ក្រសួងការងារ ប្រកាសដាក់ឱ្យប្រើប្រាស់ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសពលករ ដើម្បីផ្តល់សារៈសំខាន់ដល់ពលករ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ — ក្រសួងការងារកម្ពុជាបានការដាក់ឱ្យប្រើប្រាស់ក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើស ឯកជនកម្ពុជា ដែលមានសារៈសំខាន់ណាស់ដើ ម្បីធានាការធ្វើទេសន្តរប្រវេសន៍​ការងាររបស់​ពលករ ទេសន្តប្រវេសន៍។

ក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជន​កម្ពុជា កាលពីព្រឹកថ្ងៃទី២៩ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគាភ្នំពេញ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ក្រមសីលធម៌នេះ​នឹងជួយពលករទទួលបានលទ្ធផលជោគជ័យ និងបទពិសោធន៏ជាវិជ្ជមាន ក៏ដូចជាទទួល​បាននូវការការពារសិទ្ធិ និងគាំទ្រដល់ពួកគេក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកប​ដោយចីរភាព និងបរិយាប័ន្ន សម្រាប់ពលករផ្ទាល់ខ្លួន សមាជិកគ្រួសារ សហគមន៍ និង​ប្រទេស​ជាតិទាំងមូល។ ឯកឧត្ដមបានបញ្ជាក់ថា ក្រមសីលធម៌នេះ គឺជាឧបករណ៏មួយដែ លអាចអនុវត្តន៍បានដោយទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់ ដោយបានដាក់ចេញ​នូវ​គោល​ការណ៍គ្រឹះ ជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិសម្រាប់​ទីភ្នាក់ងារជ្រើស រើសឯកជនកម្ពុជាទាំងអស់អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ការទទួលខុស​ត្រូវ និងគោរពក្រមសីលធម៌ខ្ពស់ក្នុងការគ្រប់គ្រងការជ្រើសរើស ការបណ្តុះបណ្តាល ការ​បញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា ក្រមសីល​ធម៌នេះ នឹងរួមចំណែកពង្រឹងប្រសិទ្ធិភាពនៃការការពារ ការលើកកម្ពស់សិទ្ធិការងារ ក៏ដូចជា សុខុមាលភាពរបស់ពលករទាំងនៅក្នុងស្រុក និងនៅបរទេស។ ជាមួយគ្នានេះ ក៏ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុងការគាំទ្រការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាប្រកប​ដោយ​គណ​នេយ្យភាពផង ហើយក៏ជាប្រភពដែលមានសារៈប្រយោជន៍សម្រាប់ពលករ​ទេសន្តរ​ប្រវេសន៍​អាចបញ្ជាក់បានអំពីការរំពឹងទុករបស់ពលករពីទីភ្នាក់ងារជ្រើសរើសឯកជន​ដែលទាក់​ទងទៅ​នឹងបទពិសោធន៍ទេសន្តរប្រវេសន៍ការងាររបស់ពួកគេ។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​បាននាំកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សម្រេចបាននូវ​កំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយ ក្នុងមួយឆ្នាំ កំណើនវិនិយោគិនទុន និងពាណិជ្ជកម្ម បាន​បង្កើតនូវការងារក្នុងស្រុកជូនប្រជាពលរដ្ឋប្រមាណជិត១០លាននាក់។ ទន្ទឹមនេះ រាជរដ្ឋាភិ បាលក៏បានខិតខំបើកច្រកទីផ្សារការងារនៅបរទេសជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីផ្តល់​ឱកាស​ក៏ដូចជាជម្រើសជូនពួកគាត់ស្វែងរកការងារដែលពួកគាត់ពេញចិត្ត និងទទួលបានប្រាក់ឈ្នួល​ខ្ពស់ ហើយថែមទាំងបានដាក់ចេញនិងអនុវត្តន៍នូវគោលនយោបាយ និងយន្តការគាំពារ​ពលករទេសន្តរប្រវេសន៍ប្រកបដោយជោគជ័យ។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៏បាន​ផ្តោត​ការ​​យក​ចិត្ត​ទុកដាក់ខ្ពស់បំផុត ក្នុងការគាំពារ ការការពារសិទ្ធ និងផលប្រយោជន៍ពលករ​ខ្មែរ​​យើងនៅបរទេស តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេសទទួល និង​ការ​ពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានាដោយប្រើប្រាស់គោលការណ៍ យន្តការ និងនីតិវិធី​នានាផងដែរ។

លោកស្រី Anna Engblom តំណាងជាន់ខ្ពស់របស់អង្គការអន្ដរជាតិខាងការងារ(ILO)​បានលើកឡើងថា ការដាក់ឱ្យផ្សព្វផ្សាយក្រមសីលធម៌សម្រាប់​ទីភ្នាក់ងារជ្រើសរើសឯកជន​នៅកម្ពុជានេះ គឺបានផ្ដល់នូវផលប្រយោជន៍ ដែលនឹងទទួលបាន ដល់ប្រទេសដែល​បញ្ជូនទៅ​ផង និងប្រទេសដែលជាគោលដៅទទួលផង។ លោកស្រីបានបន្ដថា ប្រទេសបញ្ជូននោះ​ដូចជា​ប្រទេសកម្ពុជា វាអាចកាត់បន្ថយភាពក្រីក្រ  ចំណែកប្រទេសគោលដៅវិញអាចជួយ​ដល់​សកម្មភាពសេដ្ឋកិច្ច ផ្ទុយទៅវិញប្រទេសគោលដៅមិនអាចរីកចម្រើនបានឡើយបើសិន​គ្មានការបញ្ជូនពលករទៅ។ 

ចំណែកឯកឧត្ដម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឱ្យដឹងដែរ​ថា ការដាក់ឱ្យប្រើប្រាស់ក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា គឺពិតជា​មានសារៈសំខាន់ណាស់ ហើយប្រទេសអូស្ត្រាលី និងបណ្ដាប្រទេស ជាសមាជិកអាស៊ាន​បានខិតខំលុបបំបាត់ពលករទេសន្តប្រវេសន៍ ដូចជាការយកថ្លៃហួសហេតុ ការយកជំនួស​កិច្ចសន្យា ពលកម្មដោយបង្ខំ និងការជួញដូរមនុស្សជាដើម។ ឯកឧត្ដមឯកអគ្គរាជទូត​សង្ឃឹមថា ពលករទេសន្តប្រវេសន៍អាចមានឱកាសចូលរួមនូវកម្លាំងពលកម្ម ប្រកបដោយ​អត្ថន័យ និងអាចផ្លាស់ទីដោយសេរីក្នុងតំបន់នេះ  ដើម្បីច្បាម យកឱកាសការងារនៅពេល​មានការ​គ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនេះពលករទេសន្តប្រវេសន៍ក៏អាចចូលរួម​ចំណែកក្នុងការអភិវឌ្ឍប្រទេស និងក្រុមគ្រួសារផងដែរ។ ឯកឧត្ដមឯកអគ្គរាជទូតបានបន្ថែម ថា “អូស្ត្រាលីសង្ឃឹមថាក្រមសីលធម៌នេះគឺជាឧបករណ៍ធានាយ៉ាងណាឱ្យទីភ្នាក់ងារ​ជ្រើស​រើស​ពលករអនុវត្តន៍ឱ្យបានត្រឹមត្រូវ ទៅតាមការចាំបាច់ និងលើកកម្ពស់ សិទ្ធិពលករទេសន្ត​ប្រវេសន៍ លើសពីនេះទៀត វាក៏ជាឧបករណ៍ដ៏មានអនុភាពដល់ពលករ ដើម្បីដឹងពីអ្វីដែល​ពួកគេអាចទទួលបានពីទីភ្នាក់ងារជ្រើសរើសពលករផងដែរ”៕

ដោយ ប៊ុនរិទ្ធ