រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលើកឡើងថា ការប៉ុនប៉ងចង់ឱ្យកម្ពុជាបាត់បង់EBA គឺដើម្បីផល​ប្រយោជន៍ក្រុម និងបក្សពួកប្រឆាំងតែប៉ុណ្ណោះ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ការប៉ុនប៉ងព្យាយាមឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធដែលហៅថា EBA នោះ គឺជាការធ្វើ​ឡើងដើម្បីតែផលប្រយោជន៍ក្រុម និងបក្សពួកប្រឆាំងតែប៉ុណ្ណោះ។ សម្តេច ចាត់ទុកសកម្ម​ភាពនេះថាមិនមែនដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជនកម្ពុជានោះទេ ។

ក្នុងពិធី​ប្រគល់​រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០​ ​នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានសង្កត់​ធ្ងន់ថា ការប៉ុន​ប៉ងដើម្បីបំផ្លាញសុខសន្តិភាព និងការព្យាយាមឱ្យកម្ពុជាបាត់បង់ប្រព័ន្ធ​អនុ​គ្រោះពន្ធនោះ គឺជាសកម្មភាពដែលផ្ទុយពីផលប្រយោជន៍ប្រជាពលរដ្ឋ។ សម្តេចក្រឡាហោម ជឿថា សកម្មភាពដែលក្រុមពួកប្រឆាំងកំពុងតែដាក់ចេញនោះ គឺវាមិនអាចសម្រេចបាន​នោះ​ទេដោយសារតែពលរដ្ឋកម្ពុជាមិនចង់ឃើញប្រទេសត្រឡប់ទៅកាលពី​អតីតកាលមាន​សង្រ្គាម​បង្ហូរឈាមកាប់សម្លាប់គ្នាទម្រាំតែយើងខិតខំប្រឹងប្រែងស្តារឡើងវិញ រហូតមកដល់ពេល បច្ចុប្បន្ននេះ។

សម្ដេចក្រឡាហោមបន្ដថា ជាក់ស្តែងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធនេះក៏ដូចគ្នាដែរ នោះគឺ​ជា​ការប៉ុនប៉ងរបស់អ្នកនយោបាយដែលយើងចាត់ទុកថាអគតិមិន​បានគិតពីផលប្រយោជន៍​ប្រជា​ជនជាធំដោយធ្វើសកម្មភាពដើរបំផុសបំផុលចលនាខាងក្រៅក៏ដូចជាខាងក្នុងមួយចំនួន ដើម្បីធ្វើយ៉ាងណារាំងខ្ទប់បញ្ហានេះ។ សម្តេចក្រឡាហោមបានចាត់ទុកសកម្មភាពខាងលើនេះ គឺមិនមែនដើម្បី​បម្រើផលប្រយោជន៍ជាតិនោះទេ គឺដើម្បីបម្រើផលប្រយោជន៍ក្រុម និងបុគ្គល​តែប៉ុណ្ណោះ។ សម្តេចក្រសឡាហោមបន្ថែមថា ទោះបីជាយ៉ាងណាក៏កម្ពុជាបន្តខិតខំប្រឹងប្រែង​ដើម្បីធ្វើយ៉ាងណា​កម្ពុជា​បន្ត​អភិវឌ្ឍន៍ សុខសន្តិភាព និងស្ថិរភាព ដែលនេះគឺជារឿងសំខាន់ ។

សូមរម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ គណៈកម្មការសហភាពអឺរ៉ុប​ប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការ ដែលអាចនឹងឈានទៅដល់ការព្យួរជាបណ្តោះ​អាសន្ន​នូវ​ឋានៈអនុ​គ្រោះពន្ធ EBA ពីប្រទេសកម្ពុជាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស លទ្ធិ​ប្រជាធិប​តេយ្យ ជាពិសេសគឺក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ ក្រុមបក្ស​ប្រឆាំង​ ដែលមានទណ្ឌិត សម រង្ស៊ី នៅពីក្រោយសកម្មភាពនេះបានព្យាយាម​យកបញ្ហានេះ មកដាក់សម្ពាធមកដល់រាជរដ្ឋាភិបាលកម្ពុជា ខណៈរាជរដ្ឋាភិបាលបានប្រកាសជំហររឹងមាំ ដោយគោរព គោលការណ៍អធិបតេយ្យភាពដោយមិនអនុញ្ញាតឱ្យបរទេសជ្រៀតជ្រែក​ចូល​កិច្ចការផ្ទៃក្នុងរបស់កម្ពុជាបាននោះទេ៕

ដោយ ចាន់ សុធី​វង្ស