សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ចនៅក្រុមហ៊ុនឧស្សាហកម្មការពារជាតិសាធារណរដ្ឋតួកគី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ — តាមការអញ្ជើញទៅបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋតួកគី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ គណៈប្រតិភូក្រសួងការពារជាតិ នៃព្រះរាជា ណាចក្រកម្ពុជាដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការ បរទេសក្រសួងការពារជាតិ បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន នូរ៉ូ ម៉ាគីណា (NuroMakina) ដែលជាក្រុមហ៊ុនឧស្សាហកម្មយោធាផលិតរថពាសដែកដ៏ធំមួយ នៅក្នុងទីក្រុងអង់ការ៉ា នៃសាធារណរដ្ឋតួកគី។ នៅក្នុងឱកាសធ្វើទស្សនកិច្ចនៅក្រុមហ៊ុន NuroMakina ផលិតរថពាសដែករបស់ ប្រទេសតួកគី សម្ដេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃ ចំពោះការរីកចម្រើន ផ្នែកឧស្សាហកម្មយោធារបស់ប្រទេសតួកគី ជាពិសេស រថពាសដែក ដែលផលិតដោយ ក្រុមហ៊ុន NuroMakina មានសមត្ថភាពអាចចល័ត និងធ្វើដំ ណើរគ្រប់ស្ថានភាពផ្លូវទាំងអស់។

សម្ដេចពិជ័យសេនាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូក្រសួង ការពារជាតិកម្ពុជា នៅក្រុមហ៊ុន NuroMakina គឺមានសារៈសំខាន់ ដើម្បីសិក្សាស្វែងយល់ អំពីការរីកចម្រើនឧស្សាហកម្មយោធារបស់ប្រទេសតួកគី។ បន្ទាប់ពីបានធ្វើទស្ស នកិច្ចនៅក្រុមហ៊ុន NuroMakina រួចមក សម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរក៏បានបន្តទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន អែហ្វ អិន អេស អេស ( FNSS) ជាក្រុមហ៊ុនឧស្សាហកម្មយោធាផលិត យានយន្ត រថក្រោះ រថពាសដែក និងវិស្វកម្ម សម្រាប់កងទ័ពតួកគី។ ក្រុមហ៊ុន FNSS ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨៨។ ផលិតផលដំបូងគេដែលក្រុមហ៊ុនបានផលិត គឺរថពាសដែលប្រយុទ្ធ សម្រាប់កង ទ័ពជើងគោកតួកគី។ បន្ទាប់មកក្រុមហ៊ុនបានចាប់ផ្តើម បង្កើតនូវផលិតផល ដោយបានលក់ដល់អតិថិជន ទាំងក្នុងស្រុក និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអម ដំណើរក៏បានអញ្ជើញទស្សនាខ្សែសង្វាក់ផលិតយានយន្ត ឈ្វេងយល់ពីសង្គមនិងវប្បធម៌ របស់ប្រទេសតួកគី ព្រមទាំងបានអញ្ជើញទៅទស្សនាវាំង Topkapi និងសារមន្ទីរ Hagia Sofia ស្ថិតនៅទីក្រុងអ៊ិស្តានប៊ុលផងដែរ៕

ដោយសំ សាម៉ន