អន្តរក្រសួងពិនិត្យគម្រោងសាងសង់អគារពហុមុខងារស្ដារអូហ្សិនបេវិយូរ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ — នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម សូ ខន​ ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី​ ការពិនិត្យ និងផ្តល់ យោបល់លើរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោង​សាងសង់អគារពហុមុខងារ ស្ដារ អូហ្សិន បេ វិយូរ។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា គម្រោង​សាងសង់អគារពហុមុខងារ ស្ដារ អូហ្សិន បេ វិយូរលើផ្ទៃដីទំហំ ៧២.១១៥ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ របស់ក្រុមហ៊ុន ថៃ ប៊ុន រ៉ុង (ម្ចាស់គម្រោង) និងសិក្សាវាយ តម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី&អេ ខនសាល់ធេន។

ប្រភពដដែលបន្តថា កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីឯកឧត្ដម លោក និងលោកស្រីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការ ដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និង តំណាងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋបាលខេត្ដព្រះសីហនុ មន្ទីរបរិស្ថានខេត្ដព្រះសីហនុ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា​ សរុបចំនួន​ ៣៥នាក់។

ជាមួយគ្នានោះ អង្គប្រជុំ​បានទទួលលទ្ធផល​រួមមាន៖ ១-​ អង្គប្រជុំ​ បានគាំទ្រលើ គម្រោងនេះ។ ២-​ម្ចាស់គម្រោង​គួររំលេចរចនាបថខ្មែរ ខ្លះនៅក្នុងសំណង់អគារ។ ៣-​ ម្ចាស់គម្រោង​ត្រូវចូលរួមប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។ ៤-​ ម្ចាស់គម្រោង​ ត្រូវគ្រប់គ្រងសំណល់រឹង-រាវ​ ឱ្យបានត្រឹមត្រូវដោយគោរពទៅតាមបទដ្ឋានបច្ចេកទេស។ ៥-​ ម្ចាស់គម្រោង​ត្រូវបញ្ចូលបន្ថែមច្បាប់សំណង់ថ្មីៗ និងគោរពឱ្យបានខ្ជាប់ខ្ជួន។ ៦-​ ម្ចាស់គម្រោង​ត្រូវញែកឱ្យដាច់រវាងប្រព័ន្ធ​រំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់។ ៧-​ ម្ចាស់គម្រោង​ ត្រូវគោរពតាមលក្ខខណ្ឌ​ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានកំណត់សម្រាប់ចំណតរថយន្ដ។ ៨-​ម្ចាស់គម្រោង​ ត្រូវរៀបចំប្រព័ន្ធការពារសុវត្ថិភាពឱ្យស្របតាមបទដ្ឋានបច្ចេកទេស។ ៩-​ ម្ចាស់គម្រោង​ ត្រូវមានវគ្គបណ្ដុះបណ្ដាល​បុគ្គលិក-កម្មករឱ្យបាន​យល់ដឹងពីគ្រប់គ្រងសំណល់ និងពីការថែរក្សាបរិស្ថាន។ ១០​-​ ម្ចាស់គម្រោង​ ត្រូវពិនិត្យផ្ទៀងផ្ទាត់​ចំពោះការបង់មូល និធិបរិស្ថាន​ និងសង្គម។ ១១-​ ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែ សម្រួលរបាយការណ៍នេះ​ ស្របតាមស្មារតីអង្គប្រជុំ​៕

ដោយ ពេជ្រ ណារិទ្ធ