រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃស្នើឱ្យអង្គការមិនមែនរដ្ឋាភិបាលប្រាប់ព័ត៌មានពិត​កុំលាក់បាំង​ដើម្បីងាយស្រួលធ្វើការដោះស្រាយ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ — សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានស្នើឱ្យបណ្តាអង្គការសង្គមស៊ីវិលក្នុង​ស្រុក​ទាំងអស់បង្ហាញព័ត៌មានពិតជុំវិញបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារ ក៏ដូចជាបញ្ហា​ដែលបណ្តាអង្គការទាំងនោះរកឃើញដើម្បីងាយស្រួលឱ្យខាងរាជរដ្ឋាភិបាលងាយស្រួលក្នុងការដោះស្រាយ។ ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គម​ស៊ីវិល លើកទី៤ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្នុងករណីនេះ​ដែលបញ្ហា​ទាំង​នោះមិនត្រូវបានបង្ហាញឱ្យច្បាស់ណាស់នោះទេ មន្រ្តីរាជរដ្ឋាភិបាលពិបាកក្នុងការដោះ​ស្រាយ​ដោយមិនដឹងថាត្រូវដោះស្រាយយ៉ាងណានោះទេ។ សម្តេចក្រឡាហោមបញ្ជាក់ថា ករណីខ្លះ​មានការបំផ្ទុះនូវការលើកឡើងថាមានការកើតឡើងបញ្ហាច្រើនករណីដែលអាជ្ញាធរធ្វើការគាបសង្កត់គំរាមកំហែងជាដើមនោះ។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចក្រឡាហោមចង់ឱ្យមានការ​ផ្តល់​ព័ត៌មានជាក់លាក់ ហើយក្នុងករណីដែលអនុវត្តន៍ផ្ទុយពីនេះគឺ​មានន័យថាអ្នកទាំងនោះ​បំផ្លោងព័ត៌មានពីព្រោះថាពួកគេមិនបានបញ្ជូននូវបញ្ហាប្រឈមដែលពួកគេលើកឡើងដើម្បីឱ្យខាងមន្រ្តីរាជរដ្ឋាភិបាលបានដឹងនិងធ្វើការដោះស្រាយ។ សម្តេចក្រឡាហោម នាយករដ្ឋ​មន្រ្ដី​ស្ដីទីបានបន្តថា មន្រ្តីរាជរដ្ឋាភិបាលមានរបៀបរបបធ្វើការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ​តាមវេទិកាសាធារណៈដោយធ្វើការបូកសរុបនូវបញ្ហាប្រឈមនានានៅតាមមូលដ្ឋានដើម្បីធ្វើការដោះស្រាយ។

សម្តេចក្រឡាហោមក៏បានណែនាំឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាលយ៉ាងយូរ០៦ខែ ម្តងត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអំពីបញ្ហាប្រឈមនៅមូលដ្ឋាន។ សម្តេចក្រឡហោមបានបន្ថែមថា បញ្ហាអ្វីខ្លះដែលបានដោះស្រាយនៅក្នុងរយៈពេល០៦ខែ ហើយបញ្ហាអ្វីខ្លះដែលបានកើតមាន​ក្នុងរយៈពេល០៦ខែដើម្បីធ្វើការដោះស្រាយបន្តទៀត៕

ដោយ ចាន់ សុធីវង្ស