អគ្គនាយកក្រុមហ៊ុន Smart Axiata នាំយក​ថវិកា​សប្បុរស​ធម៌ចំនួន១០០.០០០ដុល្លារអាម៉េរិក មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ — អគ្គនាយកក្រុមហ៊ុនក្រុមហ៊ុន Smart Axiata បាននាំ​មកនូវ​ថវិកា​សប្បុរស​ធម៌ចំនួន ១០០.០០០  ដុល្លារអាម៉េរិក ដែលទទួលបានពីការប្រគំតន្ត្រី​សប្បុរសធម៌ដើម្បីស្នាមញញឹម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៩ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅ​ទីស្តី​ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួល​ជួបលោក Thomas Hundt អគ្គនាយក និងគណៈប្រតិភូនៃក្រុមហ៊ុន Smart Axiata។

ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយក​រដ្ឋមន្ត្រី​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងគាំទ្រ ពីសំណាក់ក្រុមហ៊ុន Smart Axiata ដែលបានរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ដើម្បីស្នាមញញឺមរបស់កុមារនៅកម្ពុជានេះ។ កាយវិការដ៏សប្បុរសនេះ គឺការរួមចំណែកដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់ការចូលរួមផ្សព្វផ្សាយ និងបំផុសស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេស ទឹកចិត្តខ្មែរជួយខ្មែរ ឱ្យបានកាន់តែទូលំទូលាយនិងក្លាយជាវប្បធម៌មួយដ៏ប្រពៃ។ សកម្មភាពនេះក៏បានបង្ហាញផងដែរអំពីការចូលរួមចំណែ​ក​​នៃវិស័យធុរកិច្ចក្នុងសកម្មភាពសង្គម ជាពិសេស តាមរយៈការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជារា​ប់​លាននាក់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយក​រដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរពីសវតា និងប្រវត្តិរបស់មន្ទីរពេទ្យគន្ធបុប្ផា និងវីរភាពរបស់លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត Beat Richer ដែលបានខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះកុមារកម្ពុជា នាពេលកន្លងមក ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយក​រដ្ឋមន្ត្រី ក៏បានលើកសរសើរ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនស្វ៊ីស ដែលតែងតែផ្តល់ការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយក្នុងខណៈពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចម្រើន ក្រោមដំបូលសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងខិតខំបន្ថែមទៀតក្នុងការបន្តគាំទ្រ និងធានាឱ្យបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យនេះ ។

លោក Thomas Hundt បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹក ទទួលគណៈប្រតិភូនៃក្រុមហ៊ុន Smart Axiata និងបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះ ដើម្បីចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា។ លោក Thomas Hundt ក៏បាន​សម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រដល់​ការគិតគូរ​របស់រាជរដ្ឋាភិបាល ​ក្នុង​ការងារ​មនុស្សធម៌នេះ និងបាន​សន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមមធ្យោបាយនានាដែលអាចធ្វើបាន។ ​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Smart Axiata បន្តខិតខំ និង​ពង្រីកការវិនិយោគឱ្យបានកាន់តែទូលំទូលាយ ដើម្បីការអភិវឌ្ឍទាំងក្រុមហ៊ុន និងការរួមចំណែកអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងបន្តលើកទឹកចិត្តដល់គណៈគ្រប់គ្រង និងបុគ្គលិក​គ្រប់ជាន់​​ថ្នាក់នៃក្រុមហ៊ុន Smart Axiata ក៏ដូចជាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបណ្តាសាធារណជន ឱ្យចូលរួមបរិច្ចាគ និង​ចូល​ជា​សមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាធានាឱ្យបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីភាព​ញញឹមរបស់កុមារក្រោម​ដំបូល​សន្តិ​ភាព៕

ដោយ គង់ សិរីរ័ត្ន