លោកជំទាវ ម៉ែន សំអន៖ ពន្លឺនៃសន្តិភាពបានផ្ដល់នូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ ​និងអាណាចក្រ

AKP សៀមរាប ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីឆ្លងសាលាបុណ្យ នៅត្រពាំងមហានគរ ក្នុងភូមិខ្នាច ឃុំពពែល ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើការសាកសួរ សុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ ប្រជាពលរដ្ឋទាំងអស់ក្នុងមនោសញ្ចេតនា នឹករលឹក និងការគិតគូរខ្ពស់ពីជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ។

លោកជំទាវ ក៏បានបន្តទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ បច្ចុប្បន្ន វិស័យព្រះពុទ្ធ សាសនា ក៏មានការរីកចម្រើន ដែលត្រូវបានរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និង លើកតម្កើងកាន់តែខ្លាំងក្លាឡើងថែមទៀតទុក សម្រាប់ឱ្យប្រជាពលរដ្ឋកម្ពុជាគោរពប្រណិបត្តិ ស្របទៅតាមទំនាមទំលាប់ប្រពៃណីរបស់ជាតិទៅថ្ងៃអនាគត។

លោកជំទាវបានបន្ថែមទៀតថា ដោយឡែកនៅតំបន់នេះក៏បានប្រែក្លាយ ពីតំបន់ដែលមានសង្គ្រាម មកជាតំបន់ដែលមានសក្តានុពលលើផ្នែកកសិកម្ម និងបានជួយឱ្យជីវភាពប្រជាពលរដ្ឋខេត្តសៀមរាប កើនឡើងថែមមួយកម្រិតទៀត។

លោកជំទាវបានចាត់ទុកថា សមិទ្ធផលដែលយើងបានធ្វើបុណ្យឆ្លងនាពេល នេះ គឺដោយសារតែប្រទេសជាតិមាន សុខមាន សន្តិភាពក្រោមការអនុ វត្តន៍នូវនយោបាយ ឈ្នះ ឈ្នះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕

ដោយ សួស សំរិត