អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យលោកគ្រូ អ្នកគ្រូ ជួយអប់រំសិស្សានុសិស្ស ដើម្បីឱ្យយល់ពីគុណតម្លៃនៃសន្តិភាព

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យលោកគ្រូ អ្នកគ្រូ ជួយ​អប់រំសិស្សានុសិស្សដើម្បីឱ្យយល់ពីគុណតម្លៃនៃសន្តិភាព ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការ ស្រឡាញ់សន្តិភាព ហើយរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្សដែលមិនឱ្យអ្នកមកបំផ្លាញ​បានឡើយ។

ថ្លែងក្នុងពិធីបើកសន្និបាតការងារអប់រំរបស់មន្ទីរអប់រំយុវជននិងកីឡារាជធានី​ភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា មានសន្តិភាពទើបមានអ្វីៗទាំងអស់​ពិសេស​មានសាលារៀនគ្រប់កម្រិត ដែលបើកទ្វារឱ្យសិស្សានុសិស្សបានចូល រៀនក្រេប​យកចំណេះ​ដឹង ដើម្បីពង្រីកសមត្ថភាពកសាងអនាគតនាពេលខាមុខដោយគ្មានការភ័យខ្លាច។ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សន្តិភាពនេះក៏បានបង្កលក្ខណៈសព្វបែប យ៉ាងដល់​លោកគ្រូ អ្នកគ្រូក្នុងការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួន ហើយទទួលបានប្រាក់បៀវត្សរ៍​កាន់​តែមានកម្រិតខ្ពស់ក្នុងការផ្គត់ផ្គង់ជីវភាពកាន់តែល្អប្រសើរ។ ឯកឧត្ដមបន្ដថា ការអប់រំសិស្សានុ​សិស្ស និងសង្គមឱ្យស្រឡាញ់សន្តិភាព គឺធានាឱ្យកម្ពុជានៅតែរក្សាបានសុខសន្តិភាព ប្រទេសជាតិ និងប្រជាពលរដ្ឋមានអ្វីៗទាំងអស់ ហើយទោះក្នុងរូបភាពណាក៏ដោយមិនឱ្យ​ជនអគតិណាមួយមកបំផ្លិចបំផ្លាញសុខសន្តិភាពនេះបានឡើយ ខណៈសម្តេចតេជោ ហ៊ុន សែន បានកសាងសុខសន្តិភាពជូនកម្ពុជាមកដល់ពេលនេះបានដោយលំបាកណាស់។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់លោកគ្រូអ្នកគ្រូទំាងអស់​ត្រូវបង្កើន​គុណភាពអប់រំដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគេមានសមត្ថភាពពេញលេញ ក្លាយជាធន​ធានមនុស្សពិតប្រាកដ ដើម្បីសម្រាប់ការអភិវឌ្ឍប្រទេសជាតិផង និងអភិវឌ្ឍន៍ អនាគតរបស់​ខ្លួនផង។

បើតាមរបាយការណ៍របស់លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និង​កីឡារាជធានីភ្នំពេញបានឱ្យដឹងថា មន្រ្តីគ្រប់គ្រង លោកគ្រូ​អ្នកគ្រូនៅទូទំាងរាជធានីភ្នំពេញ​បាន​បំពេញការងារតួនាទីរៀងៗខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីធានាឱ្យ​ការអប់រំ ប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ន និងលើក កម្ពស់ឱកាសនៃការសិក្សាពេញ​មួយជីវិត សម្រាប់ទាំងអស់គ្នាទាំង ក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ។

សូមបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញមានគ្រឹះស្ថាន សិក្សាសាធារណៈរបស់រដ្ឋ​ដូចជា​សាលាបឋមសិក្សាចំនួន១៦៤ទីតាំង អនុវិទ្យាល័យ វិទ្យាល័យមានចំនួន៦៨សាលា និង​សាលាមតេ្ដយ្យសិក្សា មតេ្ដយ្យសហគមន៍ មាន១៥៨ទីតាំង​ ទាំងរដ្ឋ និងឯកជនសរុបទាំងអស់​មាន​ជាង៣០ម៉ឺននាក់ ៕

ដោយ សួស សំរិត