ភ្លើងស្តុបនៅរាជធានីភ្នំពេញមានចំនួន១៦៨ទីតាំង 

AKP ភ្នំពេញ  ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ — លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ថា គិតមកដល់ថ្ងៃទី២៤ ខែមករា ២០២០ នៅក្នុងរាជធានីភ្នំពេញមាន ភ្លើងស្តុបចំនួន១៦៨ទីតាំងហើយ ខណៈដែលភ្លើងស្តុបថ្មីនៅមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ៩២  ចំណុចផ្លូវចូលផ្សារទំនើប អ៊ីអនម៉ល សែនសុខ បានដាក់ឱ្យ ដំណើរការកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

ជាមួយនឹងកំណើននេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការជួយឧបត្ថម្ភគាំទ្រពីទីភ្នាក់ ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានធ្វើឱ្យដំណើរការជាផ្លូវការលើការសាង សង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធ គ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញនេះ ត្រូវបានចាប់ផ្តើមដំណើរការអនុវត្តន៍កាលពី ខែមីនា ឆ្នាំ២០១៦ និងបានបញ្ចប់រួចរាល់ជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០១៨ ដែលមានរយៈពេល សរុប៣៥ខែ ក្នុងនោះរួមមាន៖ ១-ការងារដំឡើង និងបំពាក់ភ្លើងស្តុបថ្មី នៅតាមចំណុច ប្រសព្វសរុបចំនួន១១៥ទីតាំង។ ២-ការងារបំពាក់កាម៉េរ៉ាចាប់រូបភាព និងវិភាគទិន្នន័យយាន យន្តឆ្លងកាត់ចំនួន១៩៤គ្រឿង។ ៣-ការងារបំពាក់កាម៉េរ៉ាសុវត្ថិភាព CCTV ចំនួន ២៦គ្រឿង សម្រាប់ត្រតពិនិត្យតាមដានស្ថានភាពចរាចរណ៍ នៅតាមបណ្តាចំណុចផ្លូវ ប្រសព្វសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។ ៤-ការងារសាងសង់មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធចរាចរណ៍ចំនួនមួយ កន្លែងនៅក្នុងបរិវេណរដ្ឋបាលរាជធានីភ្នំពេញនៅជាន់ទី៩ នៃអគារសាងសង់ថ្មី។ ៥-ផ្តល់នូវវគ្គ បណ្តុះបណ្តាលសំខាន់ៗដល់មន្ត្រីបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជ ធានីភ្នំពេញ ក៏ដូចមន្ត្រីបច្ចេកទេសនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ទេរចំណេះដឹង និងលើកកម្ពស់សមត្ថភាពគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធបញ្ជាភ្លើងសញ្ញាចរាចរណ៍ផងដែរ ហើយគម្រោងនេះបានដាក់ឱ្យ ដំណើរការជា បណ្តោះអាសន្នកាលពីខែធ្នូ ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ ពីស្ថានភាពក្នុងរាជធានីភ្នំពេញ ដែលបាន និងកំពុងកើតមានបញ្ហាការកកស្ទះចរាចរណ៍ ដោយសារតែការកើនឡើងយ៉ាងគំហុកនូវចំនួនរថយន្តគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ។ បើ គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ ស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញមានរថយន្ត ចំនួន៥០៨១៤៣គ្រឿង និងទោចក្រយានយន្តចំនួន១៩៦៦៣២២គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវនៅមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ៕

ដោយ សួស សំរិត