សម្តេចតេជោ ហ៊ុន សែន៖ វត្តមានខ្ញុំនៅក្រៅប្រទេសម្តងៗ មានអ្នកស្វាគមន៍ ច្រើនជាងក្រុមប្រឆាំងធ្វើបាតុកម្ម

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ពេលសម្តេចទៅទីណាក៏ដោយ ជាពិសេសនោះនៅក្រៅប្រទេសម្តងៗ គឺ​មានអ្នកស្វាគមន៍ច្រើនជាងក្រុមប្រឆាំងធ្វើបាតុកម្ម។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រពលរដ្ឋ និងពលករ សិស្ស និស្សិត នៅ​សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែនបានគូស​បញ្ជាក់ថា “ម្សិលមិញថ្ងៃឈប់ ខ្ញុំស្មានតែមានបាតុកម្ម ឬមនុស្សច្រើនជន់លិចទី ក្រុងសេអ៊ូល ទៅហើយ។ តែមិញនេះ ខ្ញុំបើកមើលហ្វេសប៊ុកគេបញ្ជូនមកមានអ្នកស្រែកមួយ ហើយមាន​អ្នកស្រែកពីក្រោយ ដោយស្រែកយ៉ាងតិកៗ តែប៉ុន្មាននាក់ ហើយមកធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន នោះមិនអាចទៅរួចទេ។” សម្តេចតេជោបានបន្តថា ស្ថានភាពដូចជាមានភាពខុសគ្នា ឆ្ងាយ ទោះបីគេបើកឱ្យធ្វើតែមានចំនួនតិចយ៉ាងនឹងធ្វើអ្វីកើត ជាក់ស្តែងកាលពីម្សិលមិញ​ថ្ងៃឈប់គួរមានមនុស្សច្រើន។ សម្តេចបានបន្ថែមថា “ខ្ញុំទៅញូយ៉ក ទឹកដីអាម៉េរិក ក៏នៅតែមាន​អ្នកស្វាគមន៍ ហ៊ុន សែន ច្រើនជាង ទៅបារាំងក៏មានអ្នកស្វាគមន៍ ហ៊ុន សែន ច្រើនជាង  ទៅ​បែលហ្ស៊ិក​ក៏មានអ្នកស្វាគមន៍ ហ៊ុន សែនច្រើនជាង។ តែលើកលែងទីក្រុងហ្ស៊ឺណែវទេ ពួក​បាតុ​ករធ្វើបាតុកម្មអត់មានទាល់តែសោះ មិនដឹងឆុងអ្វីទេ។”

សម្តេចតេជោក៏បានលើកឡើងថា កាលទៅទីក្រុងហ្ស៊ឺណែវលើកក្រោយ ទាល់តែ ហ៊ុន សែន ចេញបាត់ទើបមានបាតុកម្មកើតឡើង តែបាតុកម្មនេះមិនមានលទ្ធផលអ្វីទេ។ សម្តេច​តេជោបានបន្ថែមថា សម្រាប់កម្មករ សិស្ស និស្សិត និងប្រជាពលរដ្ឋដែលមានប្តី ប្រពន្ធជា​ជនជាតិកូរ៉េ មកដល់ពេលនេះមានបញ្ហានោះគឺសឹងនិយាយដន្លងនឹងគ្នាទៅហើយ។

សម្តេចតេជោបានថ្លែងបន្ថែមថា “កម្ពុជា និងកូរ៉េ បច្ចុប្បន្ននេះសឹងជាដន្លងនឹងគ្នា ទៅ​ហើយ ដោយទាំងស្ត្រី និងបុរសមានមានប្រមាណជាង៨ពាន់នាក់ ដែលមានគ្រួសារជាកូរ៉េ បើអីញ្ចឹង កូនឡើងជាង១ម៉ឺននាក់ហើយ”។ ជាមួយគ្នានោះដែរ សម្តេចតេជោបានឱ្យដឹងដែរថា  សម្តេចក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកូរ៉េ ដោះស្រាយបញ្ហាកូនៗ ចៅដែលជាកូន​កាត់​ដែលគេចេះទាំងភាសារខ្មែរផង និងកូរ៉េផង ហើយបើនិយាយពីការទំនាក់ទំនងកម្ពុជា-កូរ៉េ បានធ្វើការភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៩៦ មកម្លេះ។

បើតាមការបញ្ជាក់របស់ ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ សាធារណរដ្ឋកូរ៉េបានឱ្យដឹងថា បច្ចុប្បន្ននេះ មានប្រជាជនជាង៦៥,០០០នាក់ កំពុងរស់នៅ​​ប្រទេសកូរ៉េ៕

ដោយ ប៊ុនរិទ្ធ