លោក ឯក ឆេងហួត អញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយច្បាប់ និងនីតិវិធីកសាងសំណុំរឿង ដល់មន្ត្រីនគរបាលយុត្តិធម៌ នៅខេត្តកែប

AKP កែប ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំ សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយច្បាប់ និងនីតិវិធីកសាងសំណុំរឿង ដល់មន្ត្រីនគរបាលយុត្តិ ធម៌ ក្រោមអធិបតីភាព លោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពត និងមានការចូលរួមពីលោកព្រះរាជអាជ្ញារង លោកស្នងការរងទទួលផែន ព្រមទាំងមន្ត្រីនគរបាលយុត្តិធម៌ នៃអង្គភាពនគរបាលខេត្ត និងអង្គភាពកងរាជអាវុធហត្ថ ខេត្តកែប។

លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអយ្យការអមសាលា​ដំបូងខេត្តកំពតបានបញ្ជាក់ថា ដើម្បីឱ្យមន្ត្រីនគរបាលយុត្តិធម៌កាន់តែយល់ដឹងស្តីពីច្បាប់ នៃក្រមព្រហ្មទណ្ឌ និងនីតិវិធី កសាងសំណុំរឿង គប្បីមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ត្រូវតែសិក្សាឈ្វេងយល់ឱ្យបានទូលំ ទូលាយ និងមានបទពិសោធន៍សម្រាប់ជា មូលដ្ឋានគ្រឹះក្នុងការអនុវត្តទៅតាមនីតិវិធី។

លោកបានបន្តថា មន្ត្រីនគរបាលយុត្តិធម៌ត្រូវប្រើវិធីសាស្ត្រទាំងឡាយណា ដែលមាន ភាពច្បាស់លាស់ ដោយផ្អែកលើភស្តុតាង ដើម្បីដោះស្រាយជូនបុគ្គល ទាំងឡាយដែលកំពុង រងការចោទប្រកាន់។

លោកព្រះរាជអាជ្ញាបានបន្ថែមថា កន្លងមកយើងពិនិត្យឃើញថា កងកម្លាំងក្នុង អង្គភាពនគរបាលក្តី អង្គភាពកងរាជអាវុធហត្ថក្តី គឺផ្នែកនគរបាលយុត្តិធម៌ ហាក់មានលក្ខណៈ មួយនៅមានកម្រិត បើប្រៀបធៀបទៅនឹងនគរបាលយុត្តិធម៌នៅឯរាជធានីភ្នំពេញ គឺគេបាន អនុវត្តន៍ច្បាប់បានគ្រប់ជ្រុងជ្រោយជាងយើង ដូចជាបច្ចេកទេសនៃការ កសាងសំណុំរឿង យើងក៏មានតិចតួចនៅឡើយ ដោយឡែកបើនៅរាជធានីភ្នំពេញ គឺមានច្រើនជាងយើង ដូចនេះកិច្ចការងាររបស់គេទាំងអស់ត្រូវបានកែសម្រួលបន្តិចម្តងៗ ហើយបានរលូនជាបន្ត បន្ទាប់។ ចំពោះនគរបាលយុត្តិធម៌នៅតាមខេត្តរបស់យើងមានករណីតិចតួច យូរៗទើបមាន ករណីម្តង ហើយក៏ពុំទាន់មាននីតិវិធីសាស្ត្រច្បាស់ លាស់ណាមួយទៅតាមលក្ខណៈច្បាប់ ដែលយើងចង់បាននៅឡើយ។

លោកព្រះរាជអាជ្ញាបានបញ្ជាក់ថា ដើម្បីឱ្យមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ អនុវត្តន៍ ប្រកបដោយប្រសិទ្ធភាព លោកសូមលើកយកនូវបទលើស ជាក់ស្តែង(មាត្រា៨៨) ជាប្រធាន បទ ព្រោះនីតិវិធីក្នុងការកសាងសំណុំរឿងនេះវា មានទម្រង់ខុសគ្នានឹងបទល្មើស មិនជាក់ ស្តែង។ ចំពោះបទល្មើសជាក់ស្តែង គឺពាក់ព័ន្ធនឹង នីតិវិធីឃាត់ខ្លួននិងនីតិវិធីឆែកឆេរ ហើយក្នុងនោះសមត្ថកិច្ចត្រូវអនុវត្តន៍ ដោយការទទួល ខុសត្រូវ ដូចជាការទទួលខុសត្រូវរាល់ សំណុំរឿងរបស់ជនជាប់ចោទ អំពីទោស ព្រមទាំងនីតិវិធីស៊ើបអង្កេត ដោយផ្តោតទៅ លើនីតិវិធីដែលយើងចង់បាន ពិសេសការវិភាគអង្គហេតុដើម្បី ឈានទៅការ កសាងសំណុំរឿង។

ជាមួយនេះ លោកព្រះរាជអាជ្ញា ក៏បានជំរុញដល់មន្ត្រីនគរបាលយុត្តិធម៌ ទាំងអង្គភាព នគរបាល ទាំងអង្គភាពកងរាជអាវុធហត្ថ ត្រូវខិតខំរៀនសូត្របន្តរក បទពិសោធន៍បន្ថែមទៀត ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់នូវនីតិវិធីព្រហ្មទណ្ឌ សម្រាប់ជាគ្រឹះមួយដ៏រឹងមាំ ដើម្បីរួមគ្នា អនុវត្តន៍ច្បាប់ប្រកបដោយតម្លាភាព៕

ដោយ ប្រាក់ លាង