រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំពិភាក្សាលើគម្រោងផែនការសាងសង់ផ្លូវថ្មើរជើងមាត់ទន្លេ ចាប់ពីមុខព្រះបរមរាជវាំង ដល់មុខវត្ដភ្នំ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ — រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមពិភាក្សាលើផែនការបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងថ្មី មួយកន្លែងក្នុងរាជធានីភ្នំពេញ ស្របតាមដងទន្លេសាបចាប់ពីតំបន់រមណីយដ្ឋានវត្តភ្នំ ដល់​មុខព្រះបរមរាជវំាង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់សាលារាជធានី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា​រដ្ឋបាលរាជធានី​ភ្នំពេញ បានចុះសិក្សាពីបញ្ហាផ្សេងៗ និងកំណត់ ទីតំាងមួយចំនួនដើម្បីឆ្ពោះ​ទៅបង្កើតផ្លូវ​ថ្មើរ​ជើងដែលចេញពីខាងមុខប្រៃសណីយ៍កម្ពុជា រហូតដល់តំបន់មុខព្រះបរមរាជវាំងនៅ ពេល​ឆាប់ៗ​នេះ ដែលឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង​ថា អាជ្ញាធរត្រៀមកែលម្អចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌នាពេលរាត្រី រួមទំាងផ្សារាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែងលក់វត្ថុ​អនុស្សាវរីយ៍ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ ដែល​ឆ្លើយ​តបទៅនឹងតម្រូវការនៃការបង្កើតផ្លូវថ្មើរជើងប្រកបដោយភាពទាក់ទាញ។ លោកប្រធានមន្ទីរ​បន្ដថា គម្រោងកែលម្អទំាងនេះគឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុម នីយកម្មរវាងវិស័យ​ទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង ពោលគឺធានាបានសណ្តាប់ធ្នាប់​ចរាចរណ៍​ ​និងមិនរំខាន់ដល់ផ្លូវថ្មើរជើង។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបន្ថែមថា គម្រោងបង្កើតផ្លូវថ្មើរជើងនេះ​នឹងក្លាយ​ជា​កញ្ចប់ទេសចរណ៍ថ្មីសម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមក​លេង​រាជ​ធានីភ្នំពេញបានកាន់តែច្រើន។ ឯកឧត្ដមបានបន្ដថា តាមរយៈផ្លូវថ្មើរជើងនេះ ភ្ញៀវ​ទេសចរ​អាចមានជម្រើសដើរលេងកម្សាន្តច្រើន ដូចជា នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ សួន​កុមារ ប្រៃសណីយ៍ ផ្សាររាត្រី តំបន់ទេសភាពមាត់ទន្លេដ៏ស្រស់ស្អាត វត្តឧណ្ណាលោម សារមន្ទីរ​ជាតិ ព្រះបរមរាជវំាង ដែលធ្វើឱ្យភ្ញៀវដើរទស្សនាកម្សាន្តសប្បាយប្រកបដោយ​ភាព​រីករាយ។ ឯកឧត្ដមក៏បានណែនាំដល់ក្រុមការងារឱ្យសិក្សាពីពេលវេលា ប្រព័ន្ធបញ្ជៀស​ចរាចរណ៍ និងកន្លែងចំណតយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានធ្វើដំណើរការដោយរលូន គ្មានការរំខានដល់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះ​អាចបង្កើតឡើងក្នុងមួយសប្តាហ៍​ចំនួន​៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៦ រសៀល ដល់ម៉ោង១២យប់​ហើយមិនអនុញ្ញាតឱ្យមានយាន្តជំនិះផ្សេងៗឆ្លងកាត់ឡើយគឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។ គម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងនេះបានធ្វើឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាល​សាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍៕

ដោយ សួស សំរិត