អ្នកនាំពាក្យ​ក្រសួងសុខាភិបាលអះអាងថា កម្ពុជានៅតែជាប្រទេសមាន​សុវត្ថិភាព និងសូម​ឱ្យ​ភ្ញៀវទេសចរមកកម្សាន្តសប្បាយ ឱ្យបានច្រើន​បន្តទៀត

AKP សៀមរាប ថ្ងៃទី៣០ខែមករា ឆ្នាំ២០២០ — លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់  អ្នកនាំពាក្យ​ក្រសួង​សុខាភិបាលបានអះអាងថា​ ប្រទេសកម្ពុជា​មិន​មែន​ជាប្រទេស​កំពុងរាតត្បាតនៃមេរោគឆ្លងកូរ៉ូណានោះទេ កម្ពុជានៅតែជាប្រទេសមាន​សុវត្ថិភាព​ ដូច្នេះសូម​ឱ្យ​ភ្ញៀវទេសចរបន្តមកកម្សាន្តនៅកម្ពុជាឱ្យបាន​កាន់តែច្រើនបន្ថែម​ទៀត​ហើយសូមកុំ​មាន​ការ​ភ័យខ្លាច ជាពិសេសគឺនៅខេត្ត​សៀមរាបដែល​ជា​ខេត្ត​មាន​សក្តានុពល​ផ្នែក​ទេសចរ​ណ៍។

​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខេត្ត​សៀមរាប ក្នុងឱកាសដែលលោកចុះទៅផ្សព្វ​ផ្សាយ​អំពីជំងឺឆ្លងវិរុសកូរ៉ូណានៅ​រដ្ឋបាលខេត្តសៀមរាប នៅរសៀល​ថ្ងៃទី​៣០ ខែមករា​ឆ្នាំ២០២០ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់  បានគូសបញ្ជាក់ថា គិតត្រឹម​ម៉ោង៣រសៀលថ្ងៃទី៣០ខែមករា​នេះ ខេត្តសៀមរាប​គ្មាន​អ្នកឆ្លងវិរុសកូរ៉ូណានោះទេ ហើយអ្នកទេសចរជាតិនិងអន្តរជាតិ​អាច​ដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាដោយសេរី។ លោកវេជ្ជបណ្ឌិតបាន​បន្ដថា គិត​ត្រឹមម៉ោង២ និង៣០នាទីថ្ងៃទី៣០ ខែមករានេះ ស្ថានភាពជនជាតិចិនដែលមានជំងឺផ្លូវ ដង្ហើម​ថ្មីបង្កឡើងដោយវីរុសកូរ៉ូណា ដែលបានសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គឺមានសុខភាពល្អជាធម្មតា ដោយពុំមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ។ ទន្ទឹមនេះ គ្រូពេទ្យ​នឹងព្យាបាលគាត់ជានាពេលឆាប់ៗនេះ ហើយចំពោះអ្នកដែលធ្វើដំណើរនៅតាមយន្តហោះ​ជាមួយ​គាត់ចំនួន១០០នាក់ផ្សេងទៀត មិនមាន​រោគសញ្ញាណាបង្ហាញពីការឆ្លងវីរុសកូរ៉ូណា​នោះទេ។

លោក ពិន ប្រាកដ អភិបាលរង​ខេត្ត​សៀមរាប​ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​នៅមូលដ្ឋាន​ទាំង​អស់ ត្រូវ​ចុះផ្សព្វផ្សាយទៅដល់ប្រជាជននៅតាម​សហគមន៍ឱ្យ​បាន​យល់ច្បាស់ពី​មេរោគ​ឆ្លង​កូរ៉ូណានេះ ដើម្បីកុំឱ្យពួក​គាត់ភ័យខ្លាចហួសពីការពិត៕

ដោយ ឃុត សៅ