រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម៖ យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានឆ្លើយតប​ទៅនឹងតម្រូវការរបស់វិស័យឯកជននិងគោលនយោបាយរបស់រាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចាត់ទុក យុទ្ធសាស្ត្រពាណិជ្ជកម្ម​តាម​ប្រព័ន្ធអេឡិចត្រូនិក គឺបានឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន ដែលត្រូវការ​ឯកសារ​មួយសម្រាប់បញ្ជាក់ជូនអំពីចក្ខុវិស័យនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ​អភិវឌ្ឍ ​វិស័យនេះ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ កិច្ចប្រជុំពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅទីស្ដីការក្រសួង​ពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្តិ ការវិវត្ដដ៏លឿននៃបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល បាន​បង្កើតឡើងនូវកាលានុវត្តភាព ក៏ដូចជាការប្រឈមជាច្រើន ដែលទាមទាឱ្យមានការគិត​គូរ​ច្បាស់លាស់ លើការប្រតិបត្តិការងារនានា ដែលពឹងផ្អែកបច្ចេកវិទ្យាជាមធ្យោបាយ។ ឯកឧត្ដម​បានបញ្ជាក់ថា យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ គឺនៅក្នុងផែនការយុទ្ធ​សាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលមានការពិនិត្យ និងត្រៀម​ខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤។ ទន្ទឹមនេះ ការរៀប​ចំ​យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅពេលនេះ គឺជាការមួយដ៏ត្រឹមត្រូវគាប់ជួន​ជាមួយនឹងការអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានព្រះមហា​ក្សត្រ ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្ដមបានបន្ដថា ដើម្បីឆ្លើយតប និងចូលរួមវិភាគទានទៅលើការសម្រេចបាននូវ​គោលដៅអាទិភាព ដែល​មានកំណត់នៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រទាំងនោះ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទី​បង្ហាញផ្លូវមួយ​ច្បាស់​លាស់ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​នៅ​កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាប្រធានបទ​មួយដ៏សំខាន់នៅក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ក្នុងក្របខណ្ឌតំបន់ និងពិភព​លោក។ ជាក់ស្ដែង កម្ពុជាបានចុះហត្ថលេខា និងអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត និងកិច្ចសម្រួលកំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុង តំបន់អាស៊ាន។ លើសពីនេះទៀត ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាផ្នែកមួយនៃ​កិច្ច​ព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ហើយក៏មានការចរចាយ៉ាងផុសផុល​ផងដែរ នៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីចងក្រងជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្មពិភពលោកផងដែរ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា “ការរៀបចំយុទ្ធសាស្ត្ររបស់យើងនាពេលនេះ ពិត​ជាស័ក្តិសមណាស់ក្នុងបរិបទបច្ចេកវិទ្យាទំនើប ការវិវត្តនៃប្រទេស និងស្របទៅនឹង​និន្នា​ការ​តំបន់ និងពិភពលោក។ ការប្រែក្លាយនៃរបត់ពាណិជ្ជកម្មបែបប្រពៃណី មកជាការធ្វើ​ពាណិជ្ជកម្មទំនើបតាមបច្ចេកវិទ្យា នឹងនាំមកនូវកាលានុវត្តភាព និងភាពប្រឈមព្រមៗគ្នា​ក្នុងពេល​តែមួយ។” ឯកឧត្ដមបានបន្ថែមទៀតថា កម្ពុជានាពេលបច្ចុប្បន្នក៏កំពុងតែចូលរួម​យ៉ាង​សកម្មផងដែរនៅក្នុងវិស័យ E-Commerce ដោយជាក់ស្ដែងមិនតិចជាងក្រុមហ៊ុនចំនួន ៣០ ដែលកំពុងតែធ្វើអាជីវកម្មក្នុងវិស័យ E-Commerce ដូចជាការងារដឹកជញ្ជូនមនុស្ស កក់​សំបុត្ររថយន្ត ដឹកជញ្ជូនទំនិញ និង​ចំណីអាហារ ទីផ្សារអនឡាញ អចលនទ្រព្យ ។ល។ ការ​រីក​ដុះដាលនៃក្រុមហ៊ុន​ថ្មីៗទាំងនេះ ស្របជាមួយនឹងការចាប់ផ្ដើមប្រើប្រាស់ការបង់​ប្រាក់តាម​អេឡិចត្រូនិកយ៉ាងទូលំទូលាយ ជាពិសេសការប្រើប្រាស់បណ្ដាញសង្គមក្នុងការលក់ដូរទំនិញ និងសេវាកម្ម ក៏ជាការធ្វើអាជីវ​កម្មមួយដែលមានភាពប្រជាប្រិយ ហើយជាទូទៅការធ្វើអាជីវ​កម្ម​បែបនេះ ជាចំណុចចាប់ផ្ដើមសម្រាប់ក្រុមហ៊ុនឈានជើងចូលទៅការធ្វើពាណិជ្ជកម្មតាម E-Commerce ផងដែរ។

ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានបន្ដឱ្យដឹងទៀតថា យុទ្ធសាស្ត្រពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិច​ត្រូនិកនេះ មិនមែនសម្រាប់តែក្រសួងពាណិជ្ជកម្មតែម្នាក់ឯងនោះទេ ប៉ុន្តែជាយុទ្ធ​សាស្ត្រ​រួមដែលទាមទារឱ្យក្រសួង-ស្ថាប័នទាំងអស់ទាក់ទងនឹងវិស័យពាណិជ្ជកម្ម សហការគ្នា​ដើម្បីអនុវត្តន៍ ក្នុងគោលបំណងជំរុញគោលនយោបាយអភិវឌ្ឍន៍​វិស័យពាណិជ្ជ​កម្មតាមប្រព័ន្ធ​អេឡិចត្រូនិក ក្នុងបរិបទបច្ចុប្បន្ន និងអនាគត ដើម្បីជាឧត្តមប្រយោជន៍រួម​សម្រាប់​កម្ពុជា​ទាំងមូល៕

ដោយ រិទ្ធី