រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងថា ការអនុវត្ដវិធានការការពារសុខភាព និងសុខុមាល​ភាពរបស់ប្រជជនគឺបានផ្ដល់ប្រយោជន៍ និងជួយដល់សេដ្ឋកិច្ចអ្នកប្រើប្រាស់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកការការពារសុខភាព និងសុខុមាលភាពរបស់ប្រជាជនជាកិច្ចការចម្បង ហើយការអនុវត្តវិធានការប្រយុទ្ធ​ប្រឆាំង​នេះ បានជួយដល់ផលប្រយោជន៍ និងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ផងដែរ។ នេះគឺជាការ​លើក​ឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មក្នុងឱកាស ទទួលជួបក្រុម​ហ៊ុន​យូនីលីវើ (Unilever) ដឹកនាំដោយ លោក រ៉ូប៊ើត កាន់ឌឺលីណូ (Robert Candelino) នាយក​ប្រតិ​បត្តិនៃក្រុមហ៊ុនយូនីលីវើ និងជាប្រធានគ្រប់គ្រងអាជីវកម្មក្រុនហ៊ុនក្នុងតំបន់​អាស៊ាន ដើម្បី ពិភាក្សាការងារ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ នេះបើ​យោងតាមក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្ដិ បានស្នើសុំឱ្យក្រុមហ៊ុនយូនីលីវើ បន្តសហការជាមួយរាជរដ្ឋាភិ​បាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើខុសច្បាស់ទាំងឡាយ ដូចជាក្លែងបន្លំផលិតផល និងធ្វើ​ការរាយការណ៍ជូនអាជ្ញាធរឱ្យបានភ្លាមៗ ក្នុងករណីដែលបានដឹង ឬទទួលបានព័ត៌មាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ក៏កំពុងតែធ្វើកំណែទម្រង់អង្គ​ភាពកាំកុង​ត្រូលឱ្យទៅជាអង្គភាពជំនាញខាងសុវត្ថិភាពចំណីអាហារ ការពារអ្នកប្រើប្រាស់ និងបង្ក្រាប​ការក្លែងបន្លំ ដែលនឹងដើរតួនាទីមួយយ៉ាងសំខាន់លើការងារការពារផលប្រយោជន៍ជូនប្រ​ជា​ពលរដ្ឋ។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានស្នើសុំឱ្យក្រុមហ៊ុនយូនីលីវើ ផ្ដល់ជំនួយ ដូចជា ឧបករណ៍​ពិសោធន៍ ការបណ្ដុះបណ្ដាលមន្ត្រី និងអប់រំដល់សាធារណជន ដើម្បីបង្កើនការយល់ដឹងពី​ផល​ប៉ះ​ពាល់បណ្ដាលមកពីការប្រើប្រាស់ផលិតផលក្លែងក្លាយ ឬផលិតផលលាយ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការ​ជា​ច្រើន ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាព ក៏ដូចជាសម្រួលដល់ការធ្វើ​ធុរកិច្ចនៅកម្ពុជា។

លោក Robert Candelino បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានអនុវត្តន៍យ៉ាងរឹងមាំនូវការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានការប៉ះ​ពាល់​ខ្លាំង​លើសុខភាព និងសុខុមាលភាពរបស់ប្រជាជន។ លោកបានចាត់ទុកទីផ្សារកម្ពុជា​ជាទីផ្សារមួយដែលមានកំណើនខ្ពស់មួយ ក្នុងចំណោមប្រទេសដែលក្រុមហ៊ុនយូនីលីវើមាន​ប្រតិបត្តិការ។ លោកនាយកប្រតិបត្តិបានបន្ដថា កំណើនទីផ្សារដ៏ខ្ពស់នេះ បានឆ្លុះបញ្ចាំងពី​ការ​រីក​ចម្រើននៃសង្គមកម្ពុជា ក៏ដូចជាប្រទេសទាំងមូល ដែលបានប្រែក្លាយខ្លួនយ៉ាងលឿន ក្នុង​រយៈពេលមួយដ៏ខ្លីបំផុត។ ចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាវិញ លោក នាយកប្រតិបត្តិនៃក្រុមហ៊ុនយូនីលីវើ មានមោទនភាពជាខ្លាំងដែលបានចូលរួមការងារជាមួយ​បុគ្គលិ​ករបស់ក្រុមហ៊ុន ដែលភាគច្រើនជាជនជាតិខ្មែរ ហើយក៏បានកោតសរសើរអស់ពីចិត្ត​ចំពោះ​ទេពកោសល្យនៃយុវជនកម្ពុជា ដែលជាធនធានដ៏មានតម្លៃសម្រាប់កម្ពុជា៕

ដោយ រិទ្ធី