កម្ពុជា-ម៉ុងហ្គោលី ឯកភាពពិភាក្សាលើការតភ្ជាប់ជើងហោះហើរត្រង់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ — កម្ពុជា-ម៉ុងហ្គោលី បានឯកភាពគ្នាពិភាក្សាលើលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាង រាជធានីភ្នំពេញ និងរដ្ឋធានីអ៊ូឡង់បាទ័រ (Ulaanbaatar) ព្រមទាំងប្ដេជ្ញាពង្រឹងកិច្ចសហ ប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាកាន់តែខ្លាំងឡើង ដើម្បីជំរុញលំហូរទេសចររវាង ប្រទេសទាំងពីរទៅវិញទៅមក។

ការឯកភាពគ្នានេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ជាមួយឯកឧត្តម ស៊ែរ៉ែនបាត ណាមរ៉ាយ (Tserenbat Namsrai) រដ្ឋមន្រ្តីបរិស្ថាន និងទេសចរណ៍ម៉ុងហ្គោលី នៅទីស្ដីការក្រសួងទេសចរណ៍កាលពីល្ងាច ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានរម្លឹកអំពីចំណងការទូត រវាងប្រទេស ទាំងពីរ ជាពិសេសការគាំទ្ររបស់ម៉ុងហ្គោលីដល់កម្ពុជា ក្នុងដំណាក់កាលកសាងជាតិដ៏ លំបាក បន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីការបន្តអភិវឌ្ឍវិស័យទេសចរណ៍តាមគោលការណ៍ ចីរភាពរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ស្រប តាមគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០ ក្រោមយន្តការការងារ អន្តរ ក្រសួង ដែលនឹងចូលរួមដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ក៏ដូចជាចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីម៉ុងហ្គោលី ក៏បានកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា ជាពិសេសការរីកចម្រើនឥតឈប់នៃវិស័យទេសចរណ៍ និងបានគាំទ្រឱ្យមានកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍។ ភាគីទាំងពីរបានឯកភាព លើការរៀបចំឱ្យមានអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍នៃប្រទេសទាំងពីរដោយផ្ដោតលើ៖ ១. ជំរុញការចែករំលែកបទពិសោធន៍ និងអភិវឌ្ឍន៍រួមគ្នាលើទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា។ល។

២. ផ្លាស់ប្តូរដំណើរទស្សនកិច្ចឈ្វេងយល់ និងទស្សនកិច្ចផ្លូវការដល់ផ្នែកឯកជនប្រព័ន្ធផ្សព្វ ផ្សាយ និងមន្រ្តីទេសចរណ៍ជាតិ ដើម្បីជំរុញការយល់ដឹងពីវប្បធម៌ និងគោលដៅទេសចរណ៍ រវាងប្រទេសទាំងពីរ។ ៣. ពិភាក្សាលើលទ្ធភាពឱ្យ មានការហោះហើរត្រង់ រវាងប្រទេស ទាំងពីរ។ ៤. ជំរុញការគាំទ្រគ្នាលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដោយជំរុញផ្នែកឯកជន និងសាធារណៈចូលរួមព្រឹត្តិការណ៍ទេសចរណ៍ ដែលរៀបចំដោយប្រទេសនីមួយៗ។

សូមរម្លឹកថា កម្ពុជា និងម៉ុងហ្គោលី បានបង្កើតទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៦០ ហើយបន្ទាប់ពីកម្ពុជាបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹត ប្រទេសទាំងពីរបានបង្កើត ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៧៩ ដោយបានជួយគាំទ្រគ្នាទៅវិញទៅមកលើឆាក អន្តរជាតិ៕

ដោយ ម៉ៅ ចរិយា