រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាឱ្យមានការតាមដាន និងត្រួតពិនិត្យជនបរទេសដែលចូល កម្ពុជាដោយខុសច្បាប់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យ​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍បន្តតាមដាន និងត្រួតពិនិត្យជនបរទេសដែលជ្រៀតចូលកម្ពុជាដោយ​ខុសច្បាប់ ដើម្បីធានាបាននូវសន្តិសុខប្រទេសជាតិ និងចៀសវាងបញ្ហាប្រឈមសារជាថ្មី។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារ​សម្រាប់អនុវត្តន៍បន្តឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា បញ្ហានេះ គឺជាចំណុចសំខាន់ បន្ទាប់សមត្ថកិច្ចបានអនុវត្តន៍កន្លងទៅតាមគោលការណ៍របស់រាជរដ្ឋាភិ​បាល និងក្រសួងមហាផ្ទៃបានកំណត់។ សម្តេចក្រឡាហោមបានបន្តថា សមត្ថកិច្ចកម្ពុជា​មិន​ត្រូវធ្វេសប្រហែស ហើយទុកឱកាសឱ្យមានជនបរទេសខុសច្បាប់ជ្រៀតចូលមកស្នាក់ នៅ​កម្ពុជាដែលនេះគឺជារឿងសំខាន់។ សម្តេចក្រឡាហោមបន្ដទៀតថា ប្រសិនបើយើងមិនអាច​ទប់ស្កាត់បញ្ហានេះទេ វាអាចបង្កើតជាបញ្ហាដដែលជាដដែលលើករណីនេះ។ សម្តេចក្រឡា​ហោមបានន្ថែមថា ជាគោលការណ៍យើងត្រូវទប់ស្កាត់ មិនថាជនបរទេសណាក៏ដោយ ដែល​មិនថាតែកម្ពុជានោះទេ ប្រទេសដទៃផ្សេងទៀតក៏ដូច្នោះដែរក្នុងការការពារជាតិរបស់គេ​ដូចតែគ្នា។ សម្តេចក្រឡាហោមបានបន្ថែមទៀតថា បើកាលណាជនបរទេសចូលមិន​មាន​ច្បាប់ទម្លាប់គឺជាអន្តោប្រវេសន៍ខុសច្បាប់ ហើយតាមច្បាប់អន្តោប្រវេសន៍នីមួយៗ ត្រូវ​បណ្តេញ​ជននោះពីប្រទេសពួកគេ៕

ដោយ ចាន់ សុធីវង្ស