ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ ប្រភេទកីឡាប្រណាំងទូកកម្ពុជាកាន់តែរីកចម្រើន តម្រង់ទិសឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ — ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ និងទូករ៉ូអ៊ីងកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងគាំទ្របណ្តើរៗពីមហាជនចាប់តាំងពីសហព័ន្ធបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ទទ្ទឹមគ្នានេះសមត្ថភាពរបស់កីឡាករកីឡាការិនី ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាស់ ក្នុងគោលដៅតម្រង់ទិសបាញ់ឆ្ពោះទៅទៅទទួលរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិទូកនាគ ជ្រើសរើសជើងឯកភូមិភាគវាលរាប ពានរង្វាន់សម្តេចក្រឡា ហោម ស ខេង លើកទី២ កាលពីល្ងាច​ថ្ងៃពុធ ៥កើត ខែ​មាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តមអនុប្រធានទី១បានបន្ថែមថា ទោះយ៉ាងណាក៏ដោយ ដើម្បីឱ្យប្រភេទកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណី ឬហៅថា ទូកនាគកាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាពអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អនោះ យើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែខ្ពស់ ទាំងការបណ្តុះបណ្តាល ទាំងការប្រកួតបង្កើនគុណភាពបច្ចេទេសរបស់កីឡាករ កីឡាការិនី ឱ្យកាន់តែប្រសើរបន្ថែម ទៀត។ ទាំងអស់គ្នាត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ កីឡាការិនី នៅតាមបណ្តាសមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ និងទូករ៉ូអ៊ីងទូទាំងប្រទេស។ ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ដូចជាសមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន។ ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជាចូលរួមប្រកួត ទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ និងត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងសមាគមកីឡាទូកទូទាំងប្រទេស ក្នុងការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធបានឱ្យដឹងថា ការប្រកួតកីឡាទូកប្រពៃ ណី ខ្នាតអន្តរជាតិ ទូកនាគ ជ្រើសរើសជើងឯកភូមិភាគវាលរាប ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ មានរយៈពេល២ថ្ងៃនេះមាន ក្រុមនិងសមាគមចូលរួមប្រកួត រួមមាន៖ សមាគមកីឡា ទូកខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តព្រៃវែង និងសមាគមកីឡាទូក ខេត្តត្បូងឃ្មុំ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ប្រមាណជាង ១៤៤នាក់។

សូមបញ្ចាក់ថា ចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាបុរស-នារីចម្រុះ បានទៅលើសមាគមកីឡាទូកខេត្តកណ្តាល ក្រុម១, ចំណាត់ថ្នាក់លេខ២ សមាគមកីឡាទូកខេត្តកណ្តាល ក្រុម២ និងចំណាត់ថ្នាក់លេខ៣ បានទៅលើសមាគមកីឡាទូកខេត្តកំពង់ចាម និងជ័យលាភីចំណាត់ថ្នាក់លើវិញ្ញាសាមួយចំនួនទៀតផងដែរ ៕

ដោយ ហេង ណាលីន