ឯកឧត្តម ពេជ សោភ័ន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេភារកិច្ច និងតែងតាំង មុខតំណែង នាយក នាយករង នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន តាកែវ

AKP តាកែវ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ — នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រារព្ធពិធីប្រកាស ផ្ទេភារកិច្ច និងតែងតាំងមុខតំណែងនាយក នាយករង កាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព របស់ឯកឧត្តម ពេជ សោភ័ន ​រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ​លោកជំទាវ លោក​ លោកស្រីគណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ  អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវយ៉ាងច្រើនកុះករ។

ក្នុងពិធីនោះ ឯកឧត្ត​ម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវទៅដល់ អាជ្ញាធរ មូលដ្ឋាន ពិសេសមេភូមិ​ត្រូវធ្វើការបំផុសក៏ដូចជាការលើកទឹកចិត្តទៅ ដល់យុវជន ដែលបានបោះបង់ចោលការសិក្សា ឱ្យមកសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុ បច្ចេកទេសភូមិភាគតេជោសែនតាកែវ។

ឯកឧត្តម ពេជ សោភ័ន មានប្រសាសន៍បន្តថា ការសិក្សាជំនាញបច្ចេកទេសនេះ គឺកំពុងតែមានតម្រូវការទីផ្សារការងារខ្ពស់នៅក្នុងប្រទេសកម្ពុជារបស់យើង និងទទួលបាន ប្រាក់ចំណូលខ្ពស់ផងដែរ។ ដូច្នេះសូមអាជ្ញាធរ ភូមិ ឃុំ ស្រុក ជួយពិចារណាដើម្បី ជំរុញចលនាឱ្យយុវជនក្នុងភូមិ ឃុំរបស់យើងដែលគ្នាក្រីក្រ មិនមានឱកាសសិក្សា ឬបោះបង់ចោលការសិក្សា ដើម្បីទទួលបានការបណ្តុះបណ្តាលវគ្គខ្លី ក្តី វែងក្តី លើជំនាញបច្ចេកទេស ឬហៅថាជំនាញរូបិយប័ណ្ណសកល។ ជំនាញនេះ បើយើងចេះពិតប្រាកដ ហើយទោះបីយើងអត់ប្រាក់ខ្មែរ ឬប្រាក់ដុល្លារក៏ដោយ ក៏យើងមានប្រាក់សម្រាប់ចាយវាយផងដែរ ព្រោះតែយើងមានជំនាញបច្ចេកទេសនេះ។

ឯកឧត្តម ពេជ សោភ័ន មានប្រសាសន៍បន្តទៀតថា ​ក្មួយៗដែលមិនទាន់មានការងារធ្វើ មិនទាន់មានបច្ចេកទេសត្រូវតែគិតឡើងវិញ ហើយចាប់យកជំនាញបច្ចេកទេសនេះឱ្យឆាប់។ ព្រោះជំនាញបច្ចេកទេសនេះគឺជាជំនាញរកប្រាក់បានច្រើន និងមានតម្រូវការទីផ្សារធំផងដែរ ហើយទៅអនាគតនិងកាន់តែត្រូវប៉ាន់។

ការលើកទឹកចិត្ត និងជំរុញឱ្យយុវជនមកសិក្សារៀនសូត្រជំនាញបច្ចេកទេស នេះឱ្យកាន់តែច្រើន​ហើយយុវជនយើងមានជំនាញបច្ចេកទេសនេះកាន់តែច្រើន និងក្លាយជា ធនធានមនុស្សក្នុងសង្គមជាតិរបស់យើងកាន់តែច្រើន នោះសង្គមជាតិរបស់យើងក៏កាន់តែ អភិវឌ្ឍន៍រីកចម្រើនឆាប់រហ័សផងដែរ៕

ដោយ អ៊ុច សៀង