ក្រសួងសាធារណការ ប្រជុំបែងចែកតួនាទី ភារកិច្ច សម្រាប់គ្រប់គ្រងការលក់​លេខចុះបញ្ជីរថយន្ត​គ្រួសារ និងរថយន្តធុនស្រាល

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០​ — លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា​ប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្ត​ធុន​ស្រាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រកាសបែងចែកតួនាទី ភារកិច្ចអនុគណៈ​កម្មការ ក្រោមឱវាទគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។ កិច្ចប្រជុំនេះ បាន​ធ្វើឡើង កាលពីថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើ​យោង​តាមក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកជំទាវ កុយ សុដានី បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង​ដើម្បីប្រកាសសមាសភាពអនុគណៈកម្មការទាំងពីរ ក្រោមឱវាទគណៈកម្មការអន្តរក្រសួង និងតួនាទីភារកិច្ចរបស់អនុគណៈកម្មការនីមួយៗ ព្រមទាំងទិសដៅការងារ សម្រាប់ដំណើរការ​របស់គណៈកម្មការកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ លោកជំទាវរដ្ឋលេខាធិការបាន​ណែនាំឱ្យអនុគណៈកម្មការទាំងពីរ ខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរៀងៗក្នុងការ​ផ្តល់​សេវាជូនប្រជាពលរដ្ឋ ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍​នៃការ​ចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបពី​អត្ថ​ប្រយោជន៍ និងគុណសម្បត្តិ ក៏ដូចជានីតិវិធីនៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនផងដែរ។

លោកជំទាវគូសបានលើកឡើងដែរថា ប្រព័ន្ធចុះបញ្ជីរថយន្តថ្មីនេះ ផ្តល់ឱ្យម្ចាស់កម្ម​សិទ្ធិរថយន្ដ មានសិទ្ធិស្នើសុំរក្សាលេខចុះបញ្ជីលើរថយន្ដកំពុងប្រើប្រាស់សម្រាប់​ចុះបញ្ជីលើ​រថយន្ដថ្មីរបស់ខ្លួនបាន ធ្វើការចុះបញ្ជីជាសហកម្មសិទ្ធិ។ ជាមួយគ្នានេះ ប្រព័ន្ធស្វ័យប្រវត្តិកម្ម​តាមគេហទំព័រ https://vehicle.mpwt.gov.kh នេះ​ បានផ្តល់លទ្ធភាព​ ឱ្យប្រជាពលរដ្ឋ​ អាចប្រើ​ប្រាស់បង្គំ​លេខ ឬអក្សរឡាតាំងមិនលើសពី៨ខ្ទង់​ ដើម្បី​បង្កើតជាទម្រង់​ លេខចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​ តាមចំណងចំណូលចិត្តបាន​។ លោកជំទាវបានបន្ថែមថា ការរៀបចំប្រព័ន្ធលក់លេខ​ពិសេសផ្ទាល់ខ្លួននេះ ក្នុងគោលបំណងដើម្បីផ្តល់ជម្រើសជូនប្រជាពលរដ្ឋក្នុងការទិញ​លេខ​សម្រាប់ចុះបញ្ជីរថយន្ត និងស្របទៅនឹងនិយាមការអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា ការគណនា និងកំណត់តម្លៃចំពោះលេខពិសេសផ្ទាល់ខ្លួន គឺឈរលើ​មូលដ្ឋានចំនួនតួកាន់តែតិច តម្លៃកាន់តែខ្ពស់ ពាក្យពេចក្នុងវចនានុក្រមអង់គ្លេស លេខ168 លេខ ឬអក្សរដូចគ្នា លេខ ឬអក្សររៀងជាប់គ្នាតាមលំដាប់ឡើង លេខ ឬអក្សរ រៀងជាប់គ្នា​តាមលំដាប់ចុះលេខ ឬអក្សរមានលក្ខណៈឆ្លុះ និងលេខរៀងជាប់គ្នាជាចំនួនសេស ឬគូ នៃតួអក្សរនីមួយៗ ជាដើម៕

ដោយ រិទ្ធី