ក្រសួងសេដ្ឋកិច្ចរៀបចំវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ — ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំវេ​ទិ​​កាសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូ សេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ ដើម្បីធ្វើ​ការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់សាធារណ ជនទូទៅបានឈ្វេងយល់លម្អិតអំពីស្ថា​ន​ភាព និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា ឆ្នាំ២០២០បន្ថែមទៀត ក៏ដូចជាដើម្បីបង្ហាញអំ​ពី​តម្លាភាពនៃការប្រើប្រាស់ និងបែងចែកធន ធានសាធារណៈដែលទទួលបានពីកំណើន ព្រមទាំ​ងដើម្បីធានាឱ្យមានការចូលរួមមតិ ពីគ្រប់តួ អង្គពាក់ព័ន្ធ និងសាធារណជនទូទៅដើម្បីតម្រង់កា​រប្រើប្រាស់ធនធានថវិកាឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់។

វេទិកាសាធារណៈនេះបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯក​ស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំ​ណា​​ងក្រសួងស្ថាប័នពាក់ព័ន្ធ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដៃគូអភិវឌ្ឍន៍ សង្គម​ស៊ីវិល ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា វិស័យឯកជន បណ្តាញសារព័ត៌មាន និងអ្នក​សារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ និស្សិត និងយុវជន ប្រមាណជាង ៣០០នាក់។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ជារួមកំណើនសេដ្ឋកិច្ចពិភពលោកកំពុងមាន និន្នាការធ្លាក់ចុះដោយរួមទាំងតំបន់អាស៊ានផងដែរ។ ជាក់ស្តែង សេដ្ឋកិច្ចពិភពលោកឆ្នាំ២០១​៩មានកំណើនប្រមាណ ២,៩ភាគរយ ប៉ុណ្ណោះ ធៀបនឹងការព្យាករណ៍ប្រមាណ ៣,៤ភាគរយ ។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ក្នុងបរិការណ៍នៃការថមថយកំណើន សេដ្ឋកិច្ចពិភពលោក និងតំបន់ខាងលើនេះ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ នៅតែមានភាពរឹងមាំ ក្នុងរង្វង់ ៧ភាគរយ ទោះបីត្រូវប្រឈមនឹងហានិភ័យពីខាងក្រៅ ហើយសកម្មភាពសេដ្ឋកិច្ចនៅក្នុងរយៈពេលពីរខែចុងឆ្នាំមានការថមថយខ្លះ ពិសេសវិស័យ ទេសចរណ៍ និងសំណង់ក្តី។ ប្រការនេះ អាចធ្វើឱ្យយើងចាត់ទុកថា កម្ពុជាជាប្រទេស ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ​ក្នុង​អាស៊ាន។ អត្រាអតិផរណា បន្តស្ថិតក្នុង កម្រិតទាប ហើយអត្រាប្តូរប្រាក់នៅតែបន្តមានស្ថិ​រភាពល្អ ក្នុងខណៈដែលអត្រាអ្នក អត់ការងារធ្វើតាមការអង្កេតរបស់ WB មានប្រមាណតែ​ ០,៣ភាគរយប៉ុណ្ណោះ។ ការនាំចេញមានសន្ទុះកំណើនល្អ ដោយមានការកើនឡើងប្រមាណ ១៥ភាគរយ ហើយលំហូរ ទុនវិនិយោគផ្ទាល់ពីបរទេសមានកំណើនរហូតទៅដល់ ១៣ភាគរយ នៃផ.ស.ស ដែលធ្វើឱ្យតុល្យភាពនៃជញ្ជីងទូទាត់កាន់តែមានលក្ខណៈល្អប្រសើរជាទូទៅ។ ទុនបម្រុងអន្តរ ជាតិបានកើនឡើងរហូតដល់ប្រមាណជាង១៧,៤ប៊ីលានដុល្លារអាម៉េរិក ដែលអា​ច​​ធានាបាននូវការនាំចូលរហូតទៅដល់ប្រមាណ៨ខែ។ ទន្ទឹមនឹងការសម្រេចបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ហើយម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពខាងលើនេះ កម្ពុជាក៏សម្រេចបាននូវលទ្ធផលល្អប្រសើរនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនដ៏រឹងមាំ និងកាន់តែមានចីរភាព នៅក្នុងការប្រមូលចំណូលគ្រប់ប្រភេទ និងប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុង ការគ្រប់គ្រងចំណាយថវិកាជាតិ។ ប្រការនេះ បានធ្វើឱ្យយើងសម្រេចបាននូវអតិរេក ថវិកាចរន្តរហូតទៅដល់ជាង៨ភាគរយនៃផ.ស.ស ធៀបនឹងការគ្រោងប្រមាណតែ ២,៨១ នៃ ផ.ស.សប៉ុណ្ណោះ ដែលធ្វើឱ្យប្រាក់សន្សំរបស់រាជរដ្ឋាភិបាលបានកើនឡើងដល់ប្រមាណ ១៨ភាគរយ នៃ ផ.ស.ស សម្រាប់ពង្រីកលំហថវិកា និងធនធាន​ថវិកាបម្រុងទុកសម្រាប់ ត្រៀមទប់ទល់នឹង​វិបត្តិ និង​ហានិភ័យ​ផ្សេងៗ​​ជា​យថាហេតុ។

ទន្ទឹមនឹងនេះ ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានៅតែមានចីរភាព និងហានិភ័យកម្រិតទាប។ បើគិតបញ្ចូលទាំងបំណុលសាធារណៈ និងបំណុលឯកជន ស្ថានភាពបំណុលរបស់ប្រទេសយើងនៅមានកម្រិតទាបនៅឡើយ ដែលនេះជាចំណុចខ្លាំង របស់យើង។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ នេះ នឹងនៅតែអាចសម្រេចបានក្នុងរង្វង់ ៦ភាគរយ ទោះបីត្រូវប្រឈមការលំបាក និងហានិភ័យ ទាំងខាងក្នុង និងទាំងខាងក្រៅច្រើនជាងមុនក្តី ពិសេសករណីការរាលដាលនៃវីរុសកូរ៉ូណា នៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ការកំណត់កំណើនសេដ្ឋកិច្ចប្រមាណ ៦,៥ភាគរយ នៃ ផ.ស.ស ក្នុងច្បាប់ថវិកាឆ្នាំ២០២០ គឺបានរាប់បញ្ចូលករណីការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីសហភាពអឺរ៉ុបរួចហើយ ព្រោះយើងដឹងថា វានឹងមកដល់គ្រាន់តែមុនឬក្រោយប៉ុណ្ណោះ។ ដូចនេះទោះបីសហភាពអឺ រ៉ុបដកប្រព័ន្ធអនុគ្រោះពា​ណិ​​ជ្ជកម្មនេះមួយផ្នែក ឬទាំងស្រុងក្តី ក៏សេដ្ឋកិច្ចកម្ពុជា មិនដួលរលំដែរ ព្រោះយើងបានត្រៀមខ្លួនជាមុនរួចហើយ។ ម្យ៉ាងវិញទៀត ការដក EBA នេះ ប៉ះពាល់តែទៅលើការនាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារអឺរ៉ុបប៉ុណ្ណោះ ក្នុងខណៈដែលការ នាំចេញទៅកាន់ទីផ្សារផ្សេងៗទៀត ពិ​សេសអាម៉េរិក មានការកើនឡើងយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះ វិស័យកម្មន្តសាលមិនមែនកាត់ដេរ ក៏មានសន្ទុះកំណើនយ៉ាង ខ្លាំងផងដែរ ដោយសារមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា​កាន់តែមានពិពិធកម្មច្រើនជាងមុន។ ឯកឧត្តមក៏បានលើកឡើងផងដែរថា កម្ពុជាសង្ឃឹម ថានឹងបន្តទទួលបាននូវលំហូរទុន វិនិយោគពីបរទេស ដោយសារឥទ្ធិពលនៃការបង្វែរទិសវិនិយោគ និងពាណិជ្ជកម្ម (trade​ and investment diversion)។​

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ក្របខ័ណ្ឌថវិកាឆ្នាំ២០២០ ត្រូវបានរៀបចំឡើងដើម្បី ទប់នឹងភាពមិនច្បាស់លាស់ និងហានិភ័យទាំងឡាយ ដូចបានគូសបញ្ជាក់ខាងលើ និងបន្តអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ក៏ដូចជាអាទិភាពគោលនយោបាយផ្សេងៗ ទៀតរបស់រាជរដ្ឋាភិបាល ដើម្បីបន្តចាក់គ្រឹះ និងអាចឈរជើងងើបឡើងពីការគាប់សង្កត់ ពីភាពថមថយ ឬពីវិបត្តិណាមួយ ហើយប្រែក្លាយការគំរាមកំហែង វិបត្តិ និងហានិភ័យទាំងនេះ ឱ្យក្លាយទៅជាឱកាសនៃការកែទម្រង់ សម្រាប់ការឈានឡើងរបស់កម្ពុជាក្នុងរយៈពេលវែង ក្នុងដំណើរឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូល ខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយភាពជោគជ័យ តាមការរំពឹងទុក។

ឯកឧត្តមបានបន្តថា ក្រៅពីការអនុវត្តគោលនយោបាយវិត្ថារកម្ម ថវិកាឆ្នាំ២០២០ ក៏ជាថវិកាសម្រាប់ជំរុញកំណើន (Stimulus) ផងដែរ តាមរយៈការបង្កើនការចំណាយ ដើម្បីលើកកម្ពស់តម្រូវការក្នុងសេដ្ឋកិច្ច។ កញ្ចប់ថវិកាសម្រាប់ជំរុញកំណើននេះ នឹងត្រូវប្រើប្រាស់ដោយតម្រង់ទៅលើការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ដែលរួមមា​ន​បញ្ហាភាពប្រកួតប្រជែង និងបញ្ហាពិពិធកម្មសេដ្ឋកិច្ច និងមួយផ្នែកទៀត ផ្តោតទៅលើការស្រូបយកការប៉ះទង្គិចពីវិបត្តិ តាមរយៈការបង្កើតការងារ ការអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម និ​ង​ការផ្តល់ការបណ្តុះបណ្តាលជំនាញ។  ក្រៅពីការជំរុញកំណើ​ន តាមរយៈការបង្កើនចំណាយខា​ង​លើនេះ យើងក៏កំពុងមានគិតគូរ បន្ថែមទៀតទៅដល់ការអនុគ្រោះពន្ធចំពោះវិស័យជាក់លាក់មួយចំនួន។

ឯកឧត្តមបានបន្តទៀតថា ការបង្កើនប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាពនៃស្ថាប័ន សាធារណៈ គឺជាចំណុចគន្លឹះសំខាន់បំផុត ដើម្បីធានានូវភាពជោគជ័យក្នុងការអនុវត្តនូវកញ្ចប់ គោលនយោបាយខាងលើ ដោយរដ្ឋបាលសាធារណៈត្រូវតែមានសមត្ថភាពខ្លាំងជាងមុន ស្អាតស្អំជាងមុន និងឆ្លាតវៃជាងមុន។

ឯកឧត្តមក៏បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២០ នេះ ថវិការបស់រដ្ឋបាលថ្នាក់ ក្រោមជាតិទទួលបាននូវកំណើនថវិការហូតទៅដល់ ៥១,៤ភាគរយ ក្នុងខណៈដែលថវិកាថ្នាក់ ជាតិមានកំណើនត្រឹមតែ២០,៧ភាគរយ ដែលធ្វើឱ្យថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិមានចំ​ណែ​កស្មើនឹងប្រមាណ១០ភាគរយ​នៃចំណាយថវិការដ្ឋសរុប។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្ទេរនូវធនធានកាន់តែច្រើនឡើងៗដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅថ្នា​ក់​​ឃុំ-សង្កាត់៕

ដោយ គង់ សិរីរ័ត្ន