សមាគមក្លឹបទេសចរណ៍សៀមរាប នឹងបង្កើនការផ្សព្វផ្សាយទៅកាន់ក្រៅប្រទេសអំពីការ​ធានា​សុវត្ថិភាពនៅកម្ពុជា ដើម្បីបន្សាបព័ត៌មានមិនពិតអំពីវីរុសថ្មីកូរ៉ូណា

AKP សៀមរាប ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ — លោក ហ្វីលីប កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប(STC) បានលើកឡើង​ថា ការ​ផ្សព្វផ្សាយព័ត៌មាន​មិនពិត​ពីអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយ​ចំនួនអំពី​វីរុស​​ថ្មីកូរ៉ូ​ណានៅកម្ពុជា​ បាន​ជះឥទ្ធិពលអាក្រកដល់វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេស​នៅខេត្តសៀមរាប។

ក្នុង​ជំនួបប្រចាំខែជាមួយប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបកាលពី​រាត្រីថ្ងៃទី៣១​ខែមករា ឆ្នាំ២០២០ លោក ហ្វីលីប កៅ បាន​ថ្លែងថា ​​ ក្នុងជំនួបសន្ទនាអំពីការធ្វើ​អាជីវកម្ម​ប្រចាំ​ខែរបស់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបលើកនេះ ស្របពេលដែលពិភពលោក ជួប​វិបត្តិករណីមានជំងឺឆ្លងរាតត្បាតបង្កដោយវិរុសថ្មី កូរ៉ូណា។  ដូច្នេះហើយនៅក្នុងជំនួបលើកនេះ ត្រូវបានផ្តោតទៅលើប្រធានបទសំខាន់ គឺការទប់ស្កាត់ព័ត៌មានមិនពិត ដែលជះឥទ្ធិពលមិន​ល្អដល់វិស័យទេសចរណ៍ ហើយរួមគ្នាជួយផ្សព្វផ្សាយបន្តអំពីសក្តានុពលទេសចរណ៍​នៅ​កម្ពុជា ជាពិសេសគឺស្ថានភាពពិត ដែលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង គ្រប់គ្រងស្ថាន​ការណ៍វីរុសថ្មីនេះ ដោយប្រុងប្រយ័ត្នបំផុត ដែលមកទល់នឹងពេលនេះ ពុំមានប្រជាពលរដ្ឋ​កម្ពុជា​ណាម្នាក់ទទួលរងការចម្លងវីរុសថ្មីនេះឡើយ។

លោកបានបញ្ជាក់ថា ឥឡូវនេះប្រមុខរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់ច្បាស់ហើយថា ប្រទេសកម្ពុជា គឺជាប្រទេសមាន​សុវត្ថិភាព​ គ្មាន​ប្រជាជនកម្ពុជាណាម្នាក់ឆ្លងវីរុសកូរ៉ូណាទេ គឺមាន​តែអ្នកទេសចរចិនម្នាក់ប៉ុណ្ណោះដែលមាន​ផ្ទុកវីរុសនេះនៅខេត្តព្រះសីហនុ ហើយត្រូវ​បានគ្រូពេទ្យព្យាបាលយ៉ាងយកចិត្តទុកដាក់។ លោកបានបន្ថែមថា ការ​ប្រកាលពីស្ថានភាព​ពិតរបស់រដ្ឋាភិបាលនេះ បាន​ធ្វើឱ្យវិស័យឯក​ជន​មាន​ទំនុក​ចិត្ត និង​មាន​ទឹក​ចិត្ត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែងលើកជីវកម្មរបស់ខ្លួន។

លោក ហ្វីលីប កៅ ក៏បានថ្លែងអំណរគុណចំពោះអាជ្ញារធខេត្ត​សៀមរាប​ ដែលបាន​ចាត់វិធាន​ការ​ទៅលើអ្នកផ្សព្វផ្សាយព័ត៌មាន​មិនពិតពាក់ព័ន្ធមេរោគកូរ៉ូណាបានទាន់ពេល​វេលា ហើយសមាគមក្លឹបទេសចរណ៍សៀមរាប(STC)និងបង្កើនការផ្សព្វផ្សាយទៅកាន់ទីផ្សារដៃគូនៅក្រៅប្រទេសអំពីការធានាសុវត្ថិភាពនៅកម្ពុជា ដើម្បីបន្សាបព័ត៌មានមិនពិត​អំពីវីរុសថ្មី​កូរ៉ូណា។

លោក ព្យែរ អង់ដ្រេ (Pierre Andre)ប្រធានសមាគមសភាពាណិជ្ជកម្មនៃសាធារណរដ្ឋ​បារាំង​ប្រចាំនៅខេត្តសៀមរាប បានថ្លែងថា  វាមិនគួរប្រើអារម្មណ៍ភ័យតក់ស្លុតជាមួយវីរុសថ្មី កូរូណា ខ្លាំងពេកនោះទេ​បើប្រៀបធៀបទៅនឹងការសម្លាប់មនុស្សដោយការរាត​ត្បាតនៃជំងឺ​កាចសាហាវផ្សេងៗដែលកើតមានឡើងនៅលើពិភពលោកកន្លងមកនោះ វីរុសកូរូណានេះ ស្ថិតនៅកម្រិតទាបនៅឡើយទេ​ ហើយការទប់ស្កាត់របស់រដ្ឋាភិបាលនៃប្រទេសនីមួយ ក៏បាន​លឿន និងមានប្រសិទ្ធភាពជាងមុនដែរ។ លោកបានបញ្ជាក់ថា ដូច្នេះគួរបញ្ឈប់ការផ្សព្វផ្សាយ​ព័ត៌មានដែលបង្ក​ឱ្យមានការភ័យខ្លាចទៀតទៅ  យើងគួរតែផ្សព្វផ្សាយអំពីអាជីវកម្មរបស់យើង​ និងសកត្តានុពលទេសចរណ៍ដែលមាន​សម្បូរបែបវាប្រសើរជាង ៕

ដោយ ឃុត សៅ