ទូរទស្សន៍ជាតិកម្ពុជា ចុះកិច្ចសន្យាចាក់ផ្សាយខ្សែរភាពយន្តខ្មែរ-បរទេស និងរឿងភាគអប់រំខ្លីៗជាមួយផលិតកម្មមហាហង្ស ផលិតកម្មក្លាស៊ីក និងផលិតកម្មឈូករ័ត្ន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ — តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ ផលិតកម្មមហាហង្ស ផលិតកម្មក្លាស៊ីក និងផលិតកម្មឈូករ័ត្ន ចាប់ពីពេលនេះតទៅទូរទស្សន៍ជាតិកម្ពុជានឹងនាំយករឿងភាពយន្តខ្មែរ-ភាព​យន្ត​បរទេស និងភាពយន្តរឿងភាគអប់រំខ្លីៗ ជាពិសេសរឿងភាគនាំយកពី TVB ហុងកុង រឿងភាគឥណ្ឌា និងរឿងភាគចិនបុរាណល្បីៗ មកចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា នៅមុន និងក្រោយព័ត៌មានអន្តរជាតិពេលយប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។

នេះបើតាមប្រសាសន៍ឯកឧត្តម ឃឹម វុឌ្ឍី អគ្គនាយក នៃអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាចាក់ផ្សាយខ្សែរភាពយន្តខ្មែរ-បរទេស និងរឿង ភាគអប់រំខ្លីៗ ជាមួយផលិតកម្មមហាហង្ស ផលិតកម្មក្លាស៊ីក និងផលិតកម្ម ឈូករ័ត្ន នាព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ នៅស្ថានីយទូរទស្សន៍ ជាតិកម្ពុជា។

ឯកឧត្តមបន្ថែមថា នេះជាទំព័រថ្មីមួយទៀតដោយបានធ្វើការចាក់ផ្សាយដំណាលគ្នានូវ រឿងភាគខ្មែរ-បរទេស មានគ្រប់រស់ជាតិទាំងបុរាណ និងសម័យ (ខ្មែរ ចិន ហុងកុង ឥណ្ឌា និងខ្មែរអប់រំខ្លីៗ) ដើម្បីបម្រើដល់ទស្សនិកជនលើគ្រប់វិស័យភាពយន្តតាមកញ្ចក់ទូរទស្សន៍ ជាតិកម្ពុជា ដែលនឹងដាក់បញ្ចាំងនៅមុន និងក្រោយព័ត៌មានអន្តរជាតិពេលយប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។ ក្នុងនាមឱ្យស្ថានីយទូរទស្សន៍ជាតិកម្ពុជាសូមសម្តែងនូវការកោត​សរសើរដល់ ការតាំងចិត្តខ្ពស់ នៃការខិតខំសម្រិតសម្រាំងរាល់ស្នាដៃក្នុងការផលិតប្រកប​ដោយគុណ ភាពខ្ពស់ ផ្តល់ទាំងការទស្សនាកម្សាន្ត និងគំនិតអប់រំដល់ទស្សនិកជន តាមរយៈទូរទស្សន៍ ជាតិកម្ពុជា។

ឯកឧត្តមសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងទូរស្សន៍ជាតិកម្ពុជា និងផលិតកម្មមហាហង្ស ផលិតកម្មក្លាស៊ីក ផលិតកម្មឈូករ័ត្ន នឹងសហការល្អ និងស្ថិតនៅ យូរអង្វែង ដើម្បីការអភិវឌ្ឍឱ្យកាន់តែប្រសើរនាពេលអនាគត ជាពិសេសនៅក្នុងការបម្រើ ដល់ទស្សនិកជនលើវិស័យភាពយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឱ្យ ទទក មានការ ផ្លាស់ប្តូរ ដើម្បីទាក់ទាញទស្សនិកជនងាកមកគាំទ្រ ទទក ពីរឆ្នាំចុងក្រោយនេះ ទទក បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើយ៉ាងម៉េចឱ្យសភាពការណ៍ដែលកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រៅ ប្រទេសបានដល់ទស្សនិកជនបានដឹង បានទស្សនា ហើយគោលដៅជាបន្តយើង នឹងនាំមកនូវកម្មវិធីប្លែកៗដើម្បីទស្សនិកជនទស្សនា។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលអញ្ជើញជាសាក្សីក្នុង ពិធីចុះ ហត្ថលេខានោះ បានអះអាងថា ថ្ងៃនេះទូរទស្សន៍ជាតិកម្ពុជា បានឈានចូលដំណាក់ កាលថ្មីមួយ ជាដំណាក់កាលដើម្បីខិតខំស្វែងរកទីផ្សារ ដោយបានបន្ថែមការដាក់ផ្សាយភាព យន្តថ្មីៗថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា កន្លងមកចំណុចខ្សោយរបស់ ទទក គឺគុណភាពនៃការផ្សាយ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៩មក ទទក បានកែពីអាណាឡូក ទៅជា ទូរស្សន៍ឌីជីថល (HD) ព្រមទាំងបានបង្កើនគុណភាពនៃការផ្សាយ និងបន្ថែមកម្មវិធីកម្សាន្ត ដោយសហការជាមួយដៃគូសំខាន់ចំនួនបីគឺ ផលិតកម្មមហាហង្ស ផលិតកម្មក្លាស៊ីក និងផលិតកម្មឈូករ័ត្ន ដែលនឹងនាំយករឿងភាគខ្មែរ-បរទេសមកបញ្ចាំងតាមកញ្ចក់ ទូរទស្សន៍ជាតិកម្ពុជា។ ទន្ទឹមនេះ ដោយមានការឯកភាពពី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងកំពុងតែរៀបចំ ដើម្បីឱ្យ ទទក ក្លាយទៅជាទូរទស្សន៍ ឌីជីថលលំដាប់ខ្ពស់ផ្សាយទូទាំងប្រទេស៕

ដោយ ប៉ាល់ សុង