អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធក្រុងបាត់ដំបង ដើម្បីឱ្យទាន់បុណ្យទន្លេលើកទី៦

AKP បាត់ដំបង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០​ — នៅថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបាន អញ្ជើញចុះពិនិត្យ និងពន្លឿនការរៀបចំកែលម្អនូវសោភណភាពក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង តាមរយៈការអភិវឌ្ឍរៀបចំច្រាំងស្ទឹងសង្កែទាំងត្រើយខាងកើត និងត្រើយខាងលិច ព្រមទាំងការរៀបចំនូវសណ្តាប់ធ្នាប់សាធារណៈ ឱ្យទាន់ពិធីបុណ្យទន្លេលើកទី៦ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យការដ្ឋានចាក់ក្រាលកៅស៊ូបេទីមមីណ័រ ដែលកំពុងដំណើរការនៅចំណុចស្ពានថ្មសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយក្នុងនោះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ការចាក់ក្រាលកៅស៊ូបេទីមមីណ័រដែលកំពុងតែដំណើរការនេះ គឺជាកិច្ចការបន្ថែម ដែលនៅសេសសល់ពីមុនមក ខណៈដែលរដ្ឋបាលខេត្តបានធ្វើការកែលម្អកាលពីឆ្នាំ២០១៩ កន្លងមក។ សម្រាប់ការចាក់ក្រាលកៅស៊ូនៅថ្ងៃនេះ គឺមានប្រវែងប្រមាណ ២០.០០០ម៉ែត្រក្រឡា និងជាកិច្ចការបង្ហើយដែលនៅសេសសល់ពីមុនមក។

ក្នុងនោះមានដូចជា ចាក់ក្រាលកៅស៊ូនៅចន្លោះផ្លូវច្រមុះជ្រូក សួនច្បារនាគសន្តិភាព ដែលជាចំណុចគោលដៅសំខាន់ ក្នុងការរៀបចំនូវវេទិកាព្រឹត្តិការណ៍បុណ្យទន្លេនៅថ្ងៃខាងមុខឆាប់ៗនេះ, ផ្លូវចុះពីស្ពានថ្មសម្តេចតេជោ ហ៊ុន សែន មកទល់ស្តុបស្វាយប៉ោមុខសាលាខេត្តជាដើម។ ក្រៅពីនោះក៏មានការកែលម្អ និង រៀបចំបំពាក់នូវប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសំខាន់ៗដែលជាក្រវាត់ក្រុងទាំងមូលផងដែរ ដូចជាផ្លូវវៀងរង្វង់មូលយាយទេព ផ្លូវភ្លោះអតីតស្ពានថ្មចាស់ នៅមុខសាលាខេត្តចាស់ ការកែលម្អ និង បង្វែរផ្លូវទឹកក្នុងស្ទឹងសង្កែ ការកែលម្អ និងធ្វើជម្រាលច្រាំងស្ទឹងសង្កែទាំងសងខាង ការពង្រីកទីធ្លាផ្លូវដើរហាត់ប្រាណ នៅតាមមាត់ស្ទឹង   សង្កែត្រើយខាងកើត និងរៀបចំធ្វើបង្កាន់ដៃវ៉េរ៉ង់ដានៅទីនោះប្រមាណ ៧០០ម៉ែត្រ សម្រាប់ ការឈរកម្សាន្តតាមមាត់ស្ទឺង និងរក្សាសុវត្ថិភាពនៅទីនោះផងដែរ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២០នេះ ខេត្តបាត់ដំនឹងមានរៀបចំនូវព្រឹត្តិការណ៍ថ្នាក់ជាតិសំខាន់ៗ ដូចជា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ព្រឹត្តិការណ៍បុណ្យរុក្ខទិវា ដែលនឹងប្រព្រឹត្តទៅក្រោមព្រះរាជវត្តមាន របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)