អន្តរក្រសួងពិនិត្យហេតុប៉ះពាល់បរិស្ថានលើគម្រោងបង្កើតរោងចក្រ ផលិតគ្រឿងបន្សំ និង​សម្លៀកបំពាក់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ — ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងបង្កើត រោងចក្រផលិតគ្រឿងបន្សំ និង​សម្លៀកបំពាក់នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះបាន ធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។ នេះបើតាមប្រភពពីក្រសួងបរិស្ថាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន​បានលើកឡើងថា គម្រោង បង្កើតរោងចក្រផលិតគ្រឿងបន្សំ និង​សម្លៀកបំពាក់នេះជារបស់ក្រុមហ៊ុន ភី ភី អេស អ៊ី ស៊ី ឯ.ក ស្ថិតលើផ្ទៃដីទំហំ ១០.០០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ក្នុងភូមិសាស្រ្តភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបានសិក្សា និងវាយតម្លៃដោយក្រុម​ហ៊ុន​ទីប្រឹក្សា អ៊ី & អេ ខនសាន់ធេន ឯ.ក។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ដោយមានការគាំទ្រគម្រោង វិនិយោគនេះ ​ ក្រុមហ៊ុន​ត្រូវកែសម្រួលនូវចំណុចខ្វះខាត​នៅក្នុងរបាយការណ៍ឱ្យ ស្របតាម ស្មារតីអង្គប្រជុំ​​  ហើយត្រូវរៀបចំផែន ការគ្រប់គ្រងគុណភាពខ្យល់ និងបញ្ហាក្លិន ដោយបំពាក់ឧបករណ៍ចម្រោះខ្យល់ និងផ្តល់ម៉ាស់ការពារសម្រាប់បុគ្គលិក កម្មករ ត្រូវរៀបចំផែនការគ្រប់គ្រងសំណល់រឹង-រាវឱ្យបានត្រឹមត្រូវ ជាពិសេស ធុងស្តុកសារធាតុគីមី និងសំណល់ភក់ និងត្រូវពិនិត្យបច្ចេកទេសអាង ប្រព្រឹត្តកម្ម សំណល់រាវ ដើម្បីធានាសំណល់រាវចេញពីអាងប្រព្រឹត្តកម្មគោរពតាមស្តង់ដារ​ ដែលបានកំណត់។ ក្រុមហ៊ុន​ត្រូវរៀបចំផែនការការពារសុវត្ថិភាព ដោយត្រូវពន្យល់ណែនាំ បុគ្គលិក-កម្មករឱ្យយល់ដឹងអំពីវិធានការការពារគ្រោះថ្នាក់ការងារ និងផ្តល់ឧបករណ៍ សម្ភារការពារ រៀងរាល់ពេលបំពេញការងារ។ ​ ត្រូវរៀបចំផែនការការពារ សុខុមាលភាពបុគ្គលិកកម្មករ​ ដោយត្រូវធ្វើការត្រួតពិនិត្យសុខភាពកម្មកររៀងរាល់ ០៦ខែម្តង និងត្រូវចុះបញ្ជីប័ណ្ណ ប.ស.ស ឱ្យបានគ្រប់គ្នា។

ឯកឧត្តមក៏ណែនាំដល់ ក្រុមហ៊ុន​ត្រូវយកចិត្តទុកដាក់​ អប់រំផ្សព្វផ្សាយទៅកម្មករ​ ឱ្យចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និង​ត្រូវសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីតំណាង អគ្គនាយកដ្ឋានពាក់ ព័ន្ធនៃក្រសួងបរិស្ថាន​ អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ តំណាងអន្តរ ក្រសួងពាក់ព័ន្ធ​ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋបាលរាជធានី ភ្នំពេញ មន្ទីរបរិស្ថានរាជធានី​ភ្នំពេញ នាយកដ្ឋានវាយតម្លៃហេតុ ប៉ះពាល់បរិស្ថាននៃ ក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សាចំនួន​ ៣០នាក់៕

ដោយ ពេជ្រ ណារិទ្ធ