អគារសិក្សាម១ខ្នង ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រែកព្រលូង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

AKP ក្រចេះ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០– អគារសិក្សា១ខ្នងមាន៤បន្ទប់ ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្ដម ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ នៅក្នុងពិធីសម្ពោធអគារសិក្សានោះ ក៏មានការអញ្ជើញចូលរួមពីលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសប្បុរសជន អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

លោក ហង់ ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វ បានឱ្យដឹងថា សាលាបឋមសិក្សាព្រែកព្រលូង បានកសាងឡើងនៅអំឡុងឆ្នាំ១៩៨០ ដើម្បីឱ្យសិស្សានុសិស្ស តូចៗជំនាន់នោះបានសិក្សារៀនសូត្រនៅក្បែរផ្ទះ ដោយការយករោងបាយសេសសល់ពីរបប ប៉ុល ពត មកធ្វើជាសាលារៀន ដែលមានសភាពចាស់ទ្រុឌទ្រោម រហូតដល់ឆ្នាំ២០១៩គណៈកម្មការ អាចារ្យ និងព្រះគ្រូចៅអធិការវត្ត រួមជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ បានស្នើសុំអាជ្ញាធរខេត្ត ស្រុកនិងសប្បុរសជនជិតឆ្ងាយបានចូលរួមជាថវិកា ដើម្បីសាងសង់នូអគារសិក្សាធ្វើពីថ្ម១ខ្នងមាន ៤បន្ទប់ ដែលចំណាយថវិកាអស់ចំនួន ២០៥.៦៦៧.២០០រៀល និងបា្រក់ដុល្លា ១៧.២៥០ដុល្លារអាម៉េរិក ដោយបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេល នេះ ។

ថ្លែងនៅក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង មាន៤បន្ទប់នៅស្រុកពែកប្រសព្វនោះ ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង បានមានប្រសាសន៍ថា សាលារៀនគឺជាមូលដ្ឋានគ្រឹះតែមួយគត់នៃការអភិវឌ្ឍសង្គមជាតិ ។ ឯកឧត្ដមបញ្ជាក់ថា គ្មានអ្នកណាម្នាក់អាចរីកចម្រើនទៅបាន ដោយគ្មានការរៀនសូត្រនោះទេ ដូច្នេះចំណេះដឹងគឺសម្រាប់ធ្វើការអភិវឌ្ឍដល់ខ្លួនឯង ក្រុមគ្រួសារនិងសង្គម ជាតិផងដែរ ។ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការពន្យល់ផងដែរថា តាមរយៈការអប់រំ ឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស មិនត្រូវពឹងផ្អែកទៅលើសាលារៀននិង លោកគ្រូ អ្នកគ្រូ តែមួយចំណុចនោះទេ តែត្រូវមានកាតព្វកិច្ចសំខាន់ និងចាំបាច់ក្នុងការជួយ និងផ្ដល់ឱកាសដល់កូនចៅរបស់ខ្លួន ឱ្យបានទៅសិក្សារៀនសូត្រគ្រប់ៗគ្នា យ៉ាងតិចបំផុតត្រឹមថ្នាក់ទី៩ ៕

ដោយជួន សុជាតិ