សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីប្រកាសតែងតាំងគណៈកិត្តិយស អនុសាខា និងការទទួលស្គាស់សមាសភាពគណៈកម្មាធិការ អនុសាខាទាំង១២ក្រុង-ស្រុក

AKP សៀមរាប ថ្ងៃទី​​​០៤ ខែកុម្ភៈ ឆ្នាំ២០២០ — នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសណ្ឋាគារសោម៉ាទេវីអង្គរខេត្តសៀមរាប សាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាប បានរៀបចំពិធីប្រកាសតែងតាំងគណៈកិត្តិយសអនុសាខា និងការទទួល ស្គាស់សមាសភាពគណៈកម្មាធិការ អនុសាខាទាំង១២ក្រុង-ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការនិមន្ត អញ្ជើញចូលរួមពី សំណាក់ព្រះអនុគណក្រុង ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ មន្ត្រីប្រចាំការអនុសាខា សរុបជាង ២០០អង្គ/នាក់។

ឯកឧត្តម សៀង ណាំ បានលើកឡើងថា ជាការពិតណាស់ដែលថា កាកបាទក្រហម កម្ពុជា គឺជាសមាគមជាតិបំពេញការងារ មនុស្សធម៌ដែលជាប្រចាំត្រូវបើកចំហ និងទូលាយ ទទួលនូវការឧបត្ថម្ភជាស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ជួយជនរងគ្រោះ ក្នុងនោះ ថវិកាក៏ជាកត្តាសំខាន់ដើម្បីបំពេញ ការងារមនុស្សធម៌បានគ្រប់ជ្រុងជ្រោយ និងទាន់ ពេលវេលា សម្រាប់សេចក្តីត្រូវការចាំបាច់ របស់គ្រួសាររងគ្រោះមហន្តរាយគ្រប់ប្រភេទ។

ឯកឧត្តមក៏សូមឱ្យគណៈកិត្តិយស និងគណៈកម្មាធិការ អនុសាខា កាកបាទក្រហម កម្ពុជា ក្រុង-ស្រុកទាំង១២ ត្រូវបន្តយកចិត្តទុកដាក់សហការគ្នា ពិភាក្សារកវិធីសាស្ត្រ ផ្សេងៗថ្មីៗ ដើម្បីស្វែងរកសប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុងភូមិ សាស្រ្តរបស់ខ្លួន ក្នុងនោះពីបណ្ដា ព្រឹត្តិការណ៍ ឬបុណ្យទាន និងពីសំណាក់វត្តអារាមនានា សំខាន់ ព្រះសង្ឃគ្រប់វត្តអារាម គឺមានលទ្ធភាពប្រទានទេយ្យទានសម្រាប់ជនរងគ្រោះតាមរយៈអនុសាខាផងដែរ។

ទន្ទឹមគ្នានេះដែរ នៅពេលផ្ដល់អំណោយដល់គ្រួសាររងគ្រោះ គប្បីអញ្ជើញ សប្បុរសជន និងនិមន្តព្រះសង្ឃចូលរួមក្នុងការងារនេះ ដើម្បីលើកទឹកចិត្តដល់សប្បុរជន ក៏ដូចជាពង្រីកបាននូវសន្ដានចិត្តគាំទ្របន្ថែមទៀតដល់អនុសាខាដែលបានធ្វើ។

នាឱកាសនោះដែរ ឯឧត្តម ទៀ សីហា  ក៏បានធ្វើការណែនាំមួយចំនួនដល់ គណៈកិត្តិយស និងប្រធានអនុសាខាទាំង១២ក្រុង ស្រុង ដើមី្បទទួលបាននូវបទពិសោធន៍ ធ្វើជាមូលដ្ឋានគ្រឹះ ក្នុងការកៀរគរប្រមូលមូលនិធិថវិការពីសប្បុរសជនជិតឆ្ងាយ សំខាន់នៅ ក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងនោះដែរ ឯកឧត្តមក៏បានធ្វើការកោតសរសើរគ្រប់ អនុសាខាក្រុង ស្រុក ដែលបានខិតខំក្នុងការដោះស្រាយនៅក្នុងមូលដ្ឋានខ្លួន ក្នុងការជួយ ដល់ជនរង គ្រោះទៅតាមលទ្ធភាពដែលមានរបស់ខ្លួន។

ឯកឧត្តម ទៀ សីហា ក៏បានប្រគល់ជូននូវភារកិច្ចមួយចំនួនជូនដល់ គណៈកិត្តិយស គណៈកម្មាធិការអនុសាខាទាំង១២ក្រុង ស្រុក ក្នុងគោលដៅលើការពង្រឹង ពង្រីកសមា ជិកភាពរបស់ខ្លួននៅតាមមូលដ្ឋាន ក្នុងការទ្រទ្រង់វិស័យមនុស្សធម៌ ដោយបានដាក់ចេញ នូវវិធានការមួយចំនួន ដល់គ្រប់អនុសាខាទាំងអស់ ត្រូវធ្វើការយកចិត្តទុកដាក់ទៅលើបញ្ហា គ្រោះមហន្តរាយ ដែលធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព អនាម័យ និងបរិស្ថាននៅជុំ វិញខ្លួនយើងទាំងអស់គ្នា ជាពិសេសសុខភាពស្រ្តីនិងកុមារ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដែលជាជនងាយទទួលរងគ្រោះបំផុត។

ឯកឧត្តមបញ្ជាក់ថា ទាំងនេះគឺជាភារកិច្ចសំខាន់ៗដែលអនុសាខា ត្រូវយក ចិត្តទុកដាក់អនុវត្តន៍ ដើម្បីឈានទៅអនុវត្តន៍ពាក្យស្លោកថា “កាកបាទក្រហមកម្ពុជា មានគ្រប់ ទីកន្លែងសម្រាប់គ្រប់ៗគ្នា” ឬ “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបាវចនាសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលលើកឡើងថា ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែ ល្អជាងមុន ធ្វើឱ្យបានកាន់តែស៊ីជម្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន៕

ដោយ ហង្ស សៀក