រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ គឺជាវេទិកាដ៏មានសារៈសំខាន់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ — លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់ទុក សន្និបាតបូកសរុកការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៩ និងទិសដៅការងារនាឆ្នាំ២០២០ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ធ្វើការពិភាក្សា និងរិះរកឱ្យឃើញនូវបញ្ហាប្រឈម ផ្សេងៗ ដើម្បីមានមូលដ្ឋានច្បាស់លាស់ ក្នុងការកំណត់ទិសដៅការងារនាឆ្នាំបន្ទាប់ឱ្យកាន់ តែប្រសើរ និងឈានទៅសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកវិស័យវប្បធម៌ និងវិចិត្រសិល្បៈ មានតួនាទីសំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។

នៅក្នុងឱកាសបើកសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នាព្រឹកថ្ងៃទី២៩ ខែមករានេះ នៅសាលសន្និសីទចតុម្មុខ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរម្លឹក​ដល់សមាជិក សមាជិកា អង្គសន្និបាតថា ចំពោះការរៀប​ចំផែនការសកម្មភាពការងារត្រូវផ្អែក ទៅលើគោល នយោបាយជាតិស្តីពី វិស័យវប្បធម៌ ដែលជាឯកសារគោលមួយដ៏មានសារៈសំខាន់សម្រាប់ តម្រង់ទិសការងារ និងត្រូវពិនិត្យលើផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានស្នើដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងដែលបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ របស់សម្តេចអគ្គមហាសេ​នាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីសម្រេចនូវការងារនេះ ក្រសួងបានកំណត់នូវផែនការយុទ្ធសាស្ត្រជាអាទិភាពចំនួន៣គឺ៖ ទី១-ការអភិរក្សបេតិកភណ្ឌ វប្បធម៌ជាតិ ដោយបានដាក់ចេញនូវផែនការអាទិភាពចំនួនប្រាំបី។ ទី២-ការលើកស្ទួយ វប្បធម៌ជាតិ ដោយបានដាក់ចេញនូវផែនការអាទិភាពចំនួនប្រាំបី និងទី៣-ការអភិវឌ្ឍវប្បធម៌ ដោយបានដាក់ចេញនូវផែនការអាទិភាពចំនួនប្រាំពីរ។

ជាមួយគ្នានេះផងដែរ ដើម្បីពង្រឹង និងពង្រីកសេវាគាំទ្រទូទៅឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្រសួងនឹងបន្តការអនុវត្តការងារដោយអនុលោមតាមកំណែទម្រង់ស្នូល ទាំងបីរបស់រាជរដ្ឋាភិបាលរួមមាន៖ ការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ។

លោកជំទាវរដ្ឋមន្ត្រីសង្ឃឹមថា តាមរយៈសន្និបាតនេះ នឹងផ្តល់ឱកាសគ្រប់គ្រាន់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអ្នកពាក់ព័ន្ធពិនិត្យ ពិភាក្សា និងវាយតម្លៃលើលទ្ធផលការងារ និងស្វែងរកជម្រើសដ៏ប្រសើរ ក្នុងការកំណត់ទិស ដៅការងារសម្រាប់ឆ្នាំ២០២០ ក៏ដូចជាបណ្តាឆ្នាំខាងមុខទៀត។

តាមរបាយការណ៍បូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈប្រចាំ ឆ្នាំ២០១៩របស់ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា ដោយមានការសហការយ៉ាងល្អពីដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន ក្រសួងបានសម្រេចនូវលទ្ធផលការងារល្អគួរជាទីមោទនៈ ជារួមក្នុងឆ្នាំ២០១៩កន្លងមកនេះ សម្រេចបាន៩៧ភាគរយ និងលទ្ធផលគោលដៅចុងក្រោយដែលសម្រេចបាន ៦៨ភាគរយ។ ក្នុងនោះអង្គភាពថ្នាក់កណ្តាលសម្រេចបាន ៩៩ភាគរយ និងគោលដៅលទ្ធផលចុងក្រោយ សម្រេចបាន៨០ភាគរយ និងមន្ទីររាជធានី-ខេត្ត លទ្ធផលក្នុងឆ្នាំសម្រេចបាន ៩៥ភាគរយ និងលទ្ធផលគោលដៅចុងក្រោយដែលសម្រេចបាន ៥៦ភាគរយ៕

ដោយ ប៉ាល់ សុង