កម្ពុជា-ជប៉ុន ចាប់ផ្ដើមពង្រឹងធនធានមនុស្ស និងយន្តការបម្រើដល់យុទ្ធសាស្ត្រជំរុញការ​នាំចេញ​ និងទីផ្សារជូនសហគ្រាសធុនតូច និងមធ្យមកម្រិតមីក្រូនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ — ដោយមានការសហការរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន កម្ពុជា​និងជប៉ុន បានចាប់ផ្ដើមពង្រឹងធនធានមនុស្ស និងយន្ដការបម្រើដល់យុទ្ធសាស្រ្ដ ដើម្បីជំរុញ​ការ​នាំចេញ និងទីផ្សារសម្រាប់លើកកម្ពស់សមត្ថភាពជូនសហគ្រាសធុនតូច និងមធ្យមកម្រិត​មីក្រូនៅកម្ពុជា។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

ក្នុងពិធីបើកសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍ពីខ្សែសង្វាក់តម្លៃតាមរយៈការភ្ជាប់ទំនាក់​ទំនងរវាង​សហគ្រាសធុនតូច និងមធ្យមកម្រិតមីក្រូ (Benefiting from Value Chains through MSME Linkages)” កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំ​ឡើងក្នុងគោលបំណងជួយរួមចំណែក គាំទ្រកម្មវិធីពង្រីក ពង្រឹងធនធានមនុស្ស ដែល​ជាយន្ត​ការបម្រើដល់យុទ្ធសាស្ត្រជំរុញការនាំចេញរបស់អាស៊ានជាពិសេសសម្រាប់កម្ពុជា ដោយ​ផ្តោត​សំខាន់ផ្តល់នូវចំណេះដឹង និងពង្រឹងសមត្ថភាពជូនសហគ្រាសធុនតូច និងមធ្យមកម្រិត​មីក្រូនៅកម្ពុជា និងពីរបៀបត្រៀមរៀបចំខ្សែសង្វាក់តម្លៃរបស់ខ្លួនឱ្យស្របតាមស្តង់ដារក្រុម​ហ៊ុនជប៉ុន ក៏ដូចជាក្រុមហ៊ុនដែលមានកម្រិតស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍មួយចំនួនទៀត​នៅលើពិភពលោក។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងពីការអភិវឌ្ឍនៃប្រទេស កម្ពុជា ដែលលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តនូវការអនុវត្តយុទ្ធសាស្រ្តចតុ កោណ ដំណាក់កាលទី៤ ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេស ទាំងពីរឱ្យមានប្រៀប​លើការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោក ដែលកំពុងធ្វើ​បដិវត្តន៍​ឌីជីថល ៤.០។ ជាមួយ​គ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាជាមួយជប៉ុន នៅឆ្នាំ២០១៨ មានទំហំទឹកប្រាក់​ប្រមាណជាង១,៥៨៨ លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំចេញទៅ​ជប៉ុន​នូវទំនិញសក្តានុពល​មួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង ខ្សែអ៊ីសូឡង់ និងបរិក្ខារអគ្គិ​សនី។ល។

ឯកឧត្តមក៏បានបន្ថែមថា ផ្អែកតាមកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីឆ្នាំ​១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ គម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ២,៥ពាន់លានដុល្លារ ផ្តោតសំខាន់លើផលិតផលគ្រឿង​បង្គុំអគ្គីសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែ​ច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ក្រៅពីគម្រោងវិនិ​យោគ​ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃសកម្មភាព​ធុរកិច្ច​ជប៉ុនតូចធំ ប្រមាណ១,៧០០ ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យដូចជា វិស័យ​ធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋាន ជាដើម។

សូមបញ្ជាក់ថា សិក្ខាសាលានេះ ក៏បានការអញ្ជើញចូលរួមពីឯកឧត្តម Masatake Fujita អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំង សមាជិក នៃប្រតិភូ​ទាំងអស់​ដែលបានសហការ​ជាមួយក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលានេះឡើងដោយមាន​ការ​ចូលរួមពីវាគ្មិនជំនាញចែកជូននូវបទបង្ហាញដ៏មានសារៈប្រយោជន៍ដល់សិក្ខាកាម ដែលប្រ ព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២០៕

ដោយ ឡុង ស៊ីវ៉ាន់