សហព័ន្ធកាយវប្បកម្មសុំទោសក្រសួងអប់រំ ស្តីពីការប្រគល់ប្រាក់រង្វាន់ជើងឯកពិភពលោក ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ — ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណបានរៀបចំសន្និសីទសារព័ត៌មាន នៅ​ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយសុំការ​អធ្យាស្រ័យយោគយល់ខ្ពស់ចំពោះកំហុសឆ្គងនៃវិវាទពីប្រាក់រង្វាន់លើកទឹកចិត្ត ដែលកីឡាករ សំបូរ សុភ័ណ្ឌ ឈ្នះមេដាយមាសជើងឯកពិភពលោក កាលពីឆ្នាំ២០១៨ ដោយ ក្រសួងអប់រំ យុវជន និងកីឡាបានប្រគល់រង្វាន់ជាគោលការណ៍២០លានរៀល ខណៈសហព័ន្ធយល់ច្រឡំ​ថា មេដាយមាសពិភពលោក គឺ១២០លានរៀល ខុសពីការពិត។

លោក តឹក ប៊ុនវី អគ្គលេខាធិការ ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់​ប្រាណបានបញ្ជាក់ថា កន្លងទៅនោះ សហព័ន្ធតែងតែបញ្ជូនកីឡាករទៅចូលរួមប្រកួតលើ​ឆាកអន្តរជាតិនានា ប៉ុន្តែយើងពុំ បានប្រាប់ឱ្យដឹងពីប្រាក់រង្វាន់ជាគោលរណ៍តាមប្រកាស​អន្តរ​ក្រសួង និងអនុក្រិត្យស្តីពីប្រាក់រង្វាន់លើក ទឹកចិត្តរបស់រាជរដ្ឋាភិបាល ដែរ ដែលបានធ្វើ​ឱ្យមានវិវាទ ឬភាពចម្រូងចម្រាសពីរង្វាន់កើតឡើង។ លើសពីនេះទៀត លើករណីកីឡាករ សំបូរ សុភ័ណ្ឌ ឈ្នះមេដាយមាសជើងឯកពិភពលោក កាលពីឆ្នាំ២០១៨ នៅប្រទេសថៃជា​ដើម។ លោកបានអះអាថា នៅថ្ងៃខាងមុខ សហព័ន្ធនឹងមិនធ្វើឱ្យរឿងយល់ច្រឡំបែបនេះកើត ឡើង ដែលជាឧបស័គ្គរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍វិស័យកីឡាបែបនេះទៀតទេ​ ដោយ​មុននឹងបញ្ជូនកីឡាករទៅប្រកួតសហព័ន្ធនឹងធ្វើកិច្ចសន្យា ឬបញ្ជាក់ប្រាប់ពីប្រាក់រង្វាន់ជ័យ​លាភីតាមគោលការណ៍របស់រដ្ឋឱ្យបានច្បាស់លាស់។ ទន្ទឹមនេះ កីឡាករ ដែលចេញទៅ​ប្រកួតតំណាងឱ្យជាតិ លុះត្រាតែមានអត្តចរិតល្អរួមជាមួយគ្នាដែរ ទៀបអាចនាំយកកិត្តិយស​យកមកជូនជាតិ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋបាន។ ដូច្នេះម្ចាស់មេដាយមាស សំបូរ សុភ័ណ្ឌ ក៏ដូចជាសហព័ន្ធព្រមទទួលយកដោយពេញចិត្ត។

តំណាងសហព័ន្ធរូបនេះបញ្ជាក់ថា កន្លងមក ម្ចាស់មេដាយមាសជើងឯកពិភពលោក​ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាពិសេសពីរាជរដ្ឋាភិបាលកម្ពុជានូវកញ្ចប់ថវិកា ១២០​លាន​រៀល។ ចំណែកឯ ម្ចាស់មេដាយមាសពិភពលោកកីឡាកាយវប្បកម្ម​បានទទួលត្រឹម​តែ២០លានរៀល តាមគោលការណ៍លិខិតបទដ្ឋានដែលបានចែងស្រាប់ ដូច្នេះ​ទើបកើតមាន​នូវការអាក់អន់ចិត្ត ដូច្នេះនៅពេលខាងមុខ សហព័ន្ធនឹងបន្តបេសកកម្មអភិវឌ្ឍន៍វិស័យ​កីឡា​របស់ខ្លួន ដោយទឹកប្រាក់ចំនួន១២០លានរៀល គឺជាការស្នើសុំពិសេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាជ្ញាធរកីឡា ដោយស្នើសុំពីរាជរដ្ឋាភិបាល កម្ពុជា។

លោកបានអះអាងថា “ដូច្នេះហើយទើបសហព័ន្ធមានការយល់ច្រឡំ ដោយក្រសួងអប់រំ យុវជន និងកីឡាមិនមែនជាអ្នកខុសទេ ប៉ុន្តែជាការខ្វះខាតការយល់ដឹងពីគោលការណ៍​របស់​សហព័ន្ធប៉ុណ្ណោះ។ កន្លងមក កីឡាករ ស្មានតែបាន១២០លានរៀល ដូចគ្នាដែរ ទើបកើត​ឡើងនូវបញ្ហាបែបនេះ ហើយ ក្រសួងអប់រំ យុវជន និងកីឡាមិនបានកឹបគេងលុយកីឡាករ​ទេ។” លោកបានបន្ថែមថា ក្នុងនាមតំណាងឱ្យសមាជិកសហព័ន្ធ កីឡាករនៃខេមរៈសហព័ន្ធ​កីឡាកាយវប្បកម្ម និងលំហាត់ប្រាណទាំងមូល លោកសូមទទួលយកនូវកំហុសហ្នឹង ដោយ​សារ​ការយល់ច្រឡំ ខ្វះការយល់ដឹងច្បាស់ពីគោលការណ៍ ហើយស្នើសុំបញ្ចប់បញ្ហា​ទាំងអស់​នេះ ដើម្បីបន្តគោលដៅអភិវឌ្ឍន៍បន្តទៅមុខទៀត។

លោក ស៊ីម សុកមង្គលរស្មី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ​បាននិយាយថា កន្លងមក ដោយសារមានការយល់ច្រឡំ ហើយសហព័ន្ធយល់ព្រមទទួល​កំហុស ដោយទទួលយកការប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់ក្រសួងអប់រំ យុវជន និង​កីឡា កន្លងទៅ។ ប្រធានសហព័ន្ធរូបនេះបានសម្តែងការមិនពេញចិត្តចំពោះ​សំណួរចាក់ដោត​របស់អ្នកសារព័ត៌មាន ដោយបានក្រោកចេញពីក្នុងសន្និសីទសារព័ត៌មាន ដោយលោកមិន​ឆ្លើយ​នូវសំនួរមួយចំនួន និងមិនពេញចិត្តនឹងសំណួរដែលបានលើកឡើងនោះទេ។ បន្តិច​ក្រោយ​មកទើបលោកប្រធានរូបនេះសម្រួលអារម្មណ៍ចូលក្នុងសន្និសីទសារពត៌មានវិញ ដោយ​មិននិយាយឡើយ។

សូមរម្លឹកថា យោងលើសេក្តីប្រកាសរបស់អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាករណីកីឡាកាយវប្បកម្ម ដែលទទួលបានមេដាយមាសពិភពលោក នៅប្រទេសថៃ​កន្លងមកនេះ ក្រសួងអប់រំបានស្នើប្រាក់រង្វាន់ជូនជ័យលាភី និងគ្រូបង្វឹកតាមប្រកាសអន្តរ​ក្រសួង​​លេខ៧១៦ ស.ហ.វ ប្រ.ក ដែលបានកំណត់ក្នុងប្រការ៦ ចំណុចខ.១ ប្រាក់រង្វាន់ជ័យ​លាភី​ចំនួន២០.០០០.០០០ (២០លាន) រៀល និងគ្រួបង្វឹកចំនួន២០.០០០.០០០ (២០លាន) រៀល ប៉ុន្តែកីឡាករពុំពេញចិត្ត ចង់បាន១២០.០០០.០០០ (១២០លាន) រៀល។ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ក្រសួងបានអញ្ជើញប្រធានសហព័ន្ធ អគ្គលេខាធិការ គ្រូបង្វឹក និងកីឡាករ​មកពន្យល់អំពីគោលការណ៍ស្នើសុំប្រាក់រង្វាន់ជាក់ស្ដែងរួចរាល់ ហើយគ្រូបង្វឹក និងកីឡាករ​ក៏បាន​យល់ព្រមតាមការបំភ្លឺនេះផងដែរ។ យោងតាមប្រកាសអន្តរក្រសួង ស្ដីពី គោលការណ៍​សម្រាប់​ប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ និងការប្រកួតលក្ខណៈអន្តរជាតិផ្លូវការប្រចាំឆ្នាំ ចេញថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ចុះហត្ថលេខារួមគ្នាដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រង់ប្រការ៦ ចំណុច «ខ» ស្ដីពី ប្រាក់រង្វាន់លើក​ទឹក​ចិត្ត កីឡាករ កីឡាការិនីជើងឯកតាមប្រភេទកីឡា (Championship) និង ចំណុច «ខ.១.» ស្ដីពីការប្រកួតកីឡាជើងឯកពិភពលោក កំណត់ថា «មេដាយមាស» ផ្ដល់ប្រាក់រង្វាន់ជូន ១នាក់​ចំនួន ២០លានរៀល ៕

ដោយ ហេង ណាលីន