ឯកឧត្តម ម៉ម ប៊ុនហេង ផ្សព្វផ្សាយវិធានការណ៍បង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មី

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០​​ — ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញផ្សព្វផ្សាយវិធានការណ៍បង្ការការចម្លងវីរុស កូរ៉ូណា ប្រភេទថ្មី បន្ទាប់ពីបានរកឃើញជនជាតិចិន ម្នាក់ដែលមានអាយុ ៦០ឆ្នាំ មានឆ្លងវីរុស ការ៉ូណា ប្រភេទថ្មី នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

បុរសជនជាតិចិន អាយុ៦០ឆ្នាំ ដែលមន្ត្រីសុខាភិបាលយើងរកឃើញថា គាត់មាន ផ្ទុកវីរុស ការ៉ូណា កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បច្ចុប្បន្ន ក្រុមគ្រូពេទ្យ យក គាត់មកព្យាបាល ត្រួតពិនិត្យ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យតាម ដានសភាពការវិវត្ត នៃជំងឺរបស់គាត់ មកទល់ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ អ្នកជំងឺ មានសភាពធម្មតា មិនមានអ្វីដែលមានការភ័យព្រួយនោះទេ គាត់មានសុខភាពធម្មតា។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុន ហេង ក៏បានធ្វើការសំណេះសំណាល ជាមួយមន្ត្រី រាជការក្នុងខេត្តព្រះសីហនុ និងផ្សព្វផ្សាយវិធានការណ៍បង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មី ដែលមាន១១ចំណុចដូចជា៖  ទី១.ចៀសវាងធ្វើដំណើរ ឬផ្អាកប្រសិនមានគ្រុនក្តៅ និងក្អក។ ២.ប្រសិនមានគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ និងប្រាប់ ពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកដល់គ្រូពេទ្យ។ ៣.ចៀសវាងការប៉ះពាល់ជាមួយអ្នកដែល មានគ្រុនក្តៅ និងក្អក។ ៤.លាងដៃឱ្យ បានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាកុល ហ្សែល និងចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។ ៥.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះអ្នក ដោយប្រើកែងដៃ ឬក្រដាស រួចបោះ ចោលក្នុងធុងសំរាមភ្លាម និងលាងដៃរបស់អ្នក។ ៦.ប្រសិនអ្នកពាក់ម៉ាស់ ត្រូវប្រាកដថា ពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែចៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្រៅ នៅពេល កំពុងពាក់នឹងពេលដោះ។ ៧.ត្រូវដោះ ចោលភ្លាម នូវម៉ាស់ដែលបានប្រើរួច និងលាងដៃឱ្យស្អាតបន្ទាប់ពីដោះម៉ាស់។ ៨.បើសិនអ្នក ចាប់ផ្ដើមឈឺ ពេលកំពុងធ្វើដំណើរត្រូវ ប្រាប់អ្នកបម្រើលើយន្តហោះ និង ស្វែងរកការព្យា បាលឱ្យបានឆាប់និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់ក្រុមគ្រូពេទ្យ។ ៩.បរិភោគតែ អាហារណាដែលឆ្អិនល្អ។ ១០.មិនត្រូវខាកស្ដោះនៅទីផ្សារសាធារណៈ។ ១១.ចៀសវាង ការប៉ះពាល់ និងធ្វើដំណើរជាមួយសត្វដែលឈឺ។ វិធានការទាំងនេះ ជួយឱ្យយើងចាកផុត ពីការឆ្លងវីរុស ការ៉ូណា បានដោយជោគជ័យ។

ឯកឧត្តម ម៉ម ប៊ុនហេង បានបន្តថា រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលបាន យកចិត្តទុកដាក់ និងបំពាក់ម៉ាស៊ីនវាស់កំដៅ នៅតាមព្រលានយន្តហោះអន្តរជាតិ និងច្រក អន្តរជាតិមួយចំនួនទៀត ព្រមទាំងបំពាក់បរិក្ខារ និងរថយន្តសង្គ្រោះនៅតាមចំណុចគោលដៅ ថ្វីត្បិតតែកម្ពុជាមិនទាន់មានឧបករណ៍ទំនើប ក៏ប៉ុន្តែយើងបានបំពេញការងារដោយការ ទទួលខុសត្រូវខ្ពស់ក្នុងការទប់ស្កាត់ការរីករាល នៃជំងឺផ្លូវដង្ហើមប្រភេទថ្មី ការ៉ូណា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ចំពោះករណី បុរសជនជាតិចិន ដែលមានអាយុ ៦០ឆ្នាំម្នាក់ ដែលជាភ្ញៀវទេសចរមកកម្សាន្តខេត្តព្រះសីហនុ ក្នុងចំណោមគ្នា៤នាក់ មានម្នាក់រកឃើញថា មានវីរុស ការ៉ូណា កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងមក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់ត្រួតពិនិត្យតាមដានពីក្រុមគ្រូពេទ្យ ដើម្បីរកការវិវត្តជំងឺ ការ៉ូណាបន្តទៀត ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារទី២៨ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល  និងឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទៅ សួរសុខទុកអ្នកជំងឺជនជាតិចិន ដែលឆ្លងវីរុស ការ៉ូណា នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ អ្នក ជំងឺមានសុខភាពធម្មតា៕

ដោយ ងូ សុមុនី