រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច អះអាងថា ៣ ឬ ៥ឆ្នាំខាងមុខ កម្ពុជានឹងមានលទ្ធភា​ពធ្វើផ្លូវស្ត​ង់​ដា​​​រខ្ពស់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម វង្សី វិស្សុត រដ្ឋ​លេ​ខា​ធិ​កា​រ​ប្រ​ចាំ​កា​រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន អះអាងថា រាជរដ្ឋាភិបាលនឹងមាន​គោលនយោ​បាយ​ក​សា​​ងហេ​ដ្ឋារ​ចនាសម្ព័ន្ធទៅតាម កំណើនសេដ្ឋកិច្ច ហើយ៣ ឬ ៥ឆ្នាំ ខាងមុខ កម្ពុជានឹងមានលទ្ធភា​ព​ធ្វើ​​ផ្លូវស្ត​ង់​ដា​​​រខ្ពស់។

ការអះអាងនេះធ្វើឡើងក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង ច្បា​ប់​ថវិកា ឆ្នាំ២០២០ នៅថ្ងៃទី៣០ ខែមករានេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្លើ​យ​ត​ប​ទៅ​​នឹ​​​ងការលើកឡើងរបស់មហាជនដែលតែងរិះគន់ថា ផ្លូវថ្នល់កម្ពុជាមានគុណភាព អន់ ចាក់​មុ​ខ​ខូ​ចក្រោយ ចាក់ក្រោយខូចមុខ ឬចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង ជាដើម។

ឯកឧត្តម វង្សី វិស្សុត រដ្ឋ​លេ​ខា​ធិ​កា​រ​ប្រ​ចាំ​កា​រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ​ត្ថុបា​ន​ទ​ទួ​ល​ស្គា​ល់ថា ពិតជាមានបញ្ហាអវិជ្ជមានទាំងនេះមែន ក៏ប៉ុន្តែមិនមែនផ្លូវថ្នល់ទាំងអស់​សុទ្ធតែខូ​ច​ គ្រ​ប់​​ក​ន្លែ​ង​នោះ​​​ដែរ។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការបានបង្ហាញ​សញ្ញាវិជ្ជមានជា ច្រើនទាក់ទ​ង​កា​រក​សា​ង​ហេដ្ឋារចនាសម្ព័ន្ធនាពេលខាងមុខដោយបានប​ញ្ជាក់ថា «​ចាំមើ​ល ចុះ ៣ឆ្នាំ ទៅ​ ៥​ឆ្នាំ​ទៀ​​ត ​ផ្លូវ​ជាតិលេខមួយទាំងអស់សុទ្ធតែផ្លូវដឹកដោយសេរី លេងស្តង់ដារ​ខ្ពស់ហ្មង ​ធ្លាប់​ធ្វើ​អា​មួ​យ​​គីឡូក​ន្លះ​លា​ន យើងនឹងធ្វើអាមួយគី​ឡូ២លានដុល្លារមើល៍ ឥឡូវទៅ​ប​ណ្តើរ​ៗ​ហើ​យ​ ​»។

បញ្ហាផ្លូវខូចកន្លងមក ឯកឧត្តម វង្សី វិស្សុត រដ្ឋ​លេ​ខា​ធិ​កា​រ​ប្រ​ចាំ​កា​របានបកស្រាយថា មានកត្តាជាច្រើន។ម្យ៉ាងមកពី​មានអភិបាលកិច្ចមិនល្អក្នុងការស្ថាបនា និងម្យ៉ាងធំមួយ​ទៀ​ត​នោះ​​គឺ​ ប្រទេសយើងក្រមានលុយតិចហើយត្រូវធ្វើសមាហរណកម្មទាំងក្នុងនិងក្រៅប្រទេស ដូ​ច្នេះ ​ដើម្បីបានការតភ្ជាប់បានវែងពីខេត្តមួយទៅខេត្តមួយពីក្រុង​មួយទៅក្រុងមួយគោលនយោ​បា​យ​យើងសម្រេចធ្វើផ្លូវគុណភាពទាប ប៉ុន្តែបានវែង។

ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថា «ចាក់មុខខូចក្រោយ ចាក់ក្រោយខូចមុខ៖ ទី១. វា​មា​នហេតុអីចឹងមែន ការគ្រប់គ្រងអភិបាល​កិ​ច្ច​មិ​ន​​​បានល្អ មានកន្លែងអីចឹងមែន ប៉ុ​ន្តែមិ​នមែ​ន​គ្រ​​ប់កន្លែងទេ។ ទី២. ពីមុនយើងមានគោលនយោ​បា​​យ​មួយលុយយើងប្រទេសវាក្រ យើ​ង​​យក​ស្ត​ង់ដារផ្លូវទាប បើធ្វើល្អបានខ្លី  ហើយត្រូវកា​រ​ស​មា​ហរណ​ក​ម្មក្នុ​ងប្រ​ទេ​សផ​ង​ក្រៅ​ប្រ​ទេ​សផង យើងត្រូវការអាវែងសិន បើ​អា​វែងលុ​យតិ​ច​គុ​ណ​ភាពទាប​ ទើបវាបានវែង វាបា​ន​ត​ភ្ជាប់គ្នា បើ​ធ្វើ​ខ្លីអត់ភ្ជាប់ដដែល ដូច្នេះចាយអាគុណភា​ពទាប … អាអន់ៗទាំងអស់ លុ​យ​វា​តិ​ច​ តែគុ​ណ​ភា​ពទាប វាឆាប់ខូចហើយ»។

សម្រាប់គោលការណ៍គន្លឹះក្នុងការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០២០នេះរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះមួយចំនួនដូចជា ប្រើប្រាស់ឥណទានសម្រាប់​ហិ​​​រ​​ញ្ញ​ប្ប​ទា​នគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈត្រូវមានស្តង់ដារ និ​ង​គុ​ណ​ភាពខ្ពស់ ស្រ​ប​តាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រ​​ម​ទាំ​ង​ឆ្លើ​យ​ត​ប​ទៅនឹង​ត​ម្រូ​វ​កា​រ​នៃ​ការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាព​សេ​ដ្ឋ​កិ​ច្ច សង្គម បរិ​ស្ថា​ន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ៕

ដោយ គង់ សិរីរ័ត្ន ( រូបភាព៖ សួស សាវី)