សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤២ អាណត្តិទី V របស់គណបក្សប្រជាជនកម្ពុជា បានបញ្ចប់ដោយជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ — បន្ទាប់ពីដំណើរការរយៈពេលពីរថ្ងៃមក សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ ​អា​ណ​ត្តិ​ទីV របស់គណបក្សប្រជាជនកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ បាន​បញ្ចប់ការងាររបស់ខ្លួនប្រកបដោយជោគជ័យ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោ​ម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ស​ម្តេ​ច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស។

យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើ​ក​ទី​ ៤២ អាណត្តិទី V របស់គណបក្សប្រជាជនកម្ពុជាបានបង្ហាញថា ១. អង្គសន្និបាត បានពិភា​ក្សា​ និងអនុម័តជាឯកច្ឆ័ន្ទនូវរបាយការណ៍ស្តីពី “សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ ២​០​១៩ និងទិសដៅការកិច្ច ឆ្នាំ ២០២០”។ ព្រមជាមួយនេះ អង្គសន្និបាត បានពិភាក្សា និង​ក្តា​ប់​​ជាប់នូវតួនាទី ភារកិច្ច វបៀបរបបការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងអំពី​កំ​ណែ​ទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ២.អង្គសន្និបាត កត់សម្គាល់ប្រកបដោយមោទនភាព​ចំ​ពោះការវិវត្តដ៏ល្អប្រសើរនៃសភាពការណ៍ទូទៅរបស់ជាតិ ដែលកំពុងបន្តឈាន​ទៅមុខយ៉ាង​រឹ​ង​​មាំ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។ ក្នុងស្មារតីនេះ អង្គសន្និបាត សូ​ម​សម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះជនរួមជាតិនៅគ្រប់ទិសទី​ទាំងនៅក្នុងប្រ​ទេ​ស​ ទាំងនៅក្រៅប្រទេស ដែលបានយល់ច្បាស់ពីតម្លៃយ៉ាងធំធេងបំផុតនៃសុខសន្តិភាព ប្ដេជ្ញា​ថែ​រក្សាសន្តិភាពហើយបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការរាំងស្កាត់ និងធ្វើ​ឱ្យបរាជ័យនូវឧបាយកលដ៏គ្រោះថ្នាក់របស់ពួកប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជ​   រ​ដ្ឋា​ភិបា​លស្របច្បាប់ និងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា។ ព្រមជាមួយនេះ អង្គសន្និបាត បា​ន​ពិនិត្យពិចារណាយ៉ាងល្អិតល្អន់ អំពីបញ្ហាប្រឈម និងហានិភ័យនានា ចំពោះប្រទេសជាតិ​ដែ​ល​​ត្រូវ​បន្តពុះ​ពារជម្នះ និងដោះស្រាយ ទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ក្នុងការថែរក្សា​សន្តិ​ភាពស្ថិរភាពនយោបាយ និងសន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកស្ទួយ ជីវភាព​រ​ស់​​នៅរបស់ប្រជាជន  ការពារឯករាជ្យ អធិបតេយ្យជាតិ ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ និ​ង​​ក្នុងការកសាងពង្រឹងគណបក្សនៅគ្រប់ថ្នាក់ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំឱ្យឆ្លើយតប​ទៅ​នឹងសំណូមពរនៃភារកិច្ចដែលកាន់តែមានទំហំធំឡើង។ ៣.អង្គសន្និបាត សម្តែងនូវការ​គោរ​ព​​ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​​តំ​ណែ​ងទូទាំងប្រទេស​ដែលបានផ្តល់ការជឿទុកចិត្ត លើការដឹកនាំរបស់គណបក្ស​ប្រជា​ជន​កម្ពុ​ជា ដោយបានចេញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី ៣ កាលពី​ថ្ងៃ​ទី​ ២៦ ខែឧសភា ឆ្នាំ ២០១៩ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា កាន់តែមានលទ្ធភាព​ក្នុង​ការ​បន្ត​ដឹក​នាំនៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​ចតុកោណ​ដំ​​ណាក់​កាលទី ៤ របស់រាជរដ្ឋាភិបាល ក្នុងនោះមានការជំរុញកំណែ​ទម្រង់​វិមជ្ឈការ និងវិស​ហ​​មជ្ឈការ សំដៅធានាការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ការលើកកម្ពស់​ការ​ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានស្របតាម​បំណង​ប្រាថ្នារប​ស់​​ប្រជា​ជន។ ៤. អង្គសន្និបាត បានពិនិត្យ និងវាយតម្លៃថា ចលនានៃកំណែ​ទម្រង់​ស៊ីជម្រៅ​នៅ​គ្រ​ប់ថ្នាក់ និងគ្រប់ផ្នែកបានសម្រេចសមិទ្ធផលធំៗយ៉ាងច្រើន ជាពិសេស​កំណែទម្រង់រដ្ឋ​បា​លសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែ​ទម្រង់​វិមជ្ឈការ និង​វិស​​ហមជ្ឈការ និងការប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានេះ កំណែទម្រង់ច្បាប់ និងប្រព័ន្ធ​យុ​​​ត្តិ​ធម៌ និងកំណែទម្រង់ផ្សេងៗទៀតក៏កំពុងត្រូវបានជំរុញយ៉ាងខ្លាំង ដែលបាន​ធានាដល់ភារ​លើ​កកម្ពស់អភិបាលកិច្ចស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ការផ្តល់សេវា​សាធារណៈ​ប្រកប​ដោ​យគុណភាពនិងតម្លាភាព ការពង្រឹងយុត្តិធម៌ និងសមភាពក្នុងសង្គម និងការជំរុញ​កំ​ណើ​ន​សេដ្ឋ​កិច្ចប្រកបដោយចីរភាព បរិយាប័ន្ននិងសមធម៌។ ក្នុងទិសដៅ​បន្តទៀត សន្និបាតលើក​ក​ម្ព​​ស់ការតាំងចិត្តខាងនយោបាយរបស់គ្រប់ថ្នាក់គ្រប់ផ្នែក​​និងមន្ត្រី​គ្រប់ៗរូប ដើម្បីបន្តជំរុញ​អនុ​វ​ត្តន៍​​ដោ​យឆន្ទៈ​មោះមុត ស្មោះដៃគ្នានូវការកែទម្រង់លើគ្រប់​វិស័យ​ឱ្យកាន់តែស៊ីជម្រៅ​ប្រកបដោ​យ​ប្រសិទ្ធភាព និងប្រសិទ្ធផល តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និ​ង​វះ​កា​ត់​”។ ៥.អង្គសន្និបាត បានវាយតម្លៃប្រកបដោយមោទន​ភាព​ចំពោះ​លទ្ធផលដ៏ល្អប្រសើរ ដែល​ស​ម្រេច​បានក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកែ​​លម្អជីវភាពរស់នៅរបស់ប្រជា​​​ជន។ ជាក់​ស្តែង​ ឆ្នាំ ២០១៩ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេច​បាន​កំណើនខ្ពស់ក្នុងអត្រា ៧,១ភាគរយ ដែលគាំទ្រ​ដោ​យ​កំណើនដ៏ល្អនៃវិស័យសេវាកម្ម និង​កំណើន​ខ្ពស់នៃវិស័យឧស្សាហកម្ម ទោះបីជាវិស័យ​ក​សិកម្មនៅបន្តមានកំណើនទាបក្ដី។ កំណើននេះ ត្រូវបានជំរុញដោយសន្តិភាពនិងស្ថិរភាព​ន​យោ​បាយ ដែលបានផ្តល់ទំនុកចិត្ត​ដល់វិនិយោគិនក្នុងប្រទេស និងពីក្រៅប្រទេស ក្នុង​កា​រ​ប​ណ្តា​ក់ទុននៅកម្ពុជាកាន់តែច្រើន​ឡើងលើគ្រប់វិស័យ ព្រមទាំងជំរុញឱ្យមានការកើនឡើង​នូវ​ការ​ប្រើប្រាស់ក្នុងស្រុក និង ពាណិជ្ជកម្មអន្តរជាតិ។ លើមូលដ្ឋានសមិទ្ធផលសេដ្ឋកិច្ចនេះ ក្នុង​ក្រប​ខ័ណ្ឌសង្គមទាំងមូល ជីវភាពរស់នៅរបស់ប្រជាជនមានភាពកាន់តែប្រសើរឡើង ដែលឆ្លុះ​បញ្ចាំ​ងតាមរយៈផលិត​ផលសរុបក្នុងស្រុកជាមធ្យម សម្រាប់មនុស្សម្នាក់ៗ បានកើនពី ១,៥​៤៨​ដុ​ល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៨ ដល់ ១,៦៧៩ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៩។ជាមួយគ្នានេះ កម្ពុ​ជា​ បានសម្រេច​គោលដៅកាត់បន្ថយភាពក្រីក្រឱ្យស្ថិតក្នុងអត្រាក្រោម១០ភាគរយ។ ម៉្យាងទៀត ទោះ​បីស្ថិត​ក្នុងបរិកាណ៍មិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល ក៏កម្ពុជានៅតែអាចរក្សាបានស​ន្តិ​សុ​ខ​ការ​ងាររបស់ប្រជាជន ព្រមទាំងរក្សាបានអត្រាអតិផរណាទាបក្នុងរង្វង់ ១,៨ភាគរយ ប៉ុណ្ណោះ។ ៦.​អង្គសន្និបាត បន្តជំរុញខ្លាំងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម តាមរ​យៈ​​ការពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធជំនួយរសង្គម និងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែមាន​វិសា​ល​​ភា​ព និងប្រសិទ្ធភាពពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីធានាការលើក​កម្ពស់សុ​ខុ​មា​លភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា។ ខិត​ខំ​រក្សា​សន្តិសុខការងាររបស់កម្មករ និយោជិត ពង្រឹងគោលនយោបាយជួយប្រជាកសិករ ដើម្បី​រក្សា​ស្ថិរភាពថ្លៃកសិផល និងការពង្រីកទីផ្សារកសិផលរក្សាស្ថិរភាពនៃការរស់នៅរបស់​ប្រជា​ជ​ន​ តាមរយៈការយកចិត្តទុកដាក់រក្សាស្ថិរភាពថ្លៃទំនិញចាំបាច់នានា សម្រាប់ជីវភាពប្រចាំថ្ងៃ កា​រ​បន្តពង្រីកវិសាលភាពគ្របដណ្តប់នៃបណ្តាញអគ្គិសនីជនបទ និងការសិក្សាលទ្ធភាពបន្ត​កា​​ត់​បន្ថយថ្លៃអគ្គិសនី ថ្លៃទឹកស្អាត សម្រាប់ជីវភាពប្រជាជនទូទៅ ព្រមទាំងការពិចារណា​ដា​ក់​ចេ​ញនូវវិធានការគោលនយោបាយផ្សេងៗទៀត។ ៧.អង្គសន្និបាត ប្រឆាំងដាច់ខាតមិន​ឲ្យ​ច​ល​នា​​បដិវត្តន៍​ពណ៌កើតឡើងវិញបានឡើយ និងជំរុញការអនុវត្តវិធានការច្បាប់​ដ៏​ម៉ឺង​ម៉ាត់ ចំពោះ​អង្គ​ការចាត់តាំង ឬបុគ្គលណាដែលបានប្រព្រឹត្តល្មើសច្បាប់។ បន្តជំរុញអនុវត្តវិធាន​ការមុត​ស្រួ​ច​​នានា ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យ​បានរឹងមាំ​ធ្វើ​ឲ្យ​ប្រជាជនទទួលបាននូវសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងពង្រឹងជំនឿ​ទុកចិត្តរបស់​ធុរ​ជន ក្នុងការបណ្តាក់ទុន បកបមុខរបរនានានៅកម្ពុជា។ ព្រមជាមួយនោះ អង្គសន្និបាត ប​ញ្ជា​ក់​ជំហរឥតងាករបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តថែរក្សាពូន​ជ្រុំលទ្ធិប្រជាធិប​តេ​យ្យ​​សេរី ពហុបក្ស នៅកម្ពុជា។ ៨.អង្គសន្និបាតជំរុញលើកកម្ពស់ស្មារតី​នៃសង្គមជាតិក្នុងការ​ថែ​រ​ក្សា​​សន្តិភាព ដោយមានការរៀបចំពិធីជួបជុំមហាជននៅថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើ​ម្បី​រម្លឹកខួបនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ការកសាងស្តូប​អនុស្សាវរីយ៍នៃនយោបា​យ​ឈ្នះ​​ ឈ្នះ នៅតាមតំបន់មួយចំនួនដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្រ្ត​ជាក់ស្តែង និងការបន្តអប់រំ​ផ្ស​ព្វផ្សាយបង្កើនការយល់ដឹង និងការចងចាំរបស់មហាជន អំពី​ខ្លឹមសារ និងអត្ថន័យនៃនយោ​បា​យ​ឈ្នះ ឈ្នះ។ ៩.អង្គសន្និបាត ធ្វើការកត់សម្គាល់យ៉ាងយក​ចិត្តទុកដាក់ចំពោះស្ថានការណ៍​ពិ​ភពលោកបច្ចុប្បន្នដែលកំពុងបន្តវិវត្តន៍តាមផ្លូវដ៏ស្មុគស្មាញ ប្រកបដោយការផ្លាស់ប្តូរយ៉ាង​ជ្រា​​​ល​ជ្រៅ ឆាប់រហ័ស និងពិបាកប៉ាន់ស្មានដែលបានបង្ក​នូវ​បញ្ហាប្រឈម និងហានិភ័យ​កាន់​តែ​ច្រើន ទាំងខាងយោធា សន្តិសុខ សេដ្ឋកិច្ច និងសង្គម ក្នុងពេលដែលបណ្តាប្រទេស​កំពុ​ង​ខិ​ត​​ខំដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

ជាមួយគ្នានេះ ប្រទេសខ្លាំងៗមួយ​ចំ​នួ​ន​​នៅតែបន្តប្រើប្រាស់បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិ​មនុស្ស បំពានលើអធិបតេយ្យរបស់​ប្រទេ​ស​ដែលខ្សោយជាងខ្លួន។ ស្ថានការណ៍នេះ បាន​ដាក់សម្ពាធ និងគំរាមកំហែងដល់អព្យា​ក្រឹត​ភា​ព ឯករាជ្យ និងអធិបតេយ្យជាតិ ហើយក៏​បាន​ជះ​ឥទ្ធិពលផងដែរដល់សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍរបស់កម្ពុជា។ ក្នុងបរិការណ៍នេះ អង្គសន្និបាត វាយតម្លៃខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដឹក​នាំដោយសម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ដែលបានការពារ​ដាច់ខាតដោ​យ​ជោ​គជ័យនូវឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី អព្យាក្រឹតភាព សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងឯកភាពជាតិ ពង្រីកបានភាពអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គ​ម និងរក្សាខ្ជាប់បាវចនា “កែ​ទម្រង់​ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”។ កម្ពុ​ជា​ បន្តគាំទ្រលើកស្ទួយ ពង្រឹង​​ពហុភាគីនិយមនៅក្នុងទំនាក់ទំនងអន្តរជាតិ និងបន្តរួមចំ​ណែ​ក​​ យ៉ាងសកម្មក្នុងកិច្ចប្រឹង​ប្រែង​ជាសាកល ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍដោយ​ចីរ​ភា​ព។ បន្តពង្រឹងពួនជ្រុំ ចំណង​មិត្តភាពជាមួយបណ្តាប្រទេស ជាពិសេសជាមួយ​ប្រ​ទេ​ស​ជិត​ខា​ង ខិតខំបន្តដោះស្រាយ​បញ្ហា​ព្រំដែនឱ្យបានចប់សព្វគ្រប់សំដៅកសាងខ្សែបន្ទាត់ព្រំដែន ប្រ​ក​​បដោយមិត្តភាព សន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការរឹងមាំយូរអង្វែង។ ១០.អង្គសន្និបាត ស​ម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់​ក្រ​សួង ស្ថាប័ន ក្រុមការងារគណបក្សចុះមូលដ្ឋាន មន្ត្រី និងសមាជិក សមាជិកាគណ​បក្សទាំ​ង​អស់ ដែលបាន​យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំសម្រេចនូវរាល់ភារកិច្ចដែល​គណបក្ស​បា​ន​ដាក់ចេញ។ អង្គសន្និបាត មានជំនឿយ៉ាងមុតមាំថា គណៈកម្មាធិការនៃគណបក្ស​គ្រប់ថ្នា​ក់​ គ្រប់ក្រសួង ស្ថាប័ន មន្ត្រី សមាជិក សមាជិកាគណបក្សគ្រប់រូបនឹងបន្តការងារ​របស់ខ្លួន​យ៉ា​ង​សកម្ម ក្នុង​ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ឆន្ទៈមុតស្រួច ធ្វើជាស្នូលនៃចល​នា​រប​ស់​ប្រ​ជាជន ដើម្បីសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតជូនជាតិ និងប្រជាជន ឆ្ពោះទៅកាន់ការ​បោះ​​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ និងការបោះ​ឆ្នោត​ជ្រើ​ស​តាំង​តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០១៣។ អង្គសន្និបាត ប្រគល់ភារកិច្ចជូន​គណៈអចិ​ន្ត្រៃ​យ៍​ នៃគណៈកម្មាធិការកណ្តាល ធ្វើការពិនិត្យ និងសិក្សាខ្លឹមសារនៃលក្ខន្តិកៈគណបក្សអំពីចំ​ណុ​ច​ដែលត្រូវកែប្រែ ឬបំពេញបន្ថែមឱ្យឆ្លើយតបទៅនឹងការវិវត្តន៍នៃសភាពការណ៍ជាក់ស្តែង ដើម្បី​ឈានទៅធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្សក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៅពេលខាងមុខ។ ១១.អង្គសន្និបាត សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល ប​ន្ត​រួបរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល នៅក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទី​គោរ​ព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ខិតខំរួមគ្នាថែរក្សាពូនជ្រសមិទ្ធផលនៃសង្គមជាតិ ការពារ​ស​ន្តិ​ភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឆ្ពោះទៅរកអនាគតដ៏រុងរឿង។ អង្គសន្និបាត ក៏ប្រគ​ល់​ភារកិច្ចជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ដើម្បីដឹកនាំអនុវត្តសេចក្តី​សម្រេច​នៃ​សន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤២ នេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ​ឆ្លើ​យ​តប​ទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព៕

ដោយ ជឹម ណារី