ឯកអគ្គរដ្ឋទូតស្វ៊ីសបញ្ជាក់ថា រដ្ឋាភិបាលស្វ៊ីសនឹងបន្តផ្តល់ហិរញ្ញប្ប​ទាន​ឥត​សំណ​ង ដ​ល់រា​ជរដ្ឋា​ភិ​​បាល និងប្រជាជនកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ — ​លោ​ក​ជំ​ទាវ  Helene Budliger Artieda  ឯកអ​គ្គ​រ​ដ្ឋទូត​នៃប្រទេ​សស្វ៊ីសប្រ​ចាំព្រះ​រា​​ជា​ណា​​ចក្រកម្ពុជា ដែ​ល​មាននិវេសនដ្ឋាននៅ​ទីក្រុង​បាង​កក​បា​ន​​​​បញ្ជាក់ថា រដ្ឋាភិបាលស្វ៊ីស នឹងបន្តផ្តល់ ហិ​រញ្ញ​ប្ប​ទានឥតសំណងដល់រាជរដ្ឋាភិបាល និងប្រ​ជា​​ជនកម្ពុជា ជាពិសេសលើការបណ្តុះ​បណ្តាលបច្ចេកទេស ជំនាញវិជ្ជាជីវៈ កសិកម្ម ស​ន្តិ​សុ​ខស្បៀង និងការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅទីស្តី​ការ​ក្រ​សួ​ង​សេ​ដ្ឋ​កិ​ច្ច​ និងហិរញ្ញវត្ថុ លោកជំទាវឯកអគ្គរដ្ឋទូត បានវា​យតម្លៃ​ខ្ពស់ និងអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​ស​​ម្រេច​បា​នកំណើនសេដ្ឋកិច្ចខ្ពស់ និងការលូតលាស់លើគ្រប់វិស័យនៅក្នុងរយៈពេលជាច្រើន​ឆ្នាំក​ន្ល​ង​ម​ក​នេះ។

លោកជំទាវ ឯកអគ្គរដ្ឋទូត បានឱ្យដឹងទៀតថា ដោយមើលឃើញពីសក្តានុ​ពលនៃ​សេដ្ឋ​កិ​ច្ច​ក​ម្ពុជា សភាពាណិជ្ជកម្មស្វ៊ីសដែលមានមូលដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ មានបំណងមក​បំ​ពេ​​ញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូច​ជា​ស្វែងរកកាលានុវត្តភាពក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា។ ​​បច្ចុប្បន្ន ទីភ្នាក់ងារស្វ៊ីសសម្រា​ប់​កា​រអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) កំពុងពិ​និ​ត្យ​​​លទ្ធភាព​អនុ​វត្ត​ន៍គម្រោ​ងអភិ​វឌ្ឍ​ន៍ជា​ច្រើ​ន​ទៀ​តនៅកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏​បា​ន​បំ​ពេ​ញ​ទ​ស្ស​នកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផា និង​ជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំ គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យ និងអ្នកជំងឺនៅទីនោះ លោកជំ​ទាវ​ឯ​ក​អគ្គរដ្ឋទូតស្វ៊ីស មានសេចក្តីសោមនស្សរីករាយ ដោយបានឃើញស្ថានភាពជាក់ស្តែង នៃកា​រ​ផ្ត​ល់​សេវារបស់មន្ទីរពេទ្យគន្ធបុប្ផាមានភាពល្អប្រសើរ។ លោកជំទាវឯកអគ្គរដ្ឋទូតស្វ៊ីស មានសេ​ច​ក្តី​រីករាយ ដោយបានឃើញការខិតខំជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជួយមន្ទីរ​ពេ​​ទ្យគ​ន្ធ​បុ​ប្ផា​ឱ្យមន្ទីរពេទ្យនៅបន្ត រក្សាបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និ​ង​ដោ​យ​ឥ​ត​គិតថ្លៃ ដូចកាលពីស្ថិតក្រោមការដឹកនាំរបស់លោក វេជ្ជបណ្ឌិត Beat Richner ដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបលោកជំទាវ ឯកអគ្គ​រដ្ឋទូតស្វ៊ីសថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួង-ស្ថាប័ននានា នៃរាជរ​ដ្ឋា​ភិ​បាលកម្ពុជា ស្វាគមន៍ចំពោះការមកបំពេញទស្សនកិច្ច នៅកម្ពុជារបស់គណៈ​ប្រតិ​ភូ​ស​ភា​ពា​ណិ​ជ្ជ​ក​ម្មស្វ៊ីស។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកផ្នែកឯកជន គឺជាក្បាល ម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជា​ដៃ​​គូក្នុងការអភិវឌ្ឍ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការ កែ​ទម្រ​ង់​មុ​ត​ស្រួ​ច​ជា​កញ្ចប់ សំដៅកែលម្អបរិស្ថានវិនិយោគ ធ្វើពិពិធកម្មកម្មសេដ្ឋកិច្ច និងពង្រឹងភាពប្រកួតប្រជែង របស់កម្ពុជា ដើម្បីទាក់ទាញនូវការវិនិយោគ ។

ពាក់ព័ន្ធនឹងមន្ទីរពេទ្យគន្ធបុប្ផា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​គូ​ស​​បញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ច​ក្រ​មកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ​រ៉ានី ហ៊ុនសែន ដែលជាប្រធាន​កិត្តិ​យ​ស​មូ​ល​និ​ធិ​គ​ន្ធ​បុ​ប្ផា​កម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើមន្ទីរពេទ្យគន្ធបុប្ផា ដោយបាន​ផ្តល់វិ​ភាគ​ទាន​ថ​វិ​កា​រដ្ឋ ថវិកាផ្ទាល់ខ្លួន និងកៀរគរថវិកាពីសប្បុរសជនសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យនេះ សំដៅ​ឱ្យ​ម​ន្ទីរពេទ្យបន្តផ្តល់សេវាសុខាភិបាលជូនកុមារកម្ពុជា ប្រកបដោយគុណភាព និងដោ​យឥ​តគិ​តថ្លៃ​ស​ម្រា​ប់​រយៈវែងតទៅមុខទៀត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនស្វ៊ីស ដែលបាននិ​ងបន្តជួយឧប​ត្ថម្ភគាំ​ទ្រដ​ល់រា​ជ​រ​ដ្ឋា​ភិបាល និងប្រជាជនកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរឱ្យ​លោ​កជំទាវ Helene Budliger Artieda បំពេញបេស​កកម្ម​ការ​ទូត​នៅព្រះ​រាជា​ណាច​ក្រ​ក​ម្ពុ​ជា​ប្រ​កបដោយជោគជ័យ៕

ដោយ គង់ សិរីរ័ត្ន