អភិបាលខេត្តកំពង់ឆ្នាំងជំរុញឱ្យអង្គភាពជុំវិញខេត្ត ធ្វើអនាម័យសម្អាតបរិស្ថាន

AKP កំពង់ឆ្នាំង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង​បានអំពាវនាវឱ្យប្រជាពល រដ្ឋ ប្តូរឥរិយាបថ ពីការ​បោះសំរាមពាសវាលពាសកាល មកបោះចោលសំរាមចូល​ក្នុង​ធុងសំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ធ្វើ​ឱ្យក្រុង​កំពង់ឆ្នាំង មាន​សោភណភាព​ស្អាត និង​មាន​បរិស្ថាន​ល្អជា​និច្ច ជាពិសេសការបម្រែបម្រួលអាកាសធាតុ ធ្វើឱ្យប៉ះពាល់ដល់សុខភាពយើងគ្រប់គ្នា ។ ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំស្ដីពីសម្អាតបរិស្ថានដើម្បីសុខមាលភាព កាពីថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ​បានមានប្រសាសន៍ថា ការរៀបចំយុទ្ធនា ក្រោមប្រធានបទ «ការសម្អាតបរិស្ថានដើម្បីសុខុមាលភាព» នាពេលនេះគឺក្នុង​គោល​បំណងដើម្បី​ជំរុញ​ឱ្យ​អនាម័យ​​បរិស្ថាន​ក្នុងទីក្រុង និងជនបទមានភាពស្រស់​ស្អា​តគ្មាន​សំរា​ម និងថង់​ប្លាស្ទិក​នៅតាម​ដងផ្លូវ និងទីកន្លែងសាធារណៈ​ផ្សេងៗ ​ក៏ដូចជាក្នុងតំបន់រមណីយដ្ឋាននានាក្នុងខេត្ត។ ម្យ៉ាង​​​ទៀតគឺដើម្បី​​​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋដែលជា​អាជីវករ​លក់ដូរ ក្នុងក្រុង ក្នុងតំបន់​រមណីយដ្ឋាន​​ ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយ​ដ្ឋាន និងប្រជាពលរដ្ឋ​​ដែលមានលំ​នៅឋាន​ក្នុងក្រុងបានយល់ដឹង និងរួម​សហការ​គ្នា​ដើម្បី​ថែរក្សា​បរិស្ថាន​​ឱ្យ​បាន​ស្អាត ដោ​យរក្សាទុកដាក់កាកសំណល់​ផ្សេងៗ​ឱ្យបាន​ល្អ និង​មា​ន​​​សណ្តាប់​ធ្នាប់សំដៅឱ្យសោភណភាព ក្រុងកាន់​តែ​ល្អ​ប្រ​​សើរ ដើម្បីទាក់​ទាញ​​​​​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ដែល​មកចូល​ទស្ស​នា​​ខេត្តកំពង់ឆ្នាំង បានដិតជាប់ក្នុង​អារម្ម ណ៍​​ជាមួយនឹង​រមណី​យ​​​​ដ្ឋាន​​ទេសចរណ៍ ប្រកប​ដោយ​​បរិស្ថាន និង​​អនាម័យល្អ។

ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋប្តូរឥរិយាបថពីការ​បោះសំរាម ពាសវាលពាសកាលមក បោះចោលសំរាមចូល​ក្នុង​ធុងសំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ធ្វើ​ក្រុង​កំពង់ឆ្នាំង​មាន​សោភណភាព​ស្អាត និង​មាន​បរិស្ថាន​ល្អជា​និច្ច ជាពិសេសនៅក្នុងពិធីបុណ្យ​ផ្សេងៗ ​ដែលអាជ្ញាធរ បានដាក់ពង្រាយធុងសំរាមខ្នាតមធ្យមនៅតាមដងផ្លូវ មុខផ្ទះ តាមរមណីយដ្ឋាននានា និងចំណុចសំខាន់ៗជាច្រើនទៀត ។ ដូច្នេះសូមឱ្យអ្នកធ្វើ​ដំណើរតាម​ដងផ្លូវ និងប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសម្អាតអនាម័យ និងបរិស្ថាន សូមបោះចោលសំរាម​ទៅ​ក្នុងធុង​ឱ្យមាន​របៀប​រៀបរយ និងងាយស្រួលដល់​ក្រុម​ហ៊ុនសម្អាតអនាម័យក្នុង​ការ​ដឹក​ជញ្ជូនចេញ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា ក្នុងពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានយកចិត្តទុកដាក់ និងបំផុសទឹកចិត្តប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមក្នុង​ការសម្អាតបរិស្ថានជុំវិញខ្លួន តាមរយៈការបង្កើតឱ្យមានធុងសម្រាប និងបំណែងចែកសម្រាម ឬកាកសំណល់​ទាំងនោះឱ្យនៅដាច់ពីគ្នា។ រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក តែងលើកឡើងថា អ្វីៗនៅជុំវិញខ្លួនយើងសុទ្ធ​សឹង ​«បរិស្ថាន»ទាំងអស់។ បរិស្ថានចាំបាច់មានតំណភ្ជាប់ រវាងមនុស្ស សង្គម វប្បធម៌ និងធម្មជាតិ។ បរិស្ថាន ​រួមមាន៖ បរិស្ថានធម្មជាតិ (ដើមឈើ មច្ឆជាតិ ទឹកភ្លៀង), បរិស្ថានវប្បធម៌ ចំណេះដឹង និងជំនឿផ្សេងៗ  បរិស្ថាន​សង្គម មាគ៌ាដឹកនាំ បរិស្ថានសេដ្ឋកិច្ច ទ្រព្យសម្បត្តិ និងបរិស្ថានបង្កើតដោយមនុស្ស សម្ភារ​ប្រើ​ប្រាស់​នានា ការកាប់ព្រៃ​ឈើ ក៏ជាមូលហេតុចម្បងមួយ នៃការបំផ្លាញបរិស្ថានផងដែរ ការការពារ​ព្រៃ​ឈើ​បានល្អ បរិស្ថានមានសោភណភាព ប្រជាពលរដ្ឋរស់នៅមានសុខភាពបរិបូណ៌ផងដែរ ៕

ដោយ បៃ ស៊ីថុន