ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាលជាលោកគ្រូ អ្នកគ្រូ និងកុមារអង្គការម្លប់តាប៉ាង

AKP ព្រះសីហនុ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ — រសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងកុមារអង្គការម្លប់តាប៉ាង ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ និងនាំយកអំណោយឧបត្ថម និងថវិកាមួយចំនួន ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ដោយសារតែភូមិសាស្ត្រនៅទីនេះនៅរដូវវស្សា តែងតែជន់លិចនូវជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ដោយសារការចាក់ដី លុបអូរ សាងសង់របង ផ្លូវ ផ្ទះជាដើម នៅតាមអូរ ប្រឡាយ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងជំរុញការស្តាររអូ ប្រឡាយទាំង ៥ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងនោះក៏មានអូរនៅខាងមុខអង្គការផងដែរ ដើម្បីបញ្ចៀសការលិចលង់នៅរដូវវស្សាបន្តទៀត។ ដូច្នេះយើងត្រូវរួមគ្នាគាំទ្ររដ្ឋបាលខេត្តក្នុងការស្តារអូរ ប្រឡាយឡើងវិញ ។

ឯកឧត្តម បន្តថា ឆ្នាំ២០២០នេះរដ្ឋបាលខេត្តក៏មានគម្រោងអភិវឌ្ឍន៍ផ្លូវមួយចំនួននៅជុំវិញអង្គការម្លប់តាប៉ាង ហើយសង្ឃឹមថា ក្នុងរយ:ពេលពី៣ទៅ៤ខែ ខាងមុខយើងនឹងមានសមិទ្ធផលថ្មី ជួយសម្រួលក្នុងការធ្វើចរាចរណ៍នៅតំបន់នេះផងដែរ  ។

ក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងអង្គការម្លប់តាប៉ាង ដែលបានយកចិត្តទុកដាក់ថែទាំកុមារ បានចូលរៀនសូត្រដូចកុមារដទៃទៀត។ សូមឱ្យអង្គការបន្តសកម្មភាពមនុស្សធម៌ជួយកុមារនៅកម្ពុជា ពិសេសកុមារនៅក្នុងខេត្តព្រះសីហនុ ព្រមទាំងធ្វើការផ្តាំផ្ញើក្មួយៗកុមារទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំមកនូវគ្រោះថ្នាក់ផ្នែកសុខភាព សតិបញ្ញា ប្រាសចាកពីច្បាប់ ប្អូនៗមានឱកាសអភិវឌ្ឍន៍សមត្ថភាពខ្លួន ទទួលបានចំណេះដឹង ក្លាយខ្លួនជាកូនល្អ សិស្សល្អនៅពេលខាងមុខ ។

អំណោយដែលបាននាំយកទៅឧបត្ថម្ភ អង្គការម្លប់តាប៉ាង រួមមាន ទឹកបរិសុទ្ធ ២០០កេស, ទឹកផ្លែឈើ ៥០កេស, ទឹកក្រូចកូកាកូឡា ២០កេស, ប្រេងឆាដបធំ ២០ដប, មីខ្លាឃ្មុំ ១កេស  ម៉ាស់ ១.០០០ និងថវិកា ១៥លានរៀល ៕

ដោយ ងូ សុមុន