កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិវាទការងារ ក្នុងការទប់ស្កាត់កាត់បន្ថយការធ្វើកូដកម្ម និងបាតុកម្មខុសច្បាប់

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០–នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្ត ម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីវិវាទការងារ ការទប់ស្កាត់ និងកាត់បន្ថយការធ្វើកូដកម្ម បាតុកម្មខុសច្បាប់នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីអ្នកសារព័ត៌មាន អាជីវករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារ កាស៊ីណូ ក្នុងខេត្តព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ប្រមាណជិត ៣០០នាក់ ។

ឯកឧត្តម គួច ចំរើន មានមតិសំណេះសំណាលបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិវាទការងារការទប់ស្កាត់ កាត់បន្ថយការធ្វើកូដកម្ម និងបាតុកម្មខុសច្បប់នៅខេត្តព្រះសីហនុ ក្នុងគោលបំណងរួមគា្នដោះស្រាយ ដោយផ្អែកលើកត្តាសេដ្ឋកិច្ចទាក់ទងនឹងវិស័យការងារមានទំនាក់ទំនងការធ្វើបាតកម្ម កូដកម្ម ។ ក្នុងនាមរដ្ឋបាលខេត្ត និងមន្ទីរការងារដែលជាសេនាធិការ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ទាក់ទងនឹងវិស័យការងារនៅខេត្តព្រះសីហនុ ដែលមានអ្នកវិនិយោគិនចិនច្រើន មកបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុរបស់យើង  ហើយវីរុស ការ៉ូណា ក៏បានកើតលើជនបរទេសជនជាតិចិនម្នាក់ មកកម្សាន្តខេត្តព្រះសីហនុ ក៏ប៉ុន្តែស្ថានភាពអ្នកជំងឺមានសុខភាពល្អ ដែលមន្ត្រីសុខាភិបាលបានយកចិត្តទុកដាក់ពិនិត្យ ព្យាបាល និង យកសំណាកទៅពិសោធន៍នៅមជ្ឈមណ្ឌលប៉ាស្ទ័រ រាជធានាភ្នំពេញជាបន្តបន្ទាប់ ដើម្បីចៀសវាងការឆ្លងមកអ្នកដទៃ ។

ឯកឧត្តម គួច ចំរើន បន្តថា កិច្ចប្រជុំផ្សព្វផ្សាយវិវាទការងារពិតជាមានសារ:សំខាន់ណាស់ បានបង្ហាញនូវបទពិសោធន៍ ការទទួលខុសត្រូវ និងការចែករំលែកនូវចំណេះដឹងថ្មីៗ ដើម្បីរួមគ្នាដោះស្រាយឱ្យកាន់តែល្អប្រសើរថែមទៀត និងរកនូវចំណុចប្រឈមនានា ដើម្បីឈានទៅការបញ្ចប់វិវាទខាងការងារ ចូលរួមអភិវឌ្ឍន៍ខេត្ត ប្រកបដោយសុខដុមរមនីយកម្ម។ ដោយ សាររយ:ពេលកន្លងមក មានសកម្មភាពតវ៉ា រវាងកម្មករសំណង់ និងថៅកែ បុគ្គលិកកាស៊ីណូ ជាមួយថៅកែ មិនបើកប្រាក់ខែជាដើម ក៏ប៉ុន្តែគណ:កម្មការដោះស្រាយវិវាទការងារបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីដោះស្រាយផលប្រយោជន៍ អត្ថប្រយោជន៍ដល់កម្មករ និងសង្គមជាតិទាំងមូលបានល្អ។ ព្រោះការវិវាទមានផលប៉ះពាលដល់ពេលវេលា យើងត្រូវរួមគ្នាដោះស្រាយរឿងធំឱ្យទៅជារឿងតូច ចំពោះរឿងតូចត្រូវបញ្ចប់ប្រកបដោយសន្តិវិធីដោយយក គោលនយោបាយឈ្នះឈ្នះ ។ ការវិវាទការងារបច្ចុប្បន្នភាគច្រើនទាក់ទងនឹងសេដ្ឋកិច្ច និងផលប្រយោជន៍ ដូច្នេះយើងត្រូវធ្វើការដោះស្រាយសម្របសម្រួល ដើម្បីផលប្រយោជន៍របស់យើងទាំងអស់គ្នា ។ ការវិវាទបិទផ្លូវ និងដុតកង់ឡាន មិនមែនជាដំណោះស្រាយល្អនោះទេ ដំណោះស្រាយល្អ គឺការដោះស្រាយដោយសន្តិវិធី ដោយមានការចូលរួមជជែកពិភាក្សាទើបជាដំណោះស្រាយល្អ ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានពិត បានចូលរួមចំណែកអភិវឌ្ឍន៍សង្គម ម្យ៉ាងទៀតការផ្សព្វផ្សាយព័ត៌មានបែបញុះញង់ធ្វើឱ្យមានគ្រោះថ្នាក់ ដល់សង្គមជាតិ។ ដូចនេះអ្នកសារព័ត៌មាន មានតួនាទីក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មានពិតក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។

លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ ស្ដីពីវិវាទការងារមាន៧ ក្នុងនោះមាន៖ ទី១-តើអ្វីទៅជាការផ្សះផ្សា នរណាជាអ្នកផ្សះផ្សា?, ទី២-យន្តការសម្របសម្រួលនៅសហគ្រាស, ទី៣-វិវាទការងារ មានពីរ គឺវិវាទការងារបុគ្កល និងវិវាទការងាររួម, ទី៤-លទ្ធផលវិវាទការងារឆ្នាំ២០១៩, ទី៥-បញ្ហាប្រឈម, ទី៦-ដំណោះស្រាយ, និងទី៧-សំណូមពរ ៕

ដោយ ងូ សុមុនី