ប្រទេសចិនចោទអាមេរិកថា កំពុងសាបព្រោះការភ័យខ្លាចពីការឆ្លងជំងឺផ្លូវដង្ហើម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អឹមអេសអិន ញីវ ​ (០៤.០២.២០)

ចិន៖ មន្ត្រីនាំពាក្យរបស់ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃន្ទនេះថា  សហរដ្ឋអាមេរិក មិនបានជួយក្នុងការរំាងខ្ទប់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមវីរុសកូរ៉ូណា ទេ  ផ្ទុយទៅវិញ  អាមេរិកកំពុងតែសាបព្រោះឲ្យមានការកាន់តែភ័យខ្លាច  តាមរយៈការដាក់ចេញនូវបំរាមក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្លួន ។​

មន្ត្រីនាំពាក្យរបស់ក្រសួងការបរទេសចិន បាននិយាយថា “សហរដ្ឋអាមេរិកមិនបានជួយឲ្យបានដុំកំភួន ក្នុងការទប់ស្កាត់ជំងឺនេះទេ ។  អាមេរិកគឺជាប្រទេសទីមួយ ដែលជន្លៀសបុគ្គលិកចេញពីទីក្រុងវ៉ូហាន  ជាប្រទេសទីមួយ ដែលបានដកបុគ្គលិកស្ថានទូតរបស់ខ្លួន ​និងជាប្រទេសទីមួយដែលបានដាក់ចេញនូវបំរាមមិនឲ្យពលរដ្ឋខ្លួនធ្វើដំណើរចូលប្រទេសចិន ។ មន្ត្រីនាំពាក្យរបស់ក្រសួងការបរទេសចិន បានបញ្ជាក់ថា  “អ្វី ៗ  ដែលអាមេរិកបានធ្វើ គឺកំពុងសាបព្រោះនូវការភ័យខ្លាច” ។

កាលពីសប្តាហ៍កន្លងមកនេះ  ក្រសួងការបរទេសអាមេរិក បានចេញការព្រមានពីការធ្វើដំណើរ ដោយហាមពលរដ្ឋរបស់ខ្លួនមិនឲ្យទៅកាន់ប្រទេសចិន ដោយបារម្ភពីវីរុសកូរ៉ូណា ។  អាជ្ញាធរក្នុងខេត្តហ៊ូបេ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា  មនុស្សចំនួន 425 នាក់ហើយបានស្លាប់​ បន្ទាប់ពីមានករណីឆ្លងជំងឺនេះ កើតឡើងថ្មីចំនួន ៦៤ ករណីទៀត ។