ភ្ញៀវទេសចរ មកលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានការកើនឡើង 

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ — លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរ ណ៍ខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម  រយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៤ដល់២៦ ខែមករា ឆ្នាំ២០២០កន្លងមកនេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចំនួន ៨៧.៧៦៥នាក់ កើនឡើង ២៤.៥២ភាគរយ បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០១៩ ដែលមានភ្ញៀវទេសចរចំនួន ៧០.៤៨០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៧៤.៤៩៥នាក់ កើនឡើង ,៧.១៧ភាគរយ (ឆ្នាំ២០១៩ មាន ៤៤.៥៦០នាក់) ភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៣.២៧០នាក់ ថយចុះ ៤៨,៨០ភាគរយ (ឆ្នាំ២០១៩ មាន ២៥.៩២០នាក់) ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងបន្តថា ភ្ញៀវទេសចរចូលតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ មានចំនួន ៤១ជើងហោះហើរ ថយចុះ ២២ជើង (ឆ្នាំ២០១៩ មាន ៦៣ជើង) ដែលមានភ្ញៀវទេសចរសរុប ២.៩០៧នាក់ ថយចុះ ៥៣,៨៥ភាគរយ (ឆ្នាំ២០១៩ មាន ៦.៣០០នាក់) ។ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៣៥នាក់ ថយចុះ ៣៧,១៧ភាគរយ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២.៧៧២នាក់ ថយចុះ ៥៤,៤៤ភាគរយ  ។ ដោយឡែកភ្ញៀវទេសចរទៅលេងកម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ មានចំនួន ៧.៧៤១នាក់ កើនឡើង ៣,៤០ភាគរយ (ឆ្នាំ២០១៩មាន ៧.៤៨៦នាក់) ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៤.៣០០នាក់ កើនឡើង ៧៣,១៧ភាគរយ ( ឆ្នាំ២០១៩ មាន ២.៤៨៣នាក់) និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣.៤៤១នាក់ ថយចុះ ៣១,២២ភាគរយ ( ឆ្នាំ២០១៩ មាន ៥.០០៣នាក់) ។

លោក តាំង សុចិត្តគ្រឹស្នា បានបន្តថា ភ្ញៀវទេសចរមកលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានចំនួន ១០.៦៥៤នាក់ កើនឡើង ៦០,០១ភាគរយ ក្នុងនោះភ្ញៀវទេស ចរជាតិមានចំនួន ១០.៤០២នាក់ កើនឡើង ៦៧,២៣ភាគរយ និងភ្ញៀវទេសចរអន្តរជាតិ ២៥២នាក់ ថយចុះ ៤២,៤៦ភាគរយ ។ ភ្ញៀវទេសចរមកលេងកម្សាន្តតាមបណ្តាឆ្នេរនានាក្នុងខេត្តព្រះសីហនុមានចំនួន ៥០.៧៤៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៤៩.១១៤នាក់ និងអន្តរជាតិ ១.៦៣២នាក់ ។ ទន្ទឹមនឹងការកើនឡើងភ្ញៀវទេសចរ មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពជូនដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរកម្សាន្តតាមទូក អូប័រ ទៅលេងកម្សាន្តតាមកោះ ត្រូវពាក់អាវពោងសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ៕

ដោយ ងូ សុមុនី