គម្រោងសិក្សាស្វែងរុករករ៉ែលោហៈបានឆ្លងកិច្ចប្រជុំអន្តរក្រសួង

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ –នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន នៅរសៀលថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) សម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈ។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា គម្រោងសិក្សាស្វែងរុករករ៉ែលោហៈ លើផ្ទៃដីទំហំ ១៣៦,១៨១គីឡូម៉ែត្រក្រឡា (ស្មើនឹង ១៣.៦១៨ហិកតា) ស្ថិតនៅតំបន់អន្លង់ជ្រៃ ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង របស់ក្រុមហ៊ុន NITTETSU MINING (CAMBODIA) Ltd. (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍ ដោយក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co., Ltd.។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួម​ពីតំណាងអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង អង្គការ DPA នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រុមហ៊ុន NITTETSU MINING (CAMBODIA) Ltd. និងក្រុមហ៊ុនទីប្រឹក្សា​ ចំនួន​ ៣០នាក់។

ក្រោយពីមានការពិនិត្យយ៉ាងលម្អិតកិច្ចប្រជុំ​ បានសម្រេចលទ្ធផល​ដូចខាងក្រោម៖​

១-​ អង្គប្រជុំគាំទ្រគម្រោងសិក្សាស្វែងរុករករ៉ែលោហៈនេះ។ ២-​ ក្រុមហ៊ុន​ត្រូវធ្វើការសិក្សាឱ្យបានលម្អិតទាក់ទង់ការសិក្សាត្រួតលើដែនជម្រកសត្វព្រៃ «ព្រៃឡង់» សហគមន៍តំបន់ការពារធម្មជាតិ «គិរីសុខសាន្ត» សហគមន៍តំបន់ការពារធម្មជាតិ «អន្លង់ជ្រៃ» និងរបៀងអភិរក្សជីវៈចម្រុះឦសាន ព្រមទាំងធ្វើការសិក្សាពីលទ្ធភាព ដើម្បីកាត់ចេញតំបន់ការពារទាំងនោះ។ ៣-​ ក្រុមហ៊ុន​ត្រូវសិក្សាការប៉ះពាល់ជាមួយប្រជាពលរដ្ឋឱ្យបានលម្អិតដែលកើតមាន ឡើងពីសកម្មភាពគម្រោង ព្រមទាំងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន មុននឹងអនុវត្តន៍គម្រោង។ ៤- ​ស្នើសុំឱ្យមានការប្រជុំលម្អិត​ជាមួយអគ្គនាយកដ្ឋានការពារ និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា ដែលអាចពាក់ព័ន្ធ នឹងការប៉ះពាល់ទៅលើតំបន់អភិរក្ស និងគម្រោងលក់ការបូន (REED+) ដែលកំពុងសិក្សានៅតំបន់នោះ។ ៥-​ ក្រុមហ៊ុន​ត្រូវធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់ប្រជាពលរដ្ឋ អាជ្ញាធរមូនដ្ឋាន និងក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវមុននឹងអនុវត្តន៍គម្រោង។ ៦-​ ក្រុមហ៊ុន​ត្រូវធ្វើការគ្រប់គ្រងសំណល់រឹង-រាវ ជាពិសេសសំណល់ប្រេង ដែលកើតឡើងដោយសារសកម្មភាពគម្រោងឱ្យបានត្រឹមត្រូវចៀសវាងបង្កឱ្យមានការប៉ះពាល់ដល់សុខភាពសាធារណៈ ប្រភពទឹក និងជីវៈចម្រុះ ទាំងលើគោក និងក្នុងទឹក។ ៧-​ ក្រុមហ៊ុន​ ត្រូវធ្វើការស្តារបរិស្ថានឡើងវិញឱ្យបានត្រឹមត្រូវ ដែលប៉ះពាល់ដោយសារសកម្មភាពគម្រោង ។ ៨-​ ក្រុមហ៊ុន​ត្រូវរង់ចាំរហូតដល់មានការសម្រេចពីក្រសួងបរិស្ថានជាមុនសិន មុននឹងធ្វើការសិក្សាស្វែងរុករករ៉ែលោហៈ ។ ៩-​ ម្ចាស់គម្រោង​ ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីបញ្ចូលនូវអនុសាសន៍ដែលអង្គប្រជុំបានលើកឡើង​នូវចំណុចវិជ្ជមានទៅក្នុងរបាយការណ៍ IESIA ឱ្យបានត្រឹមត្រូវ ៕

ដោយ ពេជ្រ ណារិទ្ធ