ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាជំរុញឱ្យសមាជិកប្រឹងប្រែងអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ — ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា, ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជា​ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបញ្ជាក់ថា ដោយសារសហព័ន្ធទើបតែត្រូ​វបាន​បង្កើត​ឡើងក្នុងរយៈពេល២ឆ្នាំ ទើបពុំទទួលបានការគាំទ្រពីមហាជន។ ឯកឧត្តមបានស្នើសុំឱ្យ​សមាជិក​គណៈកម្មាធិការប្រតិបត្តិសហព័ន្ធត្រូវបន្ដរួមគ្នាផ្សព្វផ្សាយ និងពង្រឹងប្រភេទកីឡា​អូឡាំពិកនេះឱ្យរីកចម្រើន។ ឯកឧត្តមបន្ដថា ទោះបីជាសហព័ន្ធនេះទើបតែបង្កើតឡើង នៅ​កម្ពុជាក៏ពិតមែន ប៉ុន្តែប្រភេទកីឡាអូឡាំពិកនេះមានយូរមកហើយ នៅលើពិភពលោក។ ជាមួយ​គ្នានេះ ដើម្បីឱ្យមានសមត្ថភាពអាចចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិបាន នាថ្ងៃ​ខាងមុខ សមាជិកសហព័ន្ធត្រូវតែសហការគ្នា ដើម្បីកៀរគរកីឡាករ កីឡាការិនីឱ្យ​ចូលរួមហ្វឹក​ហាត់ឱ្យបានកាន់តែសម្បូរបែប ដើម្បីឲ្យសហព័ន្ធជំនាញមួយនេះអាចសម្រិតសម្រាំង​បានអ្នក​មានទេពកោសល្យសម្រាប់ជាតិ នាថ្ងៃអនាគត។

ឯកឧត្តមប្រធានសហព័ន្ធក៏បានអំពាវនាវឱ្យមានការចូលរួមពីបណ្តាក្រុមហ៊ុនឯកជន នានាដើម្បីរួមចំណែកដល់ការអភិវឌ្ឍកីឡានេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៨ ដោយបានសម្រេចនូវផែនការមួយចំនួន ក្នុងសកម្មភាពបំផុសស្មារតីឱ្យ​យុវជននានា ចូលរួម​លេង​កីឡាមួយនេះ ជាបន្តបន្ទាប់៕

ដោយ ហេង ណាលីន