគូរបន្ថែមលើការលើកស្ទួយជីវភាព​ប្រជាពល​រដ្ឋ​​មូលដ្ឋានរួមទាំងក្រុមគ្រួសារមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍។”

ឯកឧត្ដមបានបន្ដថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណ យ៉ាងជ្រាល​ជ្រៅបំផុតជូនចំពោះបងប្អូនមន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត តស៊ូពុះពាររាល់ការលំបាកទាំងឡាយដើម្បីការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយ​ប្រសិទ្ធភាព​។ ឯកឧត្ដមបានបន្ថែមថា កម្ពុជាទទួលបានថវិកាពីការលក់ឥណទាន​កាបូនដែល​​បានមកពីព្រៃឈើ ដើម្បីពង្រឹងការងារអភិរក្ស ក៏ដូចជាជួយអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន បង្កើត​ការងារ និងបង្កើនចំណូលជូនប្រជា សហគមន៍មូលដ្ឋានតាមរយៈការអភិវឌ្ឍវិស័យ​ទេស​ចរណ៍ធម្មជាតិ។

ជាមួយគ្នានេះដែរ តំបន់ទេសចរណ៍ធម្មជាតិភ្នំម្រេចកង្កែបនៃតំបន់អារ៉ែង ពោរពេញ​ដោយសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ដោយសារតែមានទេសភាពដ៏ល្អត្រកាល គ្រប​ដណ្តប់​ដោយសមុទ្រឈើជាទីមនោរម្យ មានចម្រាក់ភ្នំដ៏គួរឱ្យទាក់ទាញ រុក្ខជាតិ និងជីវចម្រុះ​​​ដ៏សម្បូរបែប និងជាទីកន្លែងគួរឱ្យចង់ស្នាក់នៅកម្សាន្ត។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវចម្រុះដ៏សម្បូរបែប ក្នុងនោះ ព្រៃឈើគ្របដណ្តប់ប្រមាណ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិត​នៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។ គិតរហូតមក​ឆ្នាំ២០១៩ កន្លងមកនេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួន​ប្រមាណ ១៦៨ សហគមន៍។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុង​ការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និង​រួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឯកឧត្ដមបានឱ្យដឹងទៀតថា ទេស​ចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាស​​សម្រាប់​អភិវឌ្ឍន៍សកម្មភាពសេដ្ឋកិច្ចនានា និងចូលរួមជួយគាំទ្រដល់ការងារអភិរក្សផងដែរ៕

ដោយ រិទ្ធី