អាកាសចរណ៍ស៊ីវិលស្នើឱ្យក្រុមហ៊ុន SCA រៀបចំសេចក្ដីព្រាងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន OCIC លើគម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យក្រុមហ៊ុន SCA រៀបចំសេចក្ដីព្រាង កិច្ចព្រមព្រៀង ឬ អនុស្សរណៈយោគយល់គ្នាពិសេសមួយ ស្ដីពីកិច្ចសហប្រតិបត្ដិការ រវាង OCIC និង SCA ស្ដីពីគម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ដើម្បីពិនិត្យឱ្យបានត្រឹម​ត្រូវមុន​នឹងក្រុមហ៊ុនធ្វើការសាងសង់។ ការលើកឡើងរបស់ឯកឧត្ដម​រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋ​លេខា​​ធិការដ្ឋានអាកាសចរណ៍ស៊ីវិលនេះក្នុងការ ដឹកនាំប្រជុំសម្របសម្រួលពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ស្ថិតក្នុងខេត្ដកណ្ដាល រវាងក្រុមហ៊ុន Vinci Airports តំណាងដោយលោក Emmanuel MENANTEAU ក្រុមហ៊ុនសម្បទាន អាកាស​យាន​ដ្ឋាន SCA តំណាងដោយលោក Alain BRUN និងក្រុមហ៊ុន OCIC តំណាងដោយ ឯកឧត្ដម វ៉ាន់ ឆាលហ៍ជួន នៅព្រឹកថ្ងៃអង្គារ៍ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើយោងតាមរដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍​ស៊ីវិល។

​ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានណែនាំដល់ ក្រុមហ៊ុនត្រូវរៀបចំកិច្ចព្រមព្រៀង​ស្ដីពី​គម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មីផ្ញើមករដ្ឋលេខាធិ​ការដ្ឋាន ​អាកាសចរណ៍ស៊ីវិល ឱ្យបានមុនថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ ទន្ទឹមនេះ ក្នុងករណីចាំបាច់ ពាក់​ព័ន្ធនឹងការបច្ចេកទេសភាគីទាំងពីរត្រូវផ្ដល់ជំនាញការពិភាក្សាជា លក្ខណៈទ្វេភាគី​ក្រោម​ការសម្របសម្រួលពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ឯកឧត្ដមបានបញ្ជាក់ជូនអង្គ​ប្រជុំដោយផ្អែកតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី នៃព្រះ​រាជា​​ណា​ចក្រកម្ពុជា ក្នុងការអនុញ្ញាត្ដជូនដល់ ឯកឧត្ដមបណ្ឌិត ជាអ្នកសម្របសម្រួលដឹកនាំ​ប្រជុំលើកិច្ចសហការរវាងក្រុមហ៊ុន OCIC និងក្រុមហ៊ុន SCA ជាពិសេស ការចូលរួមជាប្លង់​រចនាបថនៃការសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី។ ជាមួយគ្នានេះ ដើម្បីមានមូល​ដ្ឋានជាក់លាក់ ក្នុងការរាយការណ៍ជូន សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ឯកឧត្ដម បណ្ឌិត រដ្ឋមន្ដ្រី បានស្នើសុំឱ្យភាគីនីមួយៗបញ្ជាក់អំពីជំហររៀងៗខ្លួនឱ្យបានច្បាស់លាស់អំពីកិច្ចសហប្រតិបត្ដិ ការនេះ។

ជាការឆ្លើយតបភាគីក្រុមហ៊ុនទាំងពីរបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន Vinci Airports និង​ក្រុមហ៊ុន SCA មានសេចក្ដីរីករាយក្នុងកិច្ចសហការឈរលើមិត្ដភាព ជាមួយនឹងក្រុមហ៊ុន OCIC ក្នុងគម្រោងរៀបចំប្លង់រចនាបទ ការផ្ដល់ប្រភពហិរញ្ញប្បទាន ការសាង សង់រចនា​សម្ព័ន្ធសំណង់ និងធ្វើអាជីវកម្ម ជាពិសេសបើអាច យើងពិភាក្សាគ្នាអំពីការបង្កើតក្រុម ហ៊ុន​រួមគ្នា រវាង OCIC និងSCA ដូចដែលក្រុមហ៊ុន SCA ធ្លាប់មានបទពិសោធន៍ជាមួយ ក្រុមហ៊ុន Mohiba ក្នុងការអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញបច្ចុប្បន្ន។ ដោយឡែក​ក្រុមហ៊ុន OCIC បានបញ្ជាក់ថា ខ្លួនក៏មានការរីករាយក្នុងការសហការជាមួយក្រុមហ៊ុន SCA ដែរ។ ប៉ុន្ដែបានស្នើសុំឱ្យភាគីក្រុមហ៊ុន SCA ជួយរៀបចំកិច្ចព្រមព្រៀង ឬអនុស្សរណៈ យោគ​យល់គ្នាពិសេសមួយក្នុងលក្ខខណ្ឌកិច្ចសហប្រតិបត្ដិការដែលអាចទទួលយកបានក្នុងគម្រោង ​អភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី៕

ដោយ ឡុង ស៊ីវ៉ាន់