ព្រឹត្តិការណ៍បាល់ទាត់ធំៗរបស់ជាតិ រដូវកាលថ្មី ២០២០ ចាប់ផ្តើម ក្នុងខែកុម្ភៈនេះ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ — ព្រឹត្តិការណ៍កីឡាបាល់ទាត់ជាតិធំៗចំនួន២ រដូវកាលថ្មី ២០២០​នឹងចាប់ផ្តើមដំណើរ​ប្រកួត​ហើយ នៅក្នុងខែកុម្ភៈនេះ ដោយការប្រកួតលីគកំពូលកម្ពុជា គ្រោងនឹងចាប់ផ្តើមប្រកួត​ជា​ផ្លូវការ សប្តាហ៍ទី១ នាថ្ងៃទី១៥ ខែកុម្ភៈខាងមុខ​ ខណៈការប្រកួតបាល់ទាត់ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៤ រដូវកាល២០២០ នឹងចាប់ផ្តើមប្រកួតជម្រុះថ្នាក់ខេត្ត។

សម្រាប់ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា រដូវកាល ២០២០ មាន១៣ចូលរួម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០២០​ដោយ​ប្រើប្រាស់រយៈ​ពេល២៦ សប្តាហ៍ ក្នុង១សប្តាហ៍មាន៦ប្រកួត គឺរៀងរាល់ថ្ងៃសៅរ៍ មាន៣ប្រកួត និងថ្ងៃអាទិត្យ មាន៣ប្រកួត។ ក្រុមទាំង១៣ នឹងត្រូវប្រកួតសន្សំពិន្ទុពីរជើង គឺក្នុងដី និងក្រៅដី ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងគ្រងម្ចាស់ជើងឯកសម្រាប់រដូវកាលថ្មី ២០២០ នេះ​តែម្តង។

សូមរម្លឹកថា ក្រុមម្ចាស់ដំណែងជើងឯក លីគកំពូលកម្ពុជា រដូវកាល ២០១៩ កន្លងទៅ​គ្រប់គ្រងដោយក្រុមព្រះខ័នរាជស្វាយរៀង។ សម្រាប់ការប្រកួតពានសម្ដេចតេជោ ហ៊ុន សែន រដូវកាល ២០២០នេះចាប់ផ្ដើមពីថ្ងៃទី០៤ ខែកុម្ភៈ ដើមសប្តាហ៍ក្រោនេះតទៅ ដោយការប្រកួត​ជម្រុះថ្នាក់ខេត្តដោយមាន១៧ក្រុមចូលរួម និងបែងចែកជា៥ពូល ប្រកួតរៀងរាល់ថ្ងៃអង្គារ៍ និងពុធ។ ក្រុមចំណាត់ថ្នាក់លេខ១ ប្រចាំពូលទាំង៥ (ស្មើ៥ក្រុម) និងក្រុមចំណាត់ថ្នាក់លេខ២ នៃពូលនីមួយៗ ដែលល្អផ្តាច់គេចំនួន៣ក្រុមទៀតនឹងត្រូវបានឡើងទៅប្រកួតបន្ត​នៅវគ្គ៨​ក្រុមចុងក្រោយ ដែលចាប់ផ្ដើមពីថ្ងៃទី០៧ ខែមេសា។ ចំណែកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា និងថ្ងៃទី០៦ ខែឧសភា រីឯវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើ​ឡើងនៅថ្ងៃ​ទី២០ ខែឧសភា។ ការប្រកួតចាប់ពីវគ្គចែកពូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមាន​ចំនួនពីរ​ជើងដូចៗគ្នា។ ក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១ដល់លេខ៤ នៃថ្នាក់ខេត្តនឹងឡើងទៅប្រកួត​ប្រជែងថ្នាក់ជាតិជាមួយក្រុមចំនួន១២ ក្នុងចំណោម១៣ក្រុម នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០ (ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីមិនចូលរួម)។

គួររម្លឹកថា ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩កន្លងទៅ តំណែងជើងឯកថ្នាក់ខេត្តគ្រប់គ្រងដោយខេត្តត្បូងឃ្មុំ រីឯក្រុមបឹងកេតឈ្នះជើងឯកថ្នាក់ជាតិ ជាលើកដំបូងរបស់ខ្លួន៕

ដោយ ហេង ណាលីន