អាជ្ញាធរខេត្តក្រចេះ នឹងចាត់វិធានការចំពោះអ្នកលក់និងផ្តល់ឱសថក្លែងក្លាយក្នុងវិស័យសុខាភិបាល

AKP ក្រចេះ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ –ក្នុងកិច្ចប្រជុំគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយនិងសេវាខុសច្បាប់ក្នុងវិស័យសុខាភិបាលខេត្តក្រចេះ កាលពីរសៀលថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ប៉ែន លីណាត អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការត្រួតពិនិត្យឱសថខេត្ត បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងផ្សព្វផ្សាយ និងអប់រំទៅដល់អ្នកផ្តល់សេវាក្នុងវិស័យសុខាភិបាល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាព ពីការទទួលការផ្តល់សេវាសុខាភិបាលខុសច្បាប់ និងការប្រើប្រាស់ឱសថក្លែងក្លាយ ជាពិសេសត្រូវពង្រឹងការតាមដានត្រួតពិនិត្យចំពោះអ្នកផ្តល់សេវាដែលខុសច្បាប់ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ។ 

លោក ប៉ែន លីណាត បានបញ្ជាក់ថា អ្នកផ្តល់ឱសថក្លែងក្លាយភាគច្រើន គឺមាននៅតាមតូបលក់ឥវាន់តូចៗ ពេទ្យធ្មេញ និងឱសថស្ថានមួយចំនួន ដែលកន្លងមកមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល បានចុះធ្វើការត្រួតពិនិត្យដល់ទីតាំងផ្ទាល់ និងបានធ្វើកិច្ចសន្យាជាមួយអ្នកបើកទីតាំងផ្តល់សេវាខុសច្បាប់ទាំងនោះ ឱ្យបញ្ឈប់ការផ្តល់សេវាខុសច្បាប់ និងការប្រើប្រាស់ឱសថក្លែងក្លាយជាបន្ទាន់ ។

លោក អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការត្រួតពិនិត្យឱសថខេត្ត បានធ្វើការណែនាំដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តន៍ និងពង្រឹងវិស័យសុខាភិបាល ឱ្យកាន់តែរឹងមាំថែមទៀត។ ជាពិសេសការពង្រឹងគុណភាព ការថែទាំសុខភាព សមត្ថភាពធ្វើរោគវិនិច្ឆ័យព្យាបាល និងថែទាំអ្នកជំងឺឱ្យបានល្អឆ្លើយតបទៅនឹងសេចក្ដីរំពឹងទុករបស់អ្នកជំងឺ និងអតិថិជន ទាំងសេវាសាធារណៈរបស់រដ្ឋ និងឯកជន បន្តពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល បង្កើនសមត្ថភាពគ្លីនិក ពង្រឹងយន្តការនីតិកម្ម ត្រួតពិនិត្យតាមដានគុណភាពជាប្រចាំ និងពង្រាយបុគ្គលិកជំនាញស្របតាមនិយាមបច្ចេកទេស ដែលទាំងអស់នេះជាសក្ដានុពលដល់ការលើកកម្ពស់គុណភាព នៃការផ្ដល់សេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ ៕

ដោយ ជួន សុជាតិ